ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាល​ពី​ថ្ងៃ​អង្គារ លោក Trump និង​លោក Biden ប្រឹង​បន្ត​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង


ក្រុម​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គ្រវី​ទង់ជាតិ​នៅ​សារមន្ទីរ Perez Art Museum ក្រុង Miami រដ្ឋ Florida ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ក្រុម​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គ្រវី​ទង់ជាតិ​នៅ​សារមន្ទីរ Perez Art Museum ក្រុង Miami រដ្ឋ Florida ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ដោយ​នៅ​សល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​ដំណើរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ទៅ​កាន់​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដើម្បី​បង្កើន​ការ​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

គម្រោង​ធ្វើ​ដំណើរ​របស់​បេក្ខជន​ទាំង​ពីរ​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​នៃ​ការ​ប្រកួត​ប្រជែង ដោយ​ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំមុខ​លោក Trump ពី ៧% ទៅ ៩% នៅ​ទូទាំង​ប្រទេស និង​ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​នេះ​នៅ​តាម​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​ជា​រដ្ឋ​ទំនងជា​អាច​កំណត់​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​មូល​បាន។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ Michigan រដ្ឋ Wisconsin និង​រដ្ឋ Nebraska ដែល​លោក​បាន​ឈ្នះ​នៅ​ក្នុង​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​លើ​អ្នកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ ២០១៦។ រដ្ឋ​ទាំង ៣ នេះ ទំនងជា​ចាំបាច់​សម្រាប់​លោក Trump នៅ​ក្នុង​ការ​ឈ្នះ​ម្តង​ទៀត​ដើម្បី​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី ២ នេះ។

ក៏ប៉ុន្តែ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា លោក Trump ស្ថិតនៅ​ពី​ក្រោយ​លោក Biden នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Wisconsin ហើយ​ខណៈ​ដែល​លោក Trump នាំ​មុខ​នៅ​ក្នុង​រដ្ឋ Nebraska លោក​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈ្នះ​ឲ្យ​បាន​សំឡេង​ឆ្នោត​ប្រតិភូ​តែ​មួយ​រូប​គត់​តំណាង​ឲ្យ​មណ្ឌល​បោះឆ្នោត Omaha នៃ​រដ្ឋ Nabraska នេះ នៅ​ក្នុង​អង្គ​បោះឆ្នោត ដែល​អាច​ដើរ​តួនាទី​នៅ​ក្នុង​ការ​កំណត់​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សប្ដាហ៍​ក្រោយ​បាន។

ស្រប​ពេល​នោះ​ដែរ លោក Biden បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ២ កន្លែង នៅ​ក្នុង​រដ្ឋ Georgia ដែល​ជា​រដ្ឋ​មិន​បាន​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​តំណែង​ប្រធានាធិបតី​ចាប់តាំង​ពី​ឆ្នាំ ១៩៩២ មក។ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា លោក Biden និង​លោក Trump មាន​ការ​ប្រជែង​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ Georgia នេះ ដើម្បី​ឈ្នះ​ឲ្យ​បាន​នូវ​សំឡេង​ឆ្នោត​របស់​ប្រតិភូ​ចំនួន ១៦ រូប ដែល​តំណាង​ឲ្យ​រដ្ឋ​នេះ​នៅ​ក្នុង​អង្គ​បោះឆ្នោត។

ជា​ទូទៅ សំឡេង​ឆ្នោត​របស់​ប្រតិភូ​ទាំង​អស់​តំណាង​ឲ្យ​រដ្ឋ​ណា​មួយ​នៃ​អង្គ​បោះឆ្នោត បាន​ទៅ​លើ​បេក្ខជន​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ភាគ​ច្រើន​នៃ​សំឡេង​ឆ្នោត​សរុប​ដែល​ប្រជាពលរដ្ឋ​បាន​បោះ​នៅ​ក្នុង​រដ្ឋ​នោះ។

ទាំង​លោក Trump និង​លោក Biden ត្រូវ​ធ្វើ​យ៉ាងណា​ឈ្នះ​ឲ្យ​បាន​សំឡេង​ឆ្នោត​របស់​សមាជិក ២៧០ នាក់​ក្នុង​ចំណោម​សមាជិក​សរុប​ទាំង ៥៣៨ នាក់​នៃ​អង្គ​បោះឆ្នោត ដើម្បី​ឲ្យ​បាន​ក្លាយជា​ប្រធានាធិបតី៕

XS
SM
MD
LG