ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ននិងប្រធានាធិបតី ដែលត្រូវបានព្យាករណ៍ថាជាប់ឆ្នោតថ្មី កាលពីថ្ងៃចន្ទ បានស្វាគមន៍ព័ត៌មានអំពីប្រសិទ្ធភាពដំបូងៗនៃវ៉ាក់សាំងសាកល្បងរបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសេរសេរសារតាមបណ្តាញ Twitter ដោយកត់សម្គាល់បីប្រសិទ្ធភាព ៩០% នៃវ៉ាក់សាំងសាកល្បងនេះថា «ជាព័ត៌មានដ៏អស្ចារ្យ!» និងថាទីផ្សារភាគហ៊ុនអាមេរិកបាន «កើនឡើងខ្ពស់» ដោយប្រតិកម្មនឹងដំណឹងនេះ។
ទីភ្នាក់ងារព័ត៌មាន AP បាបរាយការណ៍ថា ទីផ្សារភាគហ៊ុនទូទាំងពិភពលោក ដែលបានកើនរួចទៅ ហើយដោយសារដំណឹងពីការព្យាករណ៍ថាលោក Joe Biden នឹងក្លាយជាប្រធានាធិបតីអាមេរិកថ្មីនោះ បានកើនយ៉ាងគំហុកនៅថ្ងៃចន្ទ ដោយផ្សារហ៊ុននៅអឺរ៉ុបកើន ៥% ហើយផ្សារ Dow របស់អាមេរិកកើន ៥% ប្រមាណ ១.៤០០ ពិន្ទុ នៅប៉ុន្មានម៉ោងមុនការបើកទីផ្សារជួញដូរ កាលពីថ្ងៃចន្ទ។
ចំណែកលោក Joe Biden វិញកាលពីថ្ងៃច័ន្ទ ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាបានស្វាគមន៍ដល់វ៉ាក់សាំងសាកល្បងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ថាជាព័ត៌មានដ៏ល្អបំផុតមួយ។ ប៉ុន្តែលោក Biden ព្រមានថា ការចាក់វ៉ាក់សាំងការពារដល់ពលរដ្ឋទាំងអស់នៅមានរយៈពេលរាប់ខែទៅមុខទៀត ហើយពលរដ្ឋអាមេរិកចាំបាច់ត្រូវតែពាក់ម៉ាស់ការពារ និងរក្សាគម្លាតដាច់ពីគ្នា។
លោក Biden បានលើកឡើងក្នុងសេចក្តីថ្លៃងការណ៍មួយថា៖ «ព័ត៌មានថ្ងៃនេះជាព័ត៌មានដ៏ល្អអស្ចារ្យ ប៉ុន្តែវាមិនទាន់បានផ្លាស់ប្តូររឿងដែលកំពុងកើតមាននោះទេ»។ ការប្រកាសនៅថ្ងៃនេះជាការសន្យា ដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅឆ្នាំក្រោយ ប៉ុន្តែការងារនៅចំពោះមុខយើងនាពេលនេះ គឺមិនមានការផ្លាស់ប្តូរនោះទេ»។
ព័ត៌មានល្អពីវ៉ាក់សាំងសាកល្បងនេះកើតមានឡើង ខណៈអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកប្រញាប់ប្រញាល់ស្រាវជ្រាវបង្កើតវ៉ាក់សាំង ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ ដែលមកទល់នឹងថ្ងៃចន្ទបានសម្លាប់ជីវិតមនុស្សជាង ២៣៧.០០០ នាក់ នៅសហរដ្ឋអាមេរិក និងជាង ១,២៥ លាននាក់នៅទូទាំងពិភពលោក។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins៕