ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ នឹងស្វះស្វែងរកសំឡេងឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៤ នៅថ្ងៃច័ន្ទនេះ រីឯលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យវិញ នឹងផ្តោតលើរដ្ឋ Pennsylvania និងរដ្ឋ Ohio នៅក្នុងថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Trump ស្ថិតនៅក្រោយលោក Biden នៅក្នុងការស្ទង់មតិថ្នាក់ជាតិ មុនថ្ងៃបោះឆ្នោតចូលមកដល់នៅថ្ងៃអង្គារស្អែក។ ក៏ប៉ុន្តែ ការប្រកួតប្រជែងនេះត្រូវបានគេមើលឃើញថាមានលក្ខណៈប្រកៀកប្រកិតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដែលលោក Trump នៅតែអាចឈ្នះបានប្រតិភូចំនួន ២៧០ នាក់ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនភាគច្រើនដើម្បីឈ្នះការបោះឆ្នោត។
នៅថ្ងៃច័ន្ទនេះ លោក Trump នឹងឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ Wisconsin និងរដ្ឋ Michigan។
លោក Trump នឹងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅក្នុងទីក្រុង Grand Rapids រដ្ឋ Michigan ដែលជាកន្លែងដដែល ដែលលោកបានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ ២០១៦។
ចំណែកឯលោក Biden និងអ្នកស្រី Kamala Harris ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោក រួមទាំងក្រុមគ្រួសាររបស់អ្នកទាំងពីរ នឹងចំណាយពេលភាគច្រើននៅថ្ងៃច័ន្ទនេះនៅរដ្ឋ Pennsylvania ដោយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងរដ្ឋនោះ ដែលលោក Biden សង្ឃឹមថា ជារដ្ឋដ៏សំខាន់ដើម្បីឈ្នះការបោះឆ្នោតនេះ។
លោក Biden ក៏នឹងឆ្លៀតចូលឃោសនានៅក្នុងរដ្ឋ Ohio ដែលនៅក្បែរនោះផងដែរ។ រដ្ឋ Ohio នេះគឺជារដ្ឋដែលលោក Trump បានឈ្នះកាលពីឆ្នាំ ២០១៦ ប៉ុន្តែការស្ទង់មតិបច្ចុប្បន្នបានបង្ហាញថា លោក Trump និងលោក Biden មានការគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋនេះ៕