លោក​ប្រធានាធិបតី​ត្រាំ៖ «សហរដ្ឋអាមេរិក​ឆ្អែត​នឹង​ប្រទេស​ម៉ិកស៊ិក​ហើយ‍»

រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ​ព្រំដែន​ នៅ​ក្នុង​ក្រុង Calexico រដ្ឋ California កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា «សហរដ្ឋអាមេរិក​ឆ្អែត​ឆ្អន់​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​ហើយ‍» ដោយ​ហៅ​ប្រទេស​នេះ​ថា​ ជា​អ្នក​រំលោភ​បំពាន​លើ​សហរដ្ឋអាមេរិក ដោយ​សារ​ប្រទេស​នេះ​មិន​បាន​បញ្ឈប់​ជន​ចំណាក​ស្រុក​ពី​អាមេរិក​កណ្តាល​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អាមេរិក។

លោក ​ត្រាំ​ ដែលកំពុង​គំរាម​កំហែង​ដាក់​ទណ្ឌកម្ម​ ៥ភាគរយ​ទៅ​លើ​ការ​នាំ​ចេញ​របស់​ប្រទេស​ម៉ិកស៊ិក​ ទៅ​កាន់​សហរដ្ឋ​អាមេរិក ​បើ​ប្រទេស​នេះ​មិន​រារាំង​ជន​ចំណាក​ស្រុក​មក​កាន់​ព្រំដែន​អាមេរិក​នោះ បាន​ចោទ​ប្រកាន់​ប្រទេស​ម៉ិកស៊ិក​ថា គិត​តែ​ពី​យក​ប្រយោជន៍ ប៉ុន្តែ​មិន​ដែល​ជួយ​អ្វី​នោះ​ទេ។ វា​បែប​នេះ​រាប់​ទសវត្សរ៍​មក​ហើយ‍»។

នៅ​លើ​បណ្តាញ​សង្គម Twitter លោក ​ត្រាំ​ បាន​ថ្លែង​ថា ប្រទេស​ម៉ិកស៊ិក​ត្រូវ​បញ្ឈប់​ការ​ឈ្លានពាន​លើអាមេរិក​ដោយ​ពួក​ជួញដូរ​គ្រឿង​ញៀន ពួក​រត់ពន្ធមនុស្ស​ និង​ជន​អន្តោរប្រវេសន៍​ខុស​ច្បាប់ ដែល​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ស្រួល បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​និង​ការ​ងារ​ជា​ច្រើន​របស់​អាមេរិក​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​ដាក់​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ព្រំដែន​ប្រកប​ដោយ​ភាព​ឆោត​ល្ងង់​នោះ នឹង​ត្រូវ​បញ្ជូន​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ តាម​រយៈ​ការ​យក​ពន្ធ​គយ‍»។

ការ​វាយ​ប្រហារ​តាម​សារ​ Twitter របស់​លោក ​ត្រាំ​ ទៅ​លើ​ប្រទេស​ម៉ិកស៊ិក​ កើត​មាន​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manual Lopez Obrador បាន​ស្នើ​ថា ប្រទេស​របស់​លោក​កំពុង​តែ​ចាត់​វិធានការ​យ៉ាង​តឹង​រ៉ឹង​ពាក់​ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍​នេះ។

លោក​ថ្លែង​ថា លោក​គិត​ថា សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ពិភាក្សា​ពី​ហានិភ័យ​នៃ​ការ​យក​ពន្ធ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា ខាង​មុខ​នេះ ដែល​ចាត់​ទុក​ថា​ជា​វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចំណាក​ស្រុក​ខុស​ច្បាប់​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល។

មេដឹកនាំ​ប្រទេស​ម៉ិកស៊ិក​រូប​នេះ​បាន​ថ្លែង​ថា៖ «ភាគី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មាន​គោល​បំណង​ចង់​បង្កើត​ការ​ចរចា​ ការ​ព្រមព្រៀង​ និង​ការ​ស្រុះស្រួល​គ្នា‍»។

រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេស​ម៉ិកស៊ិក​លោក Marcelo Ebrard បាន​ថ្លែង​ថា លោក​បាន​និយាយ​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo​ តាម​ទូរស័ព្ទ​ហើយ​ថា កិច្ច​ពិភាក្សា​ជួប​គ្នា​ផ្ទាល់​រវាង​អ្នក​ទាំង​ពីរ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​រដ្ឋមន្ត្រី Ebrard បាន​ថ្លែង​ថា៖ «យើង​នឹង​មានភាព​រឹងប៉ឹង​ហើយ​ការពារ​កិត្តិយស​របស់​ប្រទេស​ម៉ិកស៊ិក‍»។

លោក Lopez Obrador អំពាវនាវ​ឲ្យ​មាន​ការ​ «ចរចា‍» ជាជាង «វិធានការ​គំរាម​កំហែង‍» ហើយ​ថា លោក​រំពឹង​ថា​នឹង​មាន​ «លទ្ធផល​ល្អ‍» ពី​កិច្ចចរចា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