ប្រធានាធិបតី​​អាមេរិក​គំរាម​​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ដែល​អំពាវនាវ​ឲ្យ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​លោក​ចេញ​ពី​តំណែង

រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ​ កាលពី​ថ្ងៃ​អាទិត្យ​បាន​គំរាម​លោក​ Justin Amash សមាជិក​សភា​ថា «មាន​ទម្ងន់​ស្រាល​ពេក» ​បន្ទាប់​ពី​តំណាង​រាស្ត្រ​រដ្ឋ​មីឈីហ្គាន់​រូបនេះ ​បាន​ក្លាយ​ជា​អ្នក​សាធារណរដ្ឋ​លើក​ដំបូងអំពាវនាវ​ឲ្យ​ប្តឹង​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ត្រាំ​ទម្លាក់​ចេញ​ពី​តំណែង។

ប្រធានា​ធិបតី ​ត្រាំ ​បាន​និយាយ​ថា៖ «លោក​មិនមែន​ជា​អ្នក​គាំទ្រ​សមាជិក​តំណាង​រាស្ត្រ​ដែល​កាន់​តំណែង ​៥ អាណត្តិ និង​បាន​អះអាង​ថា ​លោកជំទាស់​ប្រឆាំង​ខ្ញុំ​ និង​គំនិតនិង​គោលនយោបាយដ៏​អស្ចារ្យ​ខ្លះ​របស់​គណបក្ស​សាធារណរដ្ឋ ដើម្បី​ធ្វើឲ្យ​ឈ្មោះ​របស់​លោក​ចេញ​ផុត​ពី​ភាព​ចម្រូង​ចម្រាស»។

ប្រធានាធិបតី ​ត្រាំ ​បាន​និយាយ​ទៀត​ថា លោក Amash ជា​អ្នក​ចាញ់​ដែល​បានស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ប្រឆាំង។

លោក​ Amash ​ដែល​បាន​បន្ទ​តាម​សមាជិកសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើន ​បាន​អះអាង​ថា ​ប្រធានា​ធិបតី​ ត្រាំ ​បាន​ទាក់​ទិន​នឹង​សកម្ម​ភាព​ដែល​អាច​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​បាន​ ចំពោះ​ការ​ប៉ុនប៉ង​រារាំង​ការ​ស៊ើបអង្កេត​រយៈ​ពេល​ ២២ ​ខែ​របស់​រដ្ឋ​អាជ្ញា​ពិសេស Robert Mueller នៅ​ក្នុងការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦។

សមាជិក​សភា​ខ្លះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភាតំណាង​រាស្ត្រ បាន​អំពាវ​នាវ​ឲ្យ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង ​ទោះ​បី​លោក​ស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រមិន​បាន​ផ្តល់​ការ​អនុញ្ញាត​ ដើម្បី​ចាប់​ផ្តើម​សវនា​ការ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ចេញ​ពី​តំណែង​ក៏ដោយ ​ខណៈ​ដែល​បើក​ចំហ​ទុក​លទ្ធ​ភាព​នៅពេល​ដែល​គណៈកម្មាធិការ​ជា​ច្រើន​របស់សភា​តំណាង​រាស្ត្រធ្វើ​ការ​ស៊ើបអង្កេត​ថ្មី​ពី​កិច្ចការ​ពាណិជ្ជកម្ម ​ពន្ធដារ​ ហើយ​និង​ការ​កាន់​អំណាច​ជាង​ ២ ​ឆ្នាំរបស់​លោក​នៅ​សេតវិមាន៕