ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នឹងផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ប្រភេទអ្នកធ្វើការជាជនបរទេសជាច្រើននៅឆ្នាំនេះ ដោយយោងដល់ការខូចខាតសេដ្ឋកិច្ចដោយការរាតត្បាតនៃមេរោគកូរ៉ូណារួមមានការបាត់បង់ការងាររបស់អ្នកធ្វើការជាជនជាតិអាមេរិកាំង។
ការផ្អាកនេះអនុវត្តចំពោះទិដ្ឋាការការងារដែលក្រុមហ៊ុនបច្ចេកវិទ្យា និងសួនឧទ្យានប្រើហៅថា ទិដ្ឋាការប្រភេទ H-1B និង J-1 សម្រាប់ការផ្លាស់ប្តូរនិស្សិត និងប្រភេទទិដ្ឋាការ L-1 សម្រាប់អ្នកចាត់ចែងក្រុមហ៊ុនសាជីវកម្មពហុជាតិ។
ការផ្អាកបណ្តោះអាសន្ននេះក៏អនុវត្តចំពោះប្រភេទទិដ្ឋាការ H-2B សម្រាប់ពួកអ្នកធ្វើការងារមិនមែនផ្នែកកសិកម្ម ថ្វីបើមានការលើកលែង រួមមានអ្នកធ្វើការងារខាងផលិតម្ហូបអាហារ អ្នកមើលថែទាំសុខភាព និងអ្នកដែលមើលការថែទាំកូនក្មេង។ពួកអ្នកធ្វើការខាងកសិកម្មក៏ត្រូវបានលើកលែងដែរ។
ពួកមន្រ្តីសេតវិមាននិយាយថា ចំណាត់ការនេះជាការចាំបាច់ដើម្បីការពារពួកអ្នកធ្វើការងារអាមេរិកាំងបន្ទាប់ពីបាត់បង់ការងារដ៏ច្រើនក្នុងអំឡុងនៃការរាតត្បាតមេរោគកូរ៉ូណា ហើយនិងរារាំងពួកកម្មករបរទេសកុំឱ្យបំពេញការងារចំនួន៥សែន២ម៉ឺន៥ពាន់។ និយាយរួម ពួកអ្នកធ្វើការងារអាមេរិកាំងចំនួន៤៥លាន៥សែននាក់បានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើចាប់តាំងពីពាក់កណ្តាលខែមីនាមក ដែលមានជាង១ភាគ៤នៃកម្លាំងការងារសហរដ្ឋអាមេរិកទាំងអស់ចំនួន១៦៤លាន៦សែននាក់។
ចំនួនអ្នកដែលទទួលប្រាក់គ្មានការងារធ្វើនៅពេលបច្ចុប្បន្ននេះបានធ្លាក់មកនៅ២០លាន៥សែននាក់នៅពេលដែលអ្នកធ្វើការងាររាប់លាននាក់បានត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញនៅពេលឥឡូវនេះ។
ក្រុមហ៊ុនពាណិជ្ជកម្មធំៗរួមមានក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកបានជំទាស់ប្រឆាំងការផ្អាកទិដ្ឋាការអន្តោប្រវេសន៍នេះដោយនិយាយថា កម្មករបរទេសជាច្រើនមានសារៈសំខាន់ ហើយអវត្តមានពួកគេនឹងធ្វើឱ្យមានការលំបាកដល់ការងើបឡើងវិញខាងសេដ្ឋកិច្ចរបស់អាមេរិកបន្ទាប់ពីការបិទប្រទេសជិតដោយសារមេរោគកូរ៉ូណា៕