ក្រុមមេធាវីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើតុលាការសហព័ន្ធឱ្យរារាំងទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) ជាបណ្ដោះអាសន្នកុំឱ្យពិនិត្យលើឯកសារដែលបានរកឃើញនៅឯភូមិគ្រឹះរបស់លោក Trump នៅរដ្ឋ Florida រហូតទាល់តែដល់ពេលដែលមន្ត្រីជំនាញពិសេសត្រូវបានតែងតាំងដើម្បីដកចេញនូវឯកសារណាដែលការពារដោយបុព្វសិទ្ធិរបស់ប្រធានាធិបតីក្នុងការមិនបញ្ចេញឯកសារសម្ងាត់ដល់តុលាការ។
អ្នកស៊ើបអង្កេតសហព័ន្ធកំពុងស៊ើបអង្កេតថាតើលោក Trump មានបានរក្សាទុកដោយខុសច្បាប់នូវឯកសារណាមួយ បន្ទាប់ពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីរបស់លោកកាលពីខែមករា ឆ្នាំ ២០២១ ដែរឬក៏អត់។
ទីភ្នាក់ងារ FBI បានរឹបអូសបណ្ដុំឯកសារសម្ងាត់ចំនួន ១១ ពីភូមិគ្រឹះ Mar-A-Lago របស់លោក Trump នៅរដ្ឋ Florida កាលពីដើមខែនេះ។ ក្នុងចំណោមឯកសារទាំងនោះ ឯកសារខ្លះមានដាក់ស្លាកថាជាឯកសារសម្ងាត់បំផុតរបស់ជាតិ ដែលអាចមើលបានតែនៅក្នុងអាគារពិសេសណាមួយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ប័ណ្ណសារដ្ឋានជាតិសហរដ្ឋអាមេរិកក៏បានដកហូតប្រអប់ឯកសារមួយចំនួនពីភូមិគ្រឹះរបស់លោក Trump ផងដែរកាលពីដើមឆ្នាំនេះ ដែលឯកសារទាំងនោះគួរតែត្រូវបានប្រគល់ជូនប័ណ្ណសារដ្ឋានជាតិនេះនៅពេលដែលលោក Trump បញ្ចប់អាណត្តិរបស់លោកជាប្រធានាធិបតី។
លោក Trump បានរិះគន់នីតិវិធីនេះ ហើយនៅក្នុងឯកសាររបស់លោកដែលដាក់ជូនតុលាការ លោកបានហៅការឆែកឆេររបស់ទីភ្នាក់ងារ FBI លើភូមិគ្រឹះរបស់លោកកាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះថាជា «វិធានការបែបគឃ្លើនដ៏គួរភ្ញាក់ផ្អើលខ្លាំងបំផុត»។
ក្រសួងយុត្តិធម៌បានឆ្លើយតបថា ចៅក្រមសហព័ន្ធបានអនុញ្ញាតឱ្យមានការឆែកឆេរនេះធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារ FBI បានបង្ហាញភវនីយហេតុដែលថាអាចមានឧក្រិដ្ឋកម្មប្រព្រឹត្តិឡើង។
កាលពីថ្ងៃចន្ទ កាសែត The New York Times បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកបានរកឃើញនិងរឹបអូសឯកសារសម្ងាត់ជាង ៣០០ ឯកសារពីភូមិគ្រឹះរបស់លោក Trump ដែលក្នុងនោះរួមមានទាំងឯកសាររបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) ទីភ្នាក់ងារសន្តិសុខជាតិ និងទីភ្នាក់ងារ FBI ផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។