លោក Trump និង​លោក Biden ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង

  • Steve Herman

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump (ឆ្វេង) និង​លោកJoe Biden (ស្ដាំ) ក្នុង​អំឡុងពេល​ជជែក​ដេញដោល​​គ្នា​លើក​ទី​មួយ​នៅ​សាកលវិទ្យាល័យ Case Western ទីក្រុង Cleveland រដ្ឋ Ohio ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ដោយ​នៅ​សល់​ប្រមាណ ៣ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន​ត្រូវ​បាន​គេ​រំពឹង​ថា ជា​រដ្ឋ​ដែល​អាច​កំណត់​ថា​តើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden អាច​រារាំង​លោក​ប្រធានាធិបតី Donald Trump មិន​ឲ្យ​ក្លាយជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី ២ បាន​ឬ​ក៏​អត់។

បេក្ខជន​ទាំងពីរ​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ប្រជែង​គ្នា​ដោយ​ផ្ដោត​លើ​រដ្ឋ Florida រដ្ឋ Ohio និង​រដ្ឋ Pennsylvania នៅ​ពេល​ចាប់ផ្ដើម​នៃ​សប្ដាហ៍​នេះ។

លោក Trump បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង Sanford រដ្ឋ Florida ថា៖ «ក្រុម​អ្នក​នយោបាយ​អាក្រក់​ខំ​ប្រឹង​ដើម្បី​ឲ្យ​បាន​អំណាច​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ យើង​ជា​អ្នក​រារាំង​ពួកគេ»។

លោក Trump បាន​ចោទ​លោក Biden ថា​គ្រប់គ្រង​ដោយ «អ្នក​សាកល​និយម​ជ្រុល» និង​ថា លោក Biden បាន​ប្រគល់​ការ​គ្រប់គ្រង​គណបក្ស​ប្រជាធិបតេយ្យ​ដល់ «អ្នក​សង្គម​និយម អ្នក​ម៉ាក្ស​និយម និង​ក្រុម​ឆ្វេង​និយម​ជ្រុល»។

នេះ​ជា​យុទ្ធនាការ​លើក​ដំបូង​របស់​លោក Trump ចាប់​តាំង​ពី​លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​មក។

ស្រប​ពេល​នេះ​ដែរ លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Ohio កាល​ពី​ថ្ងៃ​ច័ន្ទ។

ចំណែក​ឯ​លោក Biden វិញ ក៏​បាន​ធ្វើ​យុន្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Ohio កាល​ពី​ថ្ងៃ​ច័ន្ទ​ផង​ដែរ។

លោក Biden ថ្លែង​ទៅ​កាន់​សហជីព​កម្មករ​ផលិត​រថយន្ត​នៅ​ក្នុង​ទីក្រុង Toledo នៅ​ក្នុង​ការ​ជួបជុំ​មួយ​ថា៖ «របាំង​ខ្មៅ​ងងឹត​ត្រូវ​បាន​ដក​ចេញ​ពី​ពលរដ្ឋ​អាមេរិកាំង​ហើយ។ ពួកគេ​បាន​ឃើញ​នូវ​បញ្ហា​រួម​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ វិបត្តិ​សេដ្ឋកិច្ច វិសមភាព​ជាតិ​សាសន៍​ដែល​យើង​កំពុង​ជួប​ប្រទះ និង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​លើ​ពិភពលោក។ ពួកគេ​ត្រៀម​ចូលរួម​ទៅ​មុខ។ ពួកគេ​ដឹង​ថា យើង​ត្រូវតែ​ផ្លាស់ប្ដូរ»។

នៅ​ថ្ងៃអង្គារ​នេះ លោក Biden ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Florida រី​ឯ​លោក Trump វិញ នឹង​ជួបជុំ​អ្នក​គាំទ្រ​នៅ​រដ្ឋ Pennsylvania។

បើ​យោង​តាម​មធ្យមភាគ​នៃ​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​វិបសាយ Real Clear Politics លោក Biden នាំ​មុខ​លោក Trump ៧% នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​ជា​រដ្ឋ​មួយ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​ចាត់ទុក​ថា​ជា​រដ្ឋ​ដ៏​សំខាន់​បំផុត​មួយ។ ចំណែក​ឯ​នៅ​ក្នុង​រដ្ឋ Florida វិញ លោក Biden បាន​នាំ​មុខ​លោក Trump ៣,៧%៕