កូដករថា ​ការ​បដិសេធ​មិន​ឲ្យ​សង្គម​ស៊ីវិល​សួរ​សុខ​ទុក្ខ​តំណាង​របស់​ពួក​គេ​គឺ​ជា​រឿង​អយុត្តិធម៌​

កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ការ​បដិសេធ​របស់​តុលាការ​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​សួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​សកម្មភាព​តស៊ូ​មតិ​ នោះ​គឺ​ជា​រឿង​អយុត្តិធម៌ ​និង​បង្ហាញ​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លា​ភាព។​

ការ​លើក​ឡើង​របស់​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​លើ​ដង​វិថី​រដ្ឋ​សភា​ជាតិ​ រាជធានី​ភ្នំពេញ​នេះ​ធ្វើ​ឡើង​ខណៈ​ថ្នាក់​ដឹកនាំ ​និង​សកម្មជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន៨​នាក់ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពី​បទ​ញុះញង់​ បន្ទាប់​ពី​ពួកគេ​ដឹកនាំ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជិត​១០​ខែ​រវាង​ក្រុមហ៊ុន​ និង​បុគ្គលិក។​

កំពុង​ឈរ​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ កញ្ញា​ វ៉ាន់ រីណា ​បុគ្គលិក​ផ្នែក​តុ​ល្បែង​ក្នុង​កាស៊ីណូ​ណាហ្គាវើលដ៍ប្រាប់​ VOA ​ថា​ កូដករ​នឹង​បាន​ដឹង​អំពី​ស្ថានភាព​រស់​នៅ​ និង​សុខទុក្ខ​របស់​មន្ត្រី​សហជីព​ដែល​ជា​តំណាង​ពួកគេ​ ប្រសិន​បើ​ក្រុម​សង្គម​ស៊ីវិល​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​បាន​ចូល​ទៅ​សួរសុខទុក្ខ​ពួក​គេ​ក្នុង​ពន្ធនាគារ​នោះ។​

កញ្ញា​និយាយ​ថា​ ការ​បដិសេធ​របស់​ស្ថាប័ន​តុលាការ​មិន​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​តំណាង​របស់​ពួកគេ​គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ ហើយ​វា​អយុត្តិធម៌​សម្រាប់​អ្នក​ដែល​ធ្វើការ​ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

កញ្ញា វ៉ាន់ រីណា បុគ្គលិកផ្នែក​តុល្បែង​ក្នុង​កាស៊ីណូ​ណាហ្គាវើលដ៍ កំពុង​ឈរ​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត នៅ​លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ នាថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញាវ៉ាន់ រីណា​ថ្លែង​ថា៖ ​ «សូម្បី​តែ​ការ​ចង់​ដឹង​ ចង់​ឮ​ពី​សុខ​ទុក្ខ​របស់​ប្រធាន​សហជីព​ដែល​ជា​តំណាង​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវ​បាន​បំបិទ​សិទ្ធិ​ទាំង​ស្រុង។​ វាគឺ​ជា​[រឿង] ​អយុត្តិធម៌​សម្រាប់​ពួកខ្ញុំ​ដែល​ជា​បុគ្គលិក​ ព្រោះ​ពួក​ខ្ញុំ​ក៏​មិន​អាច​ទៅ​សួរ​នាំ​បាន ​សម្រាប់​សង្គម​ស៊ីវិល​ដែល​យើង​អាច​ពឹង​ពាក់​គាត់​បាន​ថា​ គាត់​ដឹង​ឮ ​ទទួល​ដំណឹង​ ពី​សុខទុក្ខ​ពួកគាត់​ទាំង​៨​នាក់​ហ្នឹង​ ដើម្បី​ពាំនាំ​ដល់​សមាជិក​យើង​ដែល​កំពុង​ធ្វើ​កូដកម្ម​នេះ​ទៀត​សោត​ សម្រេច​សម្រួល​គឺ​យើង​អត់​បាន​ទទួល​ដំណឹង​ពី​សុខទុក្ខ​អ្វី​ពី​គាត់​ទាំងអស់។ ​ វាគឺ​ជា​រឿង​អយុត្តិធម៌​ដែល​មិន​អាច​ទទួល​យក​បាន​ ​សម្រាប់​ការ​លើក​ឡើង​របស់​តុលាការ»។​

