លោក Trump សរសើរ​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ល្បាត​ព្រំដែន​ដែល​គាំទ្រ​គម្រោង​អន្តោប្រវេសន៍​របស់​លោក

រូបភាពឯកសារ៖ ប្រធានាធិបតី​ត្រាំ​ចាប់ដៃ​ជាមួយ​លោក​ Brandon Judd ប្រធាននៃ​ក្រុម​ប្រឹក្សា​ជាតិ​ការពារ​ព្រំដែន​ក្នុង​បុរី​ញូវយ៉ក​កាលពីថ្ងៃទី​០៧ តុលា​ ២០១៦។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សរសើរ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ល្បាត​ព្រំដែន សម្រាប់​ការ​បង្ហាញ​ការ​គាំទ្រ​របស់​ប្រធាន​ក្រុម​ប្រឹក្សា​នោះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្សាយ​តាម​ទូរទស្សន៍​មួយ ចំពោះ​សំណើ​កំណែ​ទម្រង់​អន្តោប្រវេសន៍​របស់​សេតវិមាន។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «អរគុណ​លោក Brandon Judd ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ល្បាត​ព្រំដែន​សម្រាប់​ការ​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Fox and Friends នៃ​ទូរទស្សន៍ Fox News ដែល​ថា សហរដ្ឋ​អាមេរិក​ត្រូវការ​ជញ្ជាំង​ព្រំដែន​យ៉ាង​ខ្លាំង។ ការ​បញ្ជាក់​នេះ​គឺ​បញ្ចប់​នូវ​ចន្លោះ​ប្រហោង​នៃ «ការ​ចាប់​ហើយ​លែង​វិញ‍» និង​បោស​សម្អាត​នូវ​នីតិវិធី និង​ដំណើរការ​ផ្សេងៗ​ទៀត​នៅ​តាម​ព្រំដែន​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​មូលហេតុ​សុវត្ថិភាព និង​សន្តិសុខ‍»។

ក្នុង​នាម​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ល្បាត​ព្រំដែន​នេះ លោក Brandon Judd តំណាង​ឲ្យ​ភ្នាក់ងារ និង​បុគ្គលិក​ជ្រោមជ្រែង​របស់​ក្រុម​ប្រឹក្សា​ជាតិ​ល្បាត​ព្រំដែន​ប្រហែល ១ ម៉ឺន ៨ ពាន់​នាក់ ដែល​ពួកគេ​ជា​សមាជិក​នៃ​សហជីព​ការងារ។

លោក Brandon Judd បាន​និយាយ​ថា៖ «យើង​អាច​ក្រឡេក​មើល​ទៅ​លើ​ប្រវត្តិសាស្ត្រ​កន្លង​មក គឺ​ថា​កន្លែង​ណា​ដែល​សហរដ្ឋ​អាមេរិក​សង់​ជញ្ជាំង​ព្រំដែន អត្រា​នៃ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​កន្លែង​នោះ​ធ្លាក់​ចុះ​យ៉ាង​ឆាប​រហ័ស‍»។

សំណើ​របស់​លោក Trump ត្រូវការ​ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន ដែល​នេះ​ជា​ការ​សន្យា​ដ៏​សំខាន់​មួយ​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump។ ថវិកា​ទាំង​នេះ​ក៏​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ច្រក​ព្រំដែន​ដទៃ​ទៀត និង​ការ​ពង្រឹង​ព្រំដែន​ភាគ​ខាង​ជើង​ជាមួយ​នឹង​ប្រទេស​កាណាដា​ផង​ដែរ៕