កាលពីពេលថ្មីៗនេះ នៅខាងក្រៅសេតវិមានប្រធានាធិបតីអាមេរិកអ្នកប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលក្នុងនោះមានទាំងតារាកំប្លែងអ្នកស្រី Rosie O'Donnell ផងដែរ បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈមួយ។
អ្នកស្រី Rosie O'Donnell និយាយថា៖ «លោកប្រធានាធិបតី ត្រាំ ត្រូវដឹងឲ្យច្បាស់ថា ពួកយើងនៅរស់ ភ្ញាក់រឭក និងដឹងពីបញ្ហាសង្គម។ យើងនឹងមិនទៅណានោះទេ»។
លទ្ធផលដែលទទួលបានពីការបោះឆ្នោតបឋម និងការបោះឆ្នោតពិសេស បានបង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងប្រមូលផ្ដុំកម្លាំងដើម្បីការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ ដោយមានសារប្រឆាំងនឹងលោក ត្រាំ យ៉ាងពិតប្រាកដ។
សមាជិកព្រឹទ្ធសភាលោក Bernei Sanders និយាយថា៖ «ប្រជាពលរដ្ឋកំពុងងើបឡើងហើយ។ ពួកគេកំពុងប្រយុទ្ធតបតទៅវិញ ហើយពួកគេនឹងរួមគ្នាដើម្បីផ្លាស់ប្ដូរសហរដ្ឋអាមេរិកទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើយុទ្ធនាការខ្លាំងក្លាមួយតំណាងឲ្យគណបក្សសាធារណរដ្ឋ ក្នុងក្ដីសង្ឃឹមដើម្បីប្រឆាំងនឹងក្ដីរំពឹងទុកនៃរលកគាំទ្រដែលគណបក្សប្រជាធិបតេយ្យទទួលបាន។
លោក ត្រាំ និយាយថា៖ «សហរដ្ឋអាមេរិកត្រូវបានគេគោរពឡើងវិញហើយ ហើយសហរដ្ឋអាមេរិកឈ្នះឡើងវិញហើយ ដោយសារតែយើងផ្ដល់អាទិភាពឲ្យសហរដ្ឋអាមេរិកជាមុន»។
សារបែបនេះទទួលបានការគាំទ្រពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលក្នុងនោះមានទាំងលោក Jim Jordan សមាជិកសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio ផងដែរ។
លោក Jim Jordan និយាយថា៖ «ស្ថានទូតអាមេរិកនៅអ៊ីស្រាអែលប្ដូរទៅទីក្រុងហ្ស៊េរុយសាឡិម ហើយចំណាប់ខ្មាំងត្រូវបានបញ្ជូនមកវិញពីប្រទេសកូរ៉េខាងជើង។ ទាំងនេះជាអ្វីដែលបានកើតឡើងនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ»។
ប៉ុន្តែ នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ លោក ត្រាំ និងគណបក្សសាធារណរដ្ឋប្រឈមនឹងការប្រកួតប្រជែងមួយដ៏លំបាក។ នេះបើតាមការបញ្ជាក់របស់លោក John Fortier អ្នកវិភាគនៃមជ្ឈមណ្ឌល Bipartisan Policy Center។
លោក John Fortier និយាយថា៖ «ខ្ញុំគិតថា គណបក្សសាធារណរដ្ឋអាចទាក់ទាញអ្នកគាំទ្ររបស់ពួកគេមួយចំនួនឲ្យចេញមកបោះឆ្នោត។ ប៉ុន្តែ ខ្ញុំគិតថា វាប្រាកដជាលំបាកនៅក្នុងការទប់ទល់នឹងកម្លាំងជំរុញទឹកចិត្តខ្លាំងក្លារបស់អ្នកគាំទ្រខាងគណបក្សប្រជាធិបតេយ្យ។ ដូច្នេះ យើងឃើញថា គណបក្សប្រជាធិបតេយ្យមានឱកាសល្អបំផុតនៅក្នុងការគ្រប់គ្រងរដ្ឋសភា ឬក៏បើមិនដូច្នេះទេ ពួកគេនឹងទទួលបានចំនួនអាសនៈកើនឡើង»។
ទោះបីជាលោក ត្រាំ ប្រហែលជាអាចជួយសមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួននៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះក៏ដោយ ក៏គេឃើញមានហានិភ័យផងដែរថា លោកបានធ្វើឲ្យសមាជិកខាងគណបក្សប្រជាធិបតេយ្យមានសន្ទុះចិត្ត។ នេះបើតាមការព្រមានឲ្យដឹងរបស់លោក John Hudak នៃវិទ្យាស្ថាន Brookings។
លោក John Hodak និយាយថា៖ «នៅក្នុងការបោះឆ្នោតបឋម និងការបោះឆ្នោតពិសេសជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ការរួមចំណែករបស់លោក ត្រាំ ទំនងជាបង្កជាបញ្ហាច្រើនជាងជួយដល់បេក្ខជនខាងគណបក្សសាធារណរដ្ឋ ហើយលោក ត្រាំ គួរតែមានការប្រយ័ត្នប្រយែងចំពោះសង្កាត់ណាមួយ និងរដ្ឋណាមួយដែលលោកគួរផ្ដោតលើ»។
ការស្ទង់មិតអ្នកបោះឆ្នោតកន្លងមកបង្ហាញថា ទោះបីជាអ្នកបោះឆ្នោតដែលជាអ្នកធ្វើការដោយកម្លាំងភាគច្រើននៅតែគាំទ្រលោក ត្រាំ ក៏ដោយ ក៏គេឃើញថា ស្ត្រី និងអ្នកបោះឆ្នោតភាគច្រើនទំនងជាងាកចេញពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក Michael Barone អ្នកវិភាគនៃវិទ្យាស្ថាន American Enterprise។
លោក Michael Barone បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់ការបោះឆ្នោតរដ្ឋសភាខាងមុខនេះ គេឃើញយ៉ាងច្បាស់ថា អ្នកបោះឆ្នោតភាគច្រើនដែលមានការអប់រំខ្ពស់ មានអារម្មណ៍មិនពេញចិត្តចំពោះលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ។ ពួកគេត្រៀមរួចរាល់ហើយដើម្បីចេញទៅបោះឆ្នោត»។
ឥឡូវនេះ គេឃើញកាន់តែច្បាស់ឡើងថា សកម្មជនមកពីគណបក្សទាំងពីរចាត់ទុកការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីខាងមុខនេះថាជាការធ្វើប្រជាមតិថ្នាក់ជាតិមួយទៅលើការដឹកនាំរបស់លោក ត្រាំ៕
ប្រែសម្រួលដោយ ភី សុភាដា