ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​នាំមុខ​នៅ​រដ្ឋ​សំខាន់ៗ​ដែល​ការស្ទង់​មតិ​ភាគ​ច្រើន​បង្ហាញ​ថា លោក​ស្ថិត​នៅ​ពី​ក្រោយ​លោក Biden


ប្រជាពលរដ្ឋ​ឈរ​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​មុនកំណត់​នៅឯ​ការិយាល័យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅក្នុង​ទីក្រុង Omaha រដ្ឋNebraska នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា តួលេខ​នៃ​ការ​ស្ទង់​មតិ​សម្រាប់​រូប​លោក​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន មាន​ភាព​ប្រសើរ​ជាង​អ្វី​ដែល​ការ​ស្ទង់​មតិ​ធំៗ​បាន​បង្ហាញ​កន្លង​មក ដែល​ថា លោក​ស្ថិត​នៅ​ពី​ក្រោយ​លោក Joe Biden គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ។

លោក Trump បាន​ថ្លែង​នៅឯ​សណ្ឋាគារ​របស់​លោក​នៅ​ក្នុង​ទីក្រុង Las Vegas មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ឃោសនា​បោះឆ្នោត​ចំនួន ២ កន្លែង​នៅ​ក្នុង​រដ្ឋ Arizona ថា៖ «តួលេខ​នៃ​ការ​ស្ទង់​មតិ​ល្អ​ណាស់។ អ្នក​មិន​បាន​ឃើញ​តួលេខ​នៃ​ការ​ស្ទង់​មតិ​ពិត​ប្រាកដ​ទេ»។

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​បង្ហាញ​ថា លោក Biden នាំមុខ​លោក Trump ចំនួន ៧% ឬ ៨% ក៏ប៉ុន្តែ​បាន​នាំមុខ​ប្រហែល​ចំនួន​ពាក់​កណ្តាល​នៃ​តួលេខ​នេះ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​រដ្ឋ​ទាំង​នោះ​ទំនងជា​នឹង​អាច​កំណត់​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «យើង​កំពុង​នាំមុខ​នៅ​តាម​បណ្តា​រដ្ឋ​ដែល​យើង​កំពុងតែ​និយាយ​នេះ​ស្ទើរតែ​ទាំងអស់»។ លោក​បាន​បន្ថែម​ថា លោក​មាន​ការ​គាំទ្រ «ប្រសើរ» នៅ​ក្នុង​រដ្ឋ Florida រដ្ឋ North Carolina និង​រដ្ឋ Pennsylvania និង​ថា លោក​ ក៏​កំពុង​នាំមុខ​ផងដែរ​នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Wisconsin។

បើ​តាម​មធ្យមភាគ​នៃ​ការ​ស្ទង់​មតិ​ធំៗ ដែល​ចងក្រង​ដោយ​អង្គការ Real Clear Politics លោក Trump ស្ថិត​នៅ​ក្រោយ​លោក Biden នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin ហើយ​បេក្ខជន​ទាំង​ពីរ​មាន​ការ​ប្រជែង​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ Florida និង​រដ្ឋ North Carolina៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG