នាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows និយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជាមួយក្រុមវេជ្ជបណ្ឌិតដែលព្យាបាលជំងឺកូវីដ១៩ ឲ្យលោកនៅថ្ងៃចន្ទ ដើម្បីវាយតម្លៃពីស្ថានភាពសុខភាពរបស់លោក ហើយរដ្ឋបាលរបស់លោក Trump មានសុទិដ្ឋិនិយមដែលថា លោកប្រធានាធិបតី នឹងអាចត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
លោក Mark Meadows បានប្រាប់ទូរទស្សន៍ Fox News ថា លោកបាននិយាយជាមួយលោកប្រធានាធិបតីនៅព្រឹកមិញនេះ។ ស្ថានភាពជំងឺរបស់លោកប្រធានាធិបតី បន្តមានភាពកាន់តែប្រសើរឡើងកាលពីយប់ ហើយលោកបានត្រៀមខ្លួនជាស្រេច ក្នុងការវិលត្រឡប់ទៅធ្វើការដូចដើមវិញ។ លោក Meadows បាននិយាយទៀតថា៖ «យើងមានសុទិដ្ឋិនិយមដែលថា លោកប្រធានាធិបតី នឹងអាចវិលមកកាន់សេតវិមានវិញនៅថ្ងៃចន្ទនេះ»។
កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបង្ហោះវីដេអូនៅលើ Twitter ដែលថា លោកទទួលបានរបាយការណ៍ពីស្ថានភាពសុខភាពល្អពីក្រុមវេជ្ជបណ្ឌិតរបស់លោកមក លោកត្រាំបានសន្យាធ្វើឲ្យមានការភ្ញាក់ផ្អើលតូចមួយ ដល់អ្នកគាំទ្ររបស់លោកនៅខាងក្រៅមន្ទីរពេទ្យ ដែលលោកកំពុងសម្រាកព្យាបាលនោះ។
លោកបានចេញពីមន្ទីរពេទ្យក្នុងរយៈពេលខ្លី តាមរថយន្តរបស់លោក ដែលមានអមដោយក្រុមអង្គរក្សការពារផងដែរ ដោយជិះរថយន្តឆ្លងកាត់ក្រុមអ្នកគាំទ្រ ដែលកំពុងឈរនៅខាងក្រៅរបងមន្ទីរពេទ្យ ដោយមានកាន់ទង់ជាតិ និងស្រែកគាំទ្រលោក។
កាលពីថ្ងៃអាទិត្យ ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក Trump បានបញ្ជាក់ថា លោកបាន«ធ្លាក់ចុះខ្យល់អុកស៊ីសែនបណ្ដោះអាសន្នចំនួន ២ លើក»។
យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump កាលពីថ្ងៃពុធ បានផ្អាករាល់ព្រឹត្តិការណ៍ទាំងអស់ដែលបានគ្រោងទុកកាលពីមុន ដែលគ្រោងនឹងមានវត្តមានរបស់លោកប្រធានាធិបតី។
លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែបង្ហាញខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងសប្ដាហ៍នេះ និងត្រៀមសម្រាប់ការជជែកដេញដោលនៅយប់ថ្ងៃពុធ ជាមួយនឹងបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺអ្នកស្រី Kamala Harris ផងដែរ។
បើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះជំងឺកូវីដ១៩ បានសម្លាប់មនុស្សជិត ២១០.០០០ នាក់ និងបានឆ្លងដល់មនុស្សប្រមាណ ៧,៤ លាននាក់ នៅក្នុងសហរដ្ឋអាមេរិក៕