មាតុភូមិ​និវត្តន៍​របស់​លោក​ស្រី មូរ សុខហួរ ​ត្រូវ​ជួប​ឧបសគ្គ​ដោយ​ពុំ​ទាន់​បាន​ទិដ្ឋាការ​ប្រភេទ ​K

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

មក​ទល់ថ្ងៃ​ទី​៤​ខែ​មករា​នេះ លោក​ស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​ខ្លួន​ពុំ​ទាន់​ទទួល​បាន​ទិដ្ឋាការ​ពិសេស​ដែល​ចាំបាច់​ ដើម្បី​វិល​ចូល​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​ស្រី មូរ សុខហួរ ដែល​រង​បណ្ដឹង​រុំ​ខ្លួន​នៅ​ក្នុង​តុលាការ​កម្ពុជា ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា​នេះ តែ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែ​មករា​វិញ(ថ្ងៃ​ចេញ​ពី​សហរដ្ឋ​អាមេរិក) ក្រោមហេតុ​ផល​នៃ​ការ​ផ្អាក​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តៃវ៉ាន់ Eva Air។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន លោកស្រី មូរ សុខហួរ បាន​បង្ហោះ​កាល​វិភាគ​ហោះ​ហើរ​នៃ​ក្រុមហ៊ុន Singapore Airline ចាក​ចេញ​ពី​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​ ចូល​មក​ប្ដូរ​ជើង​យន្ត​ហោះ​នៅ​សិង្ហបុរី មុន​នឹង​បន្ត​ដំណើរ​ដល់​ភ្នំពេញ នៅ​រង្វង់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែ​មករា។

ប៉ុន្តែ​ដោយសារ​លោកស្រី មូរ សុខហួរ ស្ថិត​ក្នុង​ចំណោម​មន្ត្រី ​និង​សកម្មជន​បក្ស​ជំទាស់​៣៩​នាក់ ​ដែល​ត្រូវ​ក្រសួង​ការ​បរទេស​កម្ពុជា​ធ្វើ​មោឃ​ភាព​លិខិត​ឆ្លង​ដែនខ្មែរ​របស់​ពួកគេ​តាំង​ពី​ចុង​ឆ្នាំ​២០១៩ លោកស្រី​ដែល​មាន​សញ្ជាតិ​អាមេរិកាំង ត្រូវពឹងលើ​លិខិត​ឆ្លង​ដែន​អាមេរិកាំង ​ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា។

ប្រការ​នេះ​បង្ក​ជា​ឧបសគ្គ​ខាង​ក្រដាស​ស្នាម​ធ្វើ​ដំណើរ​សម្រាប់​អ្នក​នយោបាយ​រូប​នេះ និងបង្ក​ជា​មន្ទិល​អំពី​លទ្ធភាព​នៃ​ការ​វិល​ត្រឡប់​របស់​លោកស្រី​ដែល​ត្រូវ​ពន្យារ​ទៅ​ចុង​សប្ដាហ៍​ក្រោយ។

លោក​ស្រីមូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង Lowell ​រដ្ឋ​ Massachusetts ​កាល​ពីថ្ងៃ​ទី​២២​ ខែធ្នូ ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បរទេស​និង​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​បរទេស លោកស្រី មូរ សុខហួរ ត្រូវ​តម្រូវ​ឱ្យ​ស្នើ​សុំ​ទិដ្ឋាការ​ពិសេស​ប្រភេទ​ K ដើម្បី​អាច​ចូល​ក្នុង​ប្រទេស​កម្ពុជា​បាន។

បើ​យោង​តាម​អនុក្រឹត្យ​ស្ដីពី​បែប​បទ​ទិដ្ឋាការ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ២០១៦ អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ប្រភេទ ​K ​នេះ​ ត្រូវ​ធ្វើ​តាម​ស្ថានបេសកកម្ម​ការទូត​ឬ​ស្ថាន​អគ្គ​កុងស៊ុល និង​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​នៅ​បរទេស ឬ​នៅ​ច្រកទ្វារ​អន្តរ​ជាតិ។ អ្នក​កាន់​ទិដ្ឋាការ​ប្រភេទ​ K​ នេះ អាច​ស្នាក់​នៅ​កម្ពុជា​រហូត​ដល់​អស់​សុពលភាព​លិខិត​ឆ្លង​ដែន។

អនុក្រឹត្យ​ឆ្នាំ​២០១៦​ដដែល​នេះ​ចែង​ថា៖ «ចំពោះ​ការ​ស្នើ​សុំ​ទិដ្ឋាកា​រ​ប្រភេទ​ K សាមីជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​បញ្ជាក់​ថា​ពិត​ជា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត»។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៤ ខែ​មករា ឈ្មោះ​របស់​លោកស្រី មូរ សុខហួរ នៅ​បន្ត​មាន​វត្តមាន​ក្នុង​គេហ​ទំព័រ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អេឡិចត្រូនិក​(voterlist.nec.org.kh) របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​(គ.ជ.ប) នៅ​ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង ដែល​បញ្ជាក់​ថា​ជា​ពលរដ្ឋ​ខ្មែរ។

ប៉ុន្តែ​ដោយ​សារ​តែ​វិធាន​ការរឹតបន្តឹងទប់​ស្កាត់ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ការ​ស្នើ​សុំ​ទិដ្ឋាការ​ពេល​មកដល់​ច្រក​ទ្វារ​អន្តរ​ជាតិ និង​ការ​ស្នើ​សុំ​តាម​ប្រព័ន្ធ​ឌីជីថល​(E-Visa) ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ដែល​បង្រួញ​ច្រក​នៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​តាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេសតែ​ប៉ុណ្ណោះ។

ការ​ព្យាយាម​ពីរ​លើក ដោយ​មួយ​លើក​នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​លើក​ចុង​ក្រោយ​នៅ​ស្ថាន​កុង​ស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង​ឡូវែល ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​របស់​លោក​ស្រី មូរ សុខហួរ មិនបាន​ជោគ​ជ័យ​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​នយោបាយ​រូប​នេះ។

លោកស្រី​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«ខ្ញុំ​បាន​ទៅ​សុំ​ដាក់​វីសា​K​ដែរ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កុង​ស៊ុល​នៅ​ឡូវែល ក៏​មិន​ទាន់​ឆ្លើយ​ថា​ខ្ញុំ​បាន​ទទួល​ឬ​មិន​ទាន់​បាន​ទទួល​ទេ។ តែ​សំណួរ​នេះ​គួរ​តែ​ត្រូវ​បាន​សួរ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន វិញ ព្រោះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​បំពេញ ខ្ញុំ​បំពេញ​ហើយ​អស់​ហើយ»។

លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​VOA​នៅ​ថ្ងៃ​ទី​៤​ខែ​មករា​នេះ​ថា មិន​មាន​ការ​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឱ្យ​ដឹក​លោក​ស្រី