កាសែត New York Times ថា លោក Trump ដឹង​អំពី​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ មុន​ពេលផ្តល់ជំនួយ​យោធា​ឡើង​វិញ​ដល់​អ៊ុយក្រែន

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ Florida កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដឹង​អំពី​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន មុន​ពេល​ដែល​លោក​បាន​សម្រេច​បញ្ចេញ​ជំនួយ​យោធា​ជិត ៤រយ លាន​ដុល្លារ ឡើង​វិញ​ដល់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​កាសែត New York Times កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

កាសែត​នេះ​បាន​យោង​តាម​ប្រភព​មនុស្ស​ពីរ​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ។ កាសែត​នេះ​បាន​រាយការណ៍​ថា មេធាវី​សេតវិមាន​បាន​ប្រាប់​លោក Trump អំពី​ពាក្យ​បណ្ដឹង​នោះ​កាល​ពី​ចុង​ខែ​សីហា នៅ​ពេល​ដែល​មេធាវី​ទាំង​នោះ​កំពុង​វិភាគ​ថា​តើ​ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​កាន់​សភា​ឬ​ក៏​យ៉ាង​ណា​នោះ។

រឿង​នេះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​អ្វី​ដែល​បាន​ក្លាយ​ជា​ការ​ផ្ដោត​នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង ដែល​ការ​ស៊ើប​អង្កេត​នេះ​ឥឡូវ​នេះ​កំពុង​តែ​ដំណើរការ​នៅ​ក្នុង​រដ្ឋសភា។ សមាជិក​រដ្ឋសភា​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​កាល​ពី​ចុង​ខែ​កញ្ញា និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ចាប់​តាំង​ពី​ពេល​នោះ​មក គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​បើក​សវនាការ​ទាំង​អសាធារណៈ និង​សាធារណៈ ដើម្បី​ស្ដាប់​សក្ខីកម្ម​របស់​មន្ត្រី​ការទូត និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ទាំង​បច្ចុប្បន្ន និង​កាល​ពី​មុន ក្នុង​គោល​បំណង​ដើម្បី​វាយ​តម្លៃ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក Trump បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ក្រោយ។

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា ដែល​នឹង​សម្រេច​ថា​តើ​ត្រូវ​បញ្ជូន​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ​ទៅ​កាន់​រដ្ឋសភា​ពេញ​អង្គ​ដើម្បី​ឲ្យ​បោះ​ឆ្នោត​នោះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​នឹង​បើក​សវនាការ​លើក​ដំបូង​នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ​ខាង​មុខ​នេះ និង​បាន​អញ្ជើញ​លោក Trump ឲ្យ​ចូលរួម​ផង​ដែរ៕