លោក ​Trump​ និង​លោក​ Biden​ ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឡើង​វិញ​ បន្ទាប់ពី​វេទិកា​សាធារណៈ​រៀងខ្លួន

រូបឯកសារ៖ អ្នកគាំទ្រលោកប្រធានាធិបតី Donald Trump និងអ្នកគាំទ្រលោក Joe Biden លើបដាគាំទ្របេក្ខជនរបស់ពួកគេរៀងៗខ្លួន នៅទីក្រុង Bethesda រដ្ឋ Maryland កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump​ និង​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ លោក​ Joe Biden ​បាន​វិល​ត្រឡប់​ទៅកាន់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​វិញ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ បន្ទាប់ពី​បាន​តតាំង​សម្តី​គ្នា​ កាលពី​យប់​ម្សិលមិញនេះ ​នៅ​ក្នុង​វេទិកាពិភាក្សាពីរផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដាច់​ដោយ​ឡែក​ពីគ្នា។

លោក​ Trump​ និង​លោក ​Biden ​អញ្ជើញ​ទៅ​ទស្សនា​រដ្ឋ​ ដែល​មាន​ការប្រកួត​ប្រជែង​គ្នា​ខ្លាំង​ចំនួន ​៣​ នៅពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី៣​ ខែ​វិច្ឆិកា ​ខិត​ចូល​មក​កាន់តែ​ជិត​ ដើម្បី​បន្ត​ការខំ​ប្រឹងប្រែង​ចាប់យក​ការគាំទ្រ​មកពី​ក្រុម​អ្នក​បោះឆ្នោត។ ​មកដល់​ពេលនេះ​ គេដឹងថា​ មាន​អ្នក​បោះឆ្នោត​ចំនួន​ ១៨​ លាន​នាក់​ បាន​បោះឆ្នោត​រួច​ហើយ​។​ នេះ​បើ​តាម​គម្រោង​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ នៅឯ​សាកល​វិទ្យាល័យ​ Florida។

លោក​ Trump​ ឈប់​សំចត​នៅ​រដ្ឋ Florida​ និង​រដ្ឋ Georgia ​ជា​រដ្ឋ​ចំនួន​ពីរ​ នៅ​ផ្នែក​ភាគ​ខាង​ត្បូង​ប្រទេស​ ដែល​ត្រូវ​បាន​ចាត់ទុក​ជារដ្ឋ​សំខាន់​សម្រាប់​ឱកាស​ឈ្នះឆ្នោត ​ក្នុង​ការ​កាន់​តំណែង​អាណត្តិ​ទី ២​ របស់​លោក​នៅ​សេតវិមាន។​ លោក​ប្រធានាធិបតី​ Trump បាន​ថ្លែងសន្ទរកថា​នៅ​ក្នុង​ទីក្រុង ​Ft. Myers រដ្ឋ Florida​ អំពី​វិធានការការពារ​ពលរដ្ឋ​ចាស់ៗ​ មុនពេលលោក​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅ​ក្នុង​ទីក្រុង​ Ocala ​រដ្ឋ​ Florida និង​ទីក្រុង​ Macon រដ្ឋ​ Georgia។​

លោក​ Biden ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ Southfield​ រដ្ឋ​ Michigan​ ដើម្បី​ធ្វើ​សន្ទរកថា​ស្តីពី​ផែនការ ពង្រាង​ការទទួល​បាន​ការថែទាំ​សុខភាព​ មុន​ពេល​លោកចូលរួម​កម្មវិធីមួយនៅ​ក្នុង​ទីក្រុង ​Detroit​ រដ្ឋ Michigan ​ដើម្បី​ជំរុញ​អ្នក​បោះឆ្នោត​ឲ្យ​ចេញបោះឆ្នោត​ មុន​ថ្ងៃ​បោះឆ្នោត។

ការស្ទង់​មតិ​ភាគ​ច្រើន​បង្ហាញ​ថា ​លោក ​Biden ​បន្ត​នាំមុខ​ក្នុង​ការ​ប្រកួត​ប្រជែង​ ដើម្បី​កាន់តំណែងជាប្រធានាធិបតី នៅពេល​ដែល​លោក​បាន​ទទួលមតិគាំទ្រនាំមុខ​ជា​ច្រើន​ខែ​មក​ហើយ។​ លោក​ Trump​ សង្ឃឹម​ថា នឹង​ទទួល​បាន​ការគាំទ្រកើន​ឡើង​ នៅ​ពេល​យុទ្ធនាការ​ ហើយ​និង​ការជជែក​ដេញ​ដោល​បេក្ខជន​ប្រធានាធិបតី​លើក​ក្រោយ​ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ​ខែតុលា៕