លោក​ Trump និង​លោក Biden​ ​ធ្វើ​យុទ្ធនាការ​​ក្នុង​រដ្ឋ​ Florida នៅ​ថ្ងៃ​ព្រហស្បតិ៍

រូបផ្គុំ៖ ប្រធានធិបតី​អាមេរិក​លោក Donald Trump និងបេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅចុងខែកញ្ញា ឆ្នាំ២០២០។

ដោយ​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នោះ​ បេក្ខជន​ទាំង​ពីរ កំពុង​ផ្តោត​លើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោតរបស់​ខ្លួន​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​រដ្ឋ Florida ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​រាល់ការ​បោះឆ្នោត ចាប់តាំង​ពី​ឆ្នាំ ​១៩៩៦ មក​បេក្ខជនដែល​ឈ្នះរដ្ឋ Florida​ តែង​តែ​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។​ បេក្ខជន​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ​នេះ​ទទួល​បាន​សំឡេង​អង្គបោះឆ្នោត​ ២៩ នៃ​អង្គបោះ​ឆ្នោតសរុប​ ២៧០ ​ដែលពួក​គេ​ត្រូវ​ប្រមូល​បាន ដើម្បី​អាច​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

ប្រធានធិបតី​អាមេរិក​លោក Donald Trump ចាប់​ផ្តើម​ធ្វើយុទ្ធនាការ​របស់​លោក​ជាមួយ​នឹង​ការ​ជួប​ក្រុម​អ្នក​គាំទ្រ​ក្នុង​ទីក្រុង Tampa មុន​ពេល​លោក​ចាក​ចេញ​ទៅ​កាន់​រដ្ឋ North Carolina ដើម្បី​ជួប​អ្នក​គាំទ្រ​នៅ​ទី​នោះ​ នៅ​ល្ងាច​ថ្ងៃ​ព្រហត្បតិ៍​ដែរ។​

ចំណែក​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden វិញ កំពុង​ត្រៀមខ្លួន​ជួប​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ស្រុក​ Broward នៅពេល​រសៀល​ ហើយ​បន្ទាប់​មក​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង Tampa នៅ​ពេល​ល្ងាច ​ដើម្បី​ជួប​អ្នក​គាំទ្រ​របស់​លោក​នៅ​ទីនោះ។

ការ​ស្ទង់​មតិ​មួយបង្ហាញ​ថា លោក​ត្រាំនៅ​ពេល​នេះ​មាន​ប្រជាប្រិយភាព​ចាញ់​លោក Biden ក្នុង​រដ្ឋ Michigan, Pennsylvania និង​រដ្ឋ​ Wisconsin ប៉ុន្តែបេក្ខជន​ទាំង​ពីរមាន​ការគាំទ្រ​ប្រហាក់​ប្រហែល​គ្នា​ក្នុង​រដ្ឋ Florida និង​រដ្ឋ North Carolina៕