លោក​ប្រធានាធិបតី Trump និង​លោក​ប្រធានាធិបតី Macron ជា​តួអង្គ​សំខាន់​ក្នុង​មហាសន្និបាត​អ.ស.ប

លោក​ប្រធានាធិបតី Donald Trump ជជែក​ជាមួយ​នឹង​លោក​ប្រធានាធិបតី Emmanuel Macron ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សណ្ឋាគារ Palace នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​ក្រុង​ញូវយ៉ក។

គេ​រំពឹង​ថា​ប្រធានាធិបតី​ស.រ.អា. Donald Trump និង​លោក​ប្រធានាធិបតី​ Emmanuel Macron នៃ​ប្រទេស​បារាំង​ជា​វរជន​សំខាន់​នៅ​ក្នុង​ការ​ជួបជុំ​គ្នាប្រចាំ​ឆ្នាំ​នៃ​ពួក​មេដឹកនាំ​ពិភពលោកនៅ​ឯ​អ.ស.ប។ ក៏ប៉ុន្តែ​ការ​គំរាមកំហែង​ខាង​បរមាណូ​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង ស្ថានភាពពួក​ជន​អំបូរ​ភាគ​តិចកាន់​សាសនា​ឥស្លាម​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ការ​រាលដាល​នៃ​ភេរវកម្ម និង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​ធាតុអាកាសនឹង​ក្លាយ​ជា​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ការ​ពិភាក្សាគ្នា។​

មហាសន្និបាត​អ.ស.ប.​បើក​ការ​ប្រជុំ​នៅ​ព្រឹកថ្ងៃ​អង្គារ​នេះជាមួយ​សុន្ទរកថា​របស់​លោកអគ្គលេខាធិការ​អំពី​ស្ថានភាព​ពិភពលោក។​ លោក​បាន​ចាប់ផ្តើម​ចូល​រួម​ក្នុង​ការ​ប្រជុំ​ពួក​រដ្ឋ​មន្ត្រី​នៃ​ក្រុម​ប្រទេសជា​សមាជិក​អ.ស.ប.​ជាមួយ​ពួក​មេដឹកនាំ​អាមេរិកាំង​ និង​បារាំង។​

លោក​ Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​និយាយ​យ៉ាង​ស្រងូតស្រងាត់​អំពី​ការ​ប្រជុំ​នេះ​ដោយ​លោក​បាន​ថ្លែង​ប្រាប់​ពួក​អ្នក​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា​ការ​ខ្វែង​គំនិត​គ្នា​ និងជម្លោះ​មាន​កម្រិត​ខ្ពស់​បំផុត​ចាប់តាំង​ពី​សង្គ្រាម​ត្រជាក់​មក​ហើយថា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសជាតិ​នានា​មានការ​ពិបាក​ជាងមុន​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​ពឹងផ្អែក​គ្នា​ទៅវិញ​ទៅមក​ជាង​ពេល​ណាៗ​ទាំង​អស់។​

មេដឹកនាំ​ពិភព​លោក​ច្រើន​នាក់​ដែល​ខ្វល់ខ្វាយ​អំពី​អាទិភាព​ និង​មុខ​នាទី​របស់​សហរដ្ឋអាមេរិក​ក្នុង​ពិភពលោក​នឹង​មាន​ឱកាស​ដំបូង​ដើម្បី​ស្តាប់​ និង​ជួប​លោក​ប្រធានាធិបតី Trump។​ ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​នឹង​ថ្លែង​សុន្ទរកថា​ក្រោយ​លោក Guterres និង​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​ដែល​ក្នុង​រយៈពេល​ជាង៣៥​ឆ្នាំ​ជា​មេដឹកនាំ​ទីមួយ​ដែល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អ.ស.ប.​មាន​សមាជិក​១៩៣។​

អ្នក​ថ្លែង​សុន្ទរកថា​សំខាន់ៗ​នៅ​ថ្ងៃ​អង្គារ​នេះ​មាន​ព្រះអង្គ Sheikh Tamim bin Hamad Al Thani នៃ​ប្រទេស​កាតា ដែល​ប្រទេស​របស់​លោក​បាន​ត្រូវ​ចោទ ប្រកាន់​ដោយ​ពួក​ប្រទេស​អារ៉ាប់​មួយ​ក្រុម​រួម​មាន​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ថា ​គាំទ្រ​ពួក​ភេរវជន ដែល​ជា​ការ​ចោទប្រកាន់​មួយ​ប្រទេស​កាតា​បាន​បដិសេធ។​ លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ក៏​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អ.ស.ប.​ដែរ៕