កូដករ​ម្នាក់​ទៀត ​លោក​ ជួប ចាន់ណាត ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​ដែល​តុលាការ​បដិសេធ​មិន​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ចូល​សួរ​សុខទុក្ខ​តំណាង​របស់​ពួកគេ​គឺ​ជា​ការ​បំបិទ​សិទ្ធិ​យ៉ាង​ខ្លាំង​ប្រឆាំង​តំណាង​កម្មករ​របស់​សហជីព ​និង​កូដករ។​

លោក​ប្រាប់​វីអូអេ​ក្នុង​ពេល​កំពុង​ចូលរួម​ការ​ធ្វើ​កូដកម្ម​ថា៖​ «គ្រាន់​តែ​យើង​ទៅ​សួរ​សុខទុក្ខ​ជា​លក្ខណៈ​មួយ ​ការ​នឹក​រឭក ​ក៏​រង​ការ​រឹត​បន្តឹង​ដែរ ដូច្នេះ​នេះ​ជា​អ្វី​ដែល​ជា​ការ​រឹតត្បិត​មែន​ទែន​ចំពោះ​យើង​ទាំងអស់​គ្នា​ដែល​ជា​កូដករ​នៅ​ទីនេះ ​ដែល​តំណាង​ខ្លួន​ ដែល​ចាត់​ទុក​ថា​ ជា​ឪពុក​ម្តាយ​ ដែល​ជាប់​គុក​ ហើយ​យើង​ក៏​អត់​មាន​សិទ្ធិ​ទៅ​សួរ​សុខទុក្ខ​គាត់។ ​នេះ​ជា​ការ​រឹតត្បិត​មែន​ទែន​នូវ​បញ្ហា​នេះ​ ព្រោះ​ថា​ រយៈ​ពេល​មិន​មែន​បី​បួន​ថ្ងៃ​ទេ ​គឺ​រយៈពេល​ដែល​ចាប់​ខ្លួន​ហ្នឹង​គឺ​៣៦​ថ្ងៃ​ហើយ»។​

ក្នុង​ជំនួប​ថ្ងៃទី១ខែកុម្ភៈ​ ​មន្ត្រី​យុត្តិធម៌​កម្ពុជា ​និង​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC)​ ប្រកាស​សហការ​គ្នា​រៀបចំ​យន្ត​ការ​ថ្មី​មួយ​អំពី​ការ​អនុវត្ត​ទោស​មិន​ជាប់​ក្នុង​ពន្ធនាគារ​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​មន្ទីរ​ឃុំ​ឃាំង។​មន្ត្រី​សង្គម​ស៊ីវិល​សាទរ ​ប៉ុន្តែ​ពួក​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ថាប័ន​តុលាការ ​និង​មន្ត្រី​អនុវត្ត​ច្បាប់​គួរ​ពិចារណា​អំពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជំម្រះ​ក្តី​ឆាប់​រហ័ស ​និង​ប្រកប​ដោយ​យុត្តិធម៌​ ដោយ​មិន​គួរ​ប្រើ​នីតិវិធី​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​បណ្តោះ​អាសន្ន​រង់​ចាំការ​ឡើង​សវនាការ​ជា​ជម្រើស​អាទិភាព​នោះ​ទេ។​

គិតត្រឹម​ថ្ងៃ​សុក្រ​ទី​៤​ កុម្ភៈ​នេះ​ គឺ​មាន​រយៈ​ពេល​៤៧​ថ្ងៃ​ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​លើ​ដង​វិថី​រដ្ឋ​សភាជាតិ​ក្បែរ​ស្ថានទូត​អូស្ត្រាលី ​និង​ក្បែរ​អគារ​អាជីវកម្ម​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ​ទាំង​៨​រូប​នោះ។​

កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប នាថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កូដករ​ទាំង​អស់​ដែល​បាន​និង​កំពុង​បន្ត​ធ្វើ​កូដកម្ម​អះអាង​ថា​ ពួកគេ​នៅ​តែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​រហូត​ដល់​តំណាង​សហជីព​របស់​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ ហើយ​វិវាទ​ការងារ​ដែល​កើត​មាន​រវាង​បុគ្គលិក​ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សម​ស្រប។​

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២២​ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨​ រួមមាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ ​ជា​ដើម ​បាន​ដាក់​លិខិត​រួមគ្នា​មួយ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ជួប​សួរ​សុខ​ទុក្ខ​តំណាង​សហជីព​ទាំង​៨​នាក់​ក្នុង​មួយ​ខែ​ម្ដង ​ដោយ​គិត​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២២​ទៅ។

មួយ​សប្តាហ៍​ក្រោយ​ការ​ដាក់​លិខិត​ នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ​ចៅក្រុម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​ អ៊ឹម វណ្ណៈ ​បាន​ចេញ​លិខិត​បដិសេធ​ការ​ស្នើ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​៨ ​ដោយ​លើក​មូលហេតុ​ថា ​ សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​ ហើយ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ស្រាវជ្រាវ​អង្កេត​រក​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​ចៅក្រម​ត្រូវ​កោះ​ហៅ​សួរ​បំភ្លឺ។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ​លើក​ឡើង​ថា​ ការ​សួរ​សុខទុក្ខ​របស់​អង្គការ​សង្គម​ស៊ីវិល ​មិន​មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​របស់​តុលាការ​នោះ​ទេ។ ​ លោក​ថា​ ការ​បដិសេធ​មិន​ឲ្យ​សង្គម​ស៊ីវិល​ចូល​សួរ​សុខទុក្ខ​សហជីព​ណាហ្គាវើលដ៍​ទាំង​៨​នាក់​នោះ​អាច​ដោយសារ​អាជ្ញាធរ​មិន​ចង់​ឲ្យ​សង្គម​ស៊ីវិល​បាន​ដឹង​អំពី​ស្ថានភាព​របស់​អ្នក​ដែល​កំពុង​ជាប់​ឃុំ។​

លោក​និយាយ​ថា៖ ​«មួយ​រយៈ​ក្រោយ​នេះ​គឺ​មាន​ការ​រឹតត្បិត​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​នៅ​ក្នុង​ការ​ចូលរួម​ទៅ​សួរ​សុខទុក្ខ។​ អ៊ីចឹង​ហើយ​បាន​យើង​គិត​ថា​ វា​អាច​ជា​ចេតនា​មួយ​នៅ​ក្នុង​ការ​ដែល​រឹតត្បិត​ការ​ចូល​ទៅ​សួរ​សុខទុក្ខ​នេះ ​ដោយ​មើល​ឃើញ​ថាការ​ចូល​ទៅសួរ​សុខទុក្ខ​នេះ​គឺ​ជា​ទម្រង់​មួយ​ដែល​វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​នូវ​ការ​ដែល​ពួក​យើង​ចូល​ទៅ​ ហើយ​យើង​ដឹង​អំពី​ស្ថានភាព​ជាក់​ស្តែង​ ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​សម្រាប់​ពួកគាត់»។​

លោក ​ឃុន ថារ៉ូ បន្ថែម​ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​សកម្ម​ជន​សហជីព​ណាហ្គាវើលដ៍​ទាំង​៨​នាក់​នោះ​បាន​នៅ​ក្រៅ​ឃុំ​ ឈាន​ទៅ​រក​ការ​ចូល​តុ​ចចារ​រក​ដំណោះ​ស្រាយ​សមស្រប​រវាង​ក្រុមហ៊ុន​ និង​បុគ្គលិក។
អ្នក​នាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​ប្លង់ សុផល​ ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA​ ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​កូដករ ​និង​សហជីព​យ៉ាង​ខ្លី​ថា៖ ​«ខ្ញុំ​មិន​ទទួល​បាន​ព័ត៌មាន​នេះ​ទេ»។​

ថ្នាក់​ដឹកនាំ​ និង​សកម្ម​ជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​៨​នាក់​ ក្នុង​នោះ​មាន​ប្រធាន​សហជីព​ទ្រទ្រង់ សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​កញ្ញា ​ឈឹម ស៊ីថរ ​ត្រូវ​បាន​តុលាការ​សម្រេច ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពីបទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ខណៈ​ពួក​គេ​ដឹកនាំ​កូដកម្ម​ប្រឆាំង​នឹង​ការ​បញ្ឈប់​ការងារ​បុគ្គលិក​ជាង​១.៣០០នាក់​ ដោយ​បង្ខំក្នុង​នោះ​ក៏​មាន​សមាជិក​ និង​ថ្នាក់​ដឹកនាំ​សហជីព​និង​ទាមទារ​ការ​ទូទាត់​សំណង​សម​ស្រប​តាម​ច្បាប់​ការងារ។​ ​

អង្គការ​ និង​សហជីព​ទាំង​ជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន​លើក​ឡើង​ថា​ វិវាទ​រវាង​បុគ្គលិក​ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គឺ​ជា​វិវាទ​ការងារ​សុទ្ធ​សាធ។​ ពួកគេ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​ថ្នាក់​ដឹក​នាំ ​និង​សមាជិក​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​បន្ទាន់​ ហើយ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​ពួកគេ​ដោយឥត​លក្ខខណ្ឌ៕​