ភ្នំពេញ៖ ជនជាប់ចោទនួន ជា និងខៀវ សំផននឹងបង្ហាញមុខក្នុងសវនាការដើម្បីសន្និដ្ឋានបញ្ចប់ការកាត់ទោសសំណុំរឿង០០២ វគ្គទី១ នៅថ្ងៃពុធសប្តាហ៍នេះ បើទោះជាពួកគេមានបញ្ហាសុខភាពក៏ដោយ។
សវនាការនេះ នឹងមានរយៈពេល២សប្តាហ៍ គឺពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលាហើយគឺជាឱកាសចុងក្រោយសម្រាប់ជនជាប់ចោទទាំងពីរនាក់ក្នុងការថ្លែងទៅកាន់ក្រុមជំនុំជម្រះសម្រាប់ការកាត់ក្តីវគ្គទីមួយនេះ។
លោកឡាស អលសិន មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម បានថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញនៅរសៀលថ្ងៃច័ន្ទនេះថា លក្ខខណ្ឌវេជ្ជសាស្ត្រសម្រាប់អតីតប្រធានសភាខ្មែរក្រហមនួន ជានិង អតីតប្រមុខរដ្ឋខ្មែរក្រហមខៀវ សំផននៅដដែល។
«យើងរំពឹងថា ខៀវ សំផននឹងមានវត្តមានពេញមួយរយៈពេលនៃសវនាការសន្និដ្ឋានបញ្ចប់ការកាត់ទោសសំណុំរឿង០០២ វគ្គទី១នេះ។ យោងតាមដំណឹងដែលយើងទទួលបានគឺនួន ជាមិនសូវច្បាស់លាស់បន្តិច ដែលថា គាត់អាចនៅក្នុងដំណើរការសវនាការ។ ប៉ុន្តែគាត់នឹងត្រូវនាំខ្លួនមកឲ្យអង្គុយនៅទីនេះ»។
មន្ត្រីសាលាក្តីខ្មែរក្រហមដដែលបញ្ជាក់ថា បើសិនគ្មានអ្វីប្រែប្រួលនោះទេ ជនជាប់ចោទទាំងពីរនឹងត្រូវធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែតុលានេះ ដែលជាថ្ងៃចុងក្រោយនៃសវនាការលើសេចក្តីសន្និដ្ឋានបញ្ចប់ការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី១។
យោងតាមកម្មវិធីរបស់សាលាក្តីខ្មែរក្រហមនៅក្នុងសវនាការសន្និដ្ឋានបញ្ចប់ ការកាត់ទោសសំណុំរឿង០០២ វគ្គទី១នឹងមានការធ្វើសេចក្តីសន្និដ្ឋានរបស់ក្រុមមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដែលជាភាគីតំណាងជនរងគ្រោះដោយរបបខ្មែរក្រហម ជាពិសេសទាក់ទងនឹងសំណងផ្លូវចិត្តជានិមិត្តរូប និងសំណងសមូហភាព។ សហព្រះរាជអាជ្ញានឹងធ្វើសេចក្តីសន្និដ្ឋានការពារបទចោទលើជនជាប់ចោទទាក់ទងនឹងធ្វើការដោយបង្ខំ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា អំពើប្រល័យពូជសាសន៍ ការជម្លៀសប្រជាជន ការសម្លាប់ទាហានលន់ នល់នៅទួលពោធិ៍ជ្រៃ។ ក្រៅពីនោះក៏នឹងមានសេចក្តីថ្លែងការណ៍របស់សហមេធាវីជនជាប់ចោទ ការដេញដោលរបស់សហមេធាវីនាំមុខ និងព្រះរាជអាជ្ញាទល់នឹងមេធាវីរបស់ជនជាប់ចោទជាដើម។
លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា សវនាការចុងក្រោយនៃការកាត់ក្តីសំណុំរឿង០០២ វគ្គ១នេះឈានដល់ ក្រោយពីអង្គជំនុំជម្រះសាលាដំបូងបានបើកសវនការអស់រយៈពេលជាង២០០ថ្ងៃ។
«ការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលនៃសំណុំរឿង០០២ដំណាក់កាលទី១នេះ ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបានបិទបញ្ចប់ការជំនុំជម្រះក្តីនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៣ ដោយបានធ្វើសវនាការចំនួន២១២ថ្ងៃ។ ហើយបានសួរសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណីរហូតដល់៩២រូប»។
សាលាក្តីគ្រោងនឹងចេញសាលក្រមសំណុំរឿង០០២ វគ្គ១ នេះនៅពាក់កណ្តាលឆ្នាំ២០១៤។ ទាំងលោកឡាស អលសិន ទាំងលោកឌឹម សុវណ្ណារុំសុទ្ធតែមិនទាន់អាចបញ្ជាក់បាននៅឡើយ ថាតើការកាត់ក្តីសំណុំរឿង០០២វគ្គទី២នឹងចាប់ផ្តើមនៅពេលណានោះទេ។
យ៉ាងណាក៏ដោយ លោកឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលប្រមូលផ្តុំដោយឯកសារសម័យកម្ពុជាប្រជាធិបតេយ្យដ៏ច្រើនបំផុត គិតថា សេចក្តីសន្និដ្ឋានលើការកាត់ក្តីវគ្គទី១នៃសំណុំរឿង០០២គឺជាការរង់ចាំយ៉ាងអន្ទះសាររបស់ជនរងគ្រោះ។
«សេចក្តីសន្និដ្ឋានជំហានដំបូងនេះ បើយើងគិតទៅ ដូចជាគ្រាប់បាយមួយគ្រាប់។ចំពោះអ្នកដែលស្រេកឃ្លាននៅសម័យខ្មែរក្រហមមានតម្លៃដូចទឹកមួយដំណក់នៅពេលដែលយើងហៀបនឹងស្លាប់អញ្ចឹង។ ទឹកមួយដំណក់ក៏ដោយ នៅពេលដែលយើងហៀបស្លាប់ ហើយយើងបានផឹកទៅមានតម្លៃណាស់។ ហើយសេចក្តីសន្និដ្ឋាននេះបង្ហាញនូវជំហានទៅរកដំណោះស្រាយមួយពីអតីតកាល។ ហើយវានាំមកនូវការធូរស្រាលច្រើនចំពោះមនុស្សរាប់លាននាក់»។
ជាមួយគ្នានេះ លោកឆាំង យុគគិតថា សាលាក្តីខ្មែរក្រហមនៅមានការប្រឈមផ្នែកចាស់ជរារបស់ជនជាប់ចោទ និងបញ្ហាថវិកាសម្រាប់ការកាត់ទោសសំណុំរឿងទី២នេះបន្តទៀត៕