រដ្ឋបាល​របស់​​ប្រធានា​ធិបតី​ត្រាំ​ពិនិត្យ​មើល​ឡើង​វិញ​ពី​របាយ​ការណ៍​ដែល​ភ្ជាប់​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ទៅ​នឹង​សកម្មភាព​មនុស្ស

នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១០​នេះ រថយន្ត​ដឹក​ប្រេង​បើក​កាត់​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​នៅ​ក្នុង​ក្រុង Richmond រដ្ឋ California។

រដ្ឋ​បាល​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​នឹង​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​របាយការណ៍​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ទីភ្នាក់​ងារ​សហព័ន្ធ​ចំនួន​១៣​ដែល​បាន​ធ្វើ​ការ​សន្និដ្ឋានផ្ទុយ​គ្នា​ពី​ទស្សនៈ​របស់​រដ្ឋបាល​របស់ប្រធានា​ធិបតី​ត្រាំ។

របាយការណ៍​នោះបាន​រក​ឃើញ​ថា ​សកម្ម​ភាព​មនុស្ស​ទំនង​ជាបុព្វហេតុ​ជាង​ពាក់​កណ្តាល​នៃ​ការ​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​សីតុណ្ហភាព​នៅ​លើ​ផែនដី​ចាប់​តាំងពី​ឆ្នាំ​១៩៥១មក ​ជា​ជំហរមួយ​ដែល​ជា​ការ​ផ្ទុយ​គ្នា​ជាមួយ​ជំ​នឿ​របស់​រដ្ឋ​បាល​លោក​ត្រាំ​ថា ​មូលហេតុ​នៃ​ការ​ឡើង​កម្តៅ​ផែនដី​មាន​ភាពមិន​ប្រាកដ​ប្រជា។

​រយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​របស់​មនុស្ស​បាន​បណ្តាល​ឲ្យ​កើនឡើង​នូវ​សីតុណ្ហភាព​សាកល​ពី០,៦​ទៅ​០,៧អង្សាសេ​នៅ​ចន្លោះ​ឆ្នាំ​១៩៥១​ទៅ​ឆ្នាំ​២០១០​ហើយ​ថា​ កម្តៅ​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏​ជា​ការ​រួមវិភាគ​ទាន​ដ៏​សំខាន់​មួយ​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​សីតុណ្ហភាព​ផែនដី​នេះ។

របាយការណ៍​ពិសេស​ខាង​អាកាស​ធាតុ​វិទ្យាសាស្ត្រ​បាន​ប្រាប់​ឲ្យ​ដឹងថា «មិនមាន​ការ​ពន្យល់​ក្រៅ​ពី​នេះ ហើយ​មិន​មាន​ការ​វិល​ចុះ​ឡើង​នៃ​ធម្ម​ជាតិ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ការ​សង្កេត​ដែល​អាច​ពន្យល់​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ‍»។

ពួកមន្ត្រី​រដ្ឋ​បាល​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ទទួល​ឯកសារ​ចម្លង​នៃ​សេចក្តី​ព្រាង​នៃ​របាយ​ការណ៍​កាលពី​ពេល​ថ្មីៗ​បំផុត​កាល​ពី​មួយ​សប្តាហ៍​ មុន។​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​រដ្ឋបាល​របស់​លោក​ត្រាំ​ដែល​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​ថា ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​នឹង​យល់​ព្រម​ជាមួយ​នឹង​របាយការណ៍​នោះ​ដែរ​ឬ​ទេ។

​ការ​សិក្សា​នោះ​នឹងត្រូវ​រួម​បញ្ចូល​ទាំង​ការ​វាយ​តម្លៃ​អាកាស​ធាតុ​ជាតិ​ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​សភា​ជា​រៀង​៤​ឆ្នាំ​ម្តង៕