ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានរិះគន់ក្រុមមន្ត្រីស៊ើបការសម្ងាត់របស់លោកដោយលោកបានហៅពួកគេថា «ជាមនុស្សអសកម្មនិងល្ងង់ខ្លៅចំពោះការសកម្មភាពគ្រោះថ្នាក់របស់ប្រទេសអ៊ីរ៉ង់ និងថា ពួកគេមានកំហុសឆ្គង»។
លោកបាននិយាយបន្ថែមថា ពួកស៊ើបការសម្ងាត់ទាំងអស់គួរត្រឡប់ទៅរៀនឡើងវិញ»។ ការបង្ហោះសាររិះគន់មិនធម្មតារបស់លោក Trumpនៅលើ Twitterប្រឆាំងនឹងពួកថ្នាក់ដឹកនាំទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេស បានធ្វើឡើងមួយថ្ងៃបន្ទាប់ ពីពួកគេខ្វែងគំនិតគ្នាអំពីបញ្ហាអ៊ីរ៉ង់ និងការធ្វើសក្ខីកម្មនៅមុខសមាជិកសភាអំពីបញ្ហាការគំរាមកំហែងនានានៅទូទាំងសកលលោក។
នាយកទីភ្នាក់ងារស៊ើបការសម្ងាត់ CIA លោកស្រី Gina Haspelបាននិយាយថាបើគិតតាមបច្ចេកទេស ប្រទេសអ៊ីរ៉ង់បានអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចនានា ដើម្បីកាត់បន្ថយការផលិតនុយក្លេអ៊ែររបស់ខ្លួន។
លោក Trump បានសរសេរថា ចាប់តាំងពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះមក ប្រទេសអ៊ីរ៉ង់បានផ្លាស់ប្តូរខ្លាំង ប៉ុន្តែអ៊ីរ៉ង់គឺជាប្រភពនៃគ្រោះថ្នាក់ និងជម្លោះ។ ពួកគេបាញ់សាកល្បងគ្រាប់រ៉ូកែតកាលពីសប្តាហ៍មុន និងកំពុងធ្វើបន្តទៀត។ សេដ្ឋកិច្ចរបស់ពួកគេកំពុងធ្លាក់ចុះ ដែលជាកត្តាតែមួយគត់ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការផលិតរបស់ពួកគេ។ យើងត្រូវប្រុងប្រយ័ត្នចំពោះប្រទេសអ៊ីរ៉ង់»។ លោក Dan Coatsនាយកស្ថាប័នស៊ើបការសម្ងាត់ជាតិបានថ្លែងថា សហរដ្ឋអាមេរិកប្រឈមនឹងភាពច្របូកច្របល់ដោយសារប្រទេសជាសត្រូវទាំងបួនគឺ រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់៕