យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅក្នុងទីក្រុងស្តុកខុល ប្រទេសស៊ុយអែត នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងបានបើកចូលទៅក្នុងហ្វូងមនុស្សនិងបានបើកទៅបុកមជ្ឈមណ្ឌលលក់ទំនិញមួយ។
ប៉ូលិសទីក្រុងស្តុកខុល បានបញ្ជាក់ថា មានមនុស្សមួយចំនួនស្លាប់និងរងរបួស ប៉ុន្តែមិនបានរាយការណ៍តួលេខជាក់លាក់នោះទេ។ ប៉ូលិសក៏បានបន្ថែមថា ខ្លួនមិនទាន់បានធ្វើការចាប់ខ្លួនអ្នកណាម្នាក់ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះនោះទេ ថ្វីដ្បិតតែពួកគេកំពុងចោទសួរមនុស្ស២នាក់ក៏ដោយ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បានមានប្រសាសន៍ថា ហេតុការណ៍នេះគឺជា«ការវាយប្រហារភេរវកម្ម»យ៉ាងប្រាកដ។
លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីស្វែងរកមូលហេតុនៃហេតុការណ៍ដែលបានកើតឡើងនេះ»។
រូបថតដែលបានថតនៅកន្លែងកើតហេតុបង្ហាញថា រថយន្តនោះគឺជារបស់ក្រុមហ៊ុនស្រាបៀរ Spendrups។ ក្រុមហ៊ុននេះបានឲ្យដឹងថា រថយន្តរបស់ខ្លួនត្រូវបានគេប្លន់កាលពីព្រឹកថ្ងៃកើតហេតុ៕