លោក Trump បាន​បន្ទោស​លោក Obama ម្តង​ទៀត​ពី​ការ​ឆ្លើយតប​លើ​បញ្ហា​ជ្រៀតជ្រែក​របស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត

លោក​ប្រធានាធិបតី Donald Trump​ ថ្លែង​អំពី​ការ​បាញ់​ប្រហារ​ដ៏​រង្គាល​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida ពី​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​បន្ទោស​ជា​ថ្មី​ទៀត​ដល់​លោកអតីត​ប្រធានាធិបតី​ Barack Obama ថា​ចាត់ការ​មិនបាន​ត្រឹមត្រូវ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ២០១៦។

លោក Trump បាននិយាយ​នៅ​ក្នុង​ Twitter កាល​ពី​ថ្ងៃ​ចន្ទ​ថា «Obama បាន​កាន់​តំណែង​ប្រធានាធិបតី​រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ២០១៦ និង​ហួស​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៦​ទៅ​ទៀត។ ​ដូច្នេះ ហេតុ​ដូចម្តេច​បាន​ជា​លោក​មិន​បាន​ធ្វើ​អ្វីសោះ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី?» ការ​វាយ​ប្រហារ​លើ​អ្នក​កាន់​តំណែង​មុន​គាត់នេះ​ជា​ tweet ថ្មីៗ​បំផុត​របស់​ប្រធានាធិបតី Trump ក្នុង​បណ្តា​ tweets មួយ​ចំនួន​របស់​គាត់។​

នេះ​ជា​ការ​ត្អូញត្អែរ​ជា​ធម្មតា​មួយ​របស់​ប្រធានាធិបតី​ Trump ដែល​មិន​បាន​ផ្តល់​សារៈសំខាន់​ខ្លាំង​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ហើយ​គាត់​បាន​បន្ទោស​អ្នក​កាន់​តំណែង​មុន​គាត់​ថា​គ្មានជោគជ័យ​ក្នុង​ការ​បញ្ឈប់​ការជ្រៀតជ្រែកនេះ។​

កាលពី​ខែ​ធ្នូឆ្នាំ២០១៦ លោក​ប្រធានាធិបតី Obama បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ពួក​បុគ្គល និងអង្គភាគ​រុស្ស៊ី​៩​អំពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិកាំង​និង​អំពីការ​យាយី​ពួក​អ្នក​ការ​ទូត​ស.រ.អា.​ក្នុង​ក្រុង​មូស្គូ​ដោយមាន​រួម​បញ្ចូល​សេវាស៊ើបការ​សម្ងាត់ GRU និង​ FSB របស់ប្រទេស​រុស្ស៊ីផង​ដែរ។​ លោក​ប្រធានាធិបតី​ Obama ក៏បានបញ្ជា​ដល់ពួក​មន្ត្រីរដ្ឋាភិបាលរុស្ស៊ី​៣៥​នាក់ក្នុង​រដ្ឋធានី​ Washington និង​ក្រុង​ San Francisco ឱ្យចាកចេញ​ពី​ប្រទេសអាមេរិក​ដោយសារ​ «បាន​ធ្វើ​សកម្មភាព​ក្នុង​អាកប្បកិរិយា​មួយ​មិនត្រឹមត្រូវ​តាម​ឋានៈ​ជា​អ្នក​ការទូត​និង​សកម្មភាព​ខាងកិច្ចការ​កុងស៊ុល​របស់ពួក​គេ»។ លោក​ Obama ក៏​បាន​បញ្ជា​ឱ្យ​បិទ​អាគារ​ពីរ​មាន​កំផែង​ព័ទ្ធជុំវិញ​នៅ​ជិត​មាត់ទឹក​ដែល​រដ្ឋបាល​ស.រ.អា.​បានថ្លែង​ថា​បានត្រូវ​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី។​

កាល​ពី​ថ្ងៃ​ចន្ទ​ អាជ្ញាធរ​វិមានក្រឹមឡាំង​បានបដិសេធ​ថា​រុស្ស៊ី​មិន​មាន​ទាក់ទិន​នឹង​ការ​ជ្រៀតជ្រែក​នេះ​ទេ។​ អ្នកនាំ​ពាក្យ​រុស្ស៊ីឈ្មោះ​ Dmitry Peskov បាន​និយាយប្រាប់ពួក​អ្នកកាសែតថា​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គ្មាន​មូលដ្ឋាន​ទេ។​

អត្ថាធិប្បាយ​ទាំង​នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​ Robert Mueller ស្មាក្តី​ពិសេស​ស.រ.អា.​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​រុស្ស៊ី១៣នាក់ និង​អង្គភាពរុស្ស៊ី​បី​ថា​បាន​ធ្វើ​យុទ្ធនាការ «សង្គ្រាម​ព័ត៌មាន» ខុស​ច្បាប់​ដើម្បី​បង្អាក់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​ Trump៕