លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតីអូបាម៉ា ពីការលួចស្តាប់នៅការិយាល័យរបស់លោកនៅឯអាគារ Trump Tower ក្នុងទីក្រុងញូវយ៉កមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងប្រព័ន្ធTwitter ដែលបានចេញផ្សាយជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីត្រាំបានភ្ជាប់ការចោទប្រកាន់ការលួចស្តាប់សំឡេងទៅនឹងរឿងអាស្រូវខាងនយោបាយ Watergate ដែលបាននាំឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Richard Nixonចុះចេញពីដំណែងនៅឆ្នាំ១៩៧៤។
លោកប្រធានាធិបតីត្រាំ មិនផ្តល់ភស្តុតាងនៃការលួចស្តាប់នោះទេ។
ការិយាល័យរបស់លោកអូបាម៉ាមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នោះទេ ក៏ប៉ុន្តែអតីតទីប្រឹក្សាកំពូលម្នាក់របស់លោកអូបាម៉ា បានចុះផ្សាយតាមប្រព័ន្ធ Twitter ថាការបញ្ជាលួចស្តាប់សំឡេងគឺហួសពីអំណាចរបស់ប្រធានាធិបតី។ នៅក្នុងប្រព័ន្ធ Twitter លោក John Schindler អតីតអ្នកវិភាគទីភ្នាក់ងារសន្តិសុខជាតិនិងជាមន្រ្តីស៊ើបការណ៍សម្ងាត់ បាននិយាយថា ការចោទប្រកាន់របស់ប្រធានាធិបតី អាចមានជាប់ទាក់ទិនទៅនឹងតុលាការស៊ើបការណ៍សម្ងាត់បរទេស ១៩៧៨ ឬ FISA ដែលអនុញ្ញាតឲ្យការស៊ើបការណ៍សម្ងាត់និងការប្រមូលព័ត៌មានស្របច្បាប់រវាងប្រទេសក្រៅនិងភ្នាក់ងាររបស់ពួកគេ។
លោក Ben Cardin សមាជិកព្រឹទ្ធសភាជាន់ខ្ពស់បំផុតរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភា បាននិយាយថាប្រសិនបើ រដ្ឋបាលរបស់លោកអូបាម៉ា បានធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់នៅឯអាគារ Trump Tower ការណ៍នេះ ចាំបាច់សុំការអនុញ្ញាតមកពីតុលាការស៊ើបការណ៍សម្ងាត់បរទេស FISA។
លោក Cardin បាននិយាយកាលពីថ្ងៃសៅរ៍ប្រាប់បណ្តាញទូរទស្សន៍ខ្សែកាបCNNថា «ដោយហេតុនេះហើយ បានជាយើងមានតុលាការស៊ើបការណ៍សម្ងាត់បរទេស FISA។ ផ្នែកនីតិប្រតិបត្តិ មិនអាចធ្វើដោយខ្លួនឯងបានទេ។ ពួកគេ ត្រូវតែមានការយល់ព្រមពីតុលាការមុនពេលពួកគេអាចធ្វើសកម្មភាពបែបនេះ»៕