រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី Donald Trump «គ្មានគោលបំណង» ក្នុងការផ្សព្វផ្សាយនូវការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោកនោះទេ ទោះបីជាសេតវិមានជំរុញឲ្យមានការកែទម្រង់ពន្ធដារក៏ដោយ។
ប្រសិនបើគ្មានការបង្ហាញអំពីការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោក Trump ទេ គេមិនអាចស្វែងយល់ឲ្យបានពេញលេញអំពីថាតើសំណើកំណែទម្រង់ពន្ធដារ ដែលបានចាប់ផ្ដើមធ្វើកាលពីថ្ងៃពុធម្សិលមិញ មានផលប៉ះពាល់ប៉ុណ្ណាលើលោក Trump និងលើឥទ្ធិពលអាជីវកម្មរបស់ក្រុមគ្រួសាររបស់លោក នោះទេ។
នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន លោក Trump បានបដិសេធមិនធ្វើការបង្ហាញការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោក ដោយលោកបានពន្យល់ថា គេកំពុងធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់លោក។ ប៉ុន្តែ តាំងពីពេលនោះមក លោកមិនដែលបង្ហាញភស្តុតាងអំពីការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់លោកនោះទេ។ មេធាវីខាងពន្ធដារ បានបញ្ជាក់ថា មិនមានច្បាប់ណាមួយហាមឃាត់បុគ្គលណាម្នាក់ ដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនកំពុងស្ថិតក្រោមការត្រួតពិនិត្យ មិនឲ្យបង្ហាញពីការប្រកាសពន្ធលើប្រាក់ចំណូលរបស់ខ្លួននោះទេ។
លោក Trump បាននិយាយថា លោកប្រហែលជានឹងបង្ហាញពីការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោក នៅពេលដែលការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់លោក បានបញ្ចប់រួចរាល់។ ប៉ុន្តែ លោក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Steven Mnuchin មើលទៅ ដូចជាជួយការពាររឿងមិនបង្ហាញការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោក Trump នេះ កាលពីថ្ងៃពុធម្សិលមិញ។
លោក Steven Mnuchin បាននិយាយយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump គ្មានគោលបំណងបង្ហាញក្នុងការបង្ហាញការប្រកាសពន្ធលើប្រាក់ចំណូលរបស់លោកនោះទេ។ លោកបានបង្ហាញព័ត៌មានជាច្រើនរួចមកហើយ ហើយខ្ញុំគិតថា លោកបានផ្សព្វផ្សាយព័ត៌មានហិរញ្ញវត្ថុរបស់លោក ច្រើនជាងនរណាៗទាំងអស់។ ខ្ញុំគិតថា ពលរដ្ឋអាមេរិកាំងទទួលបានព័ត៌មានគ្រប់គ្រាន់ហើយ អំពីរឿងនេះ»៕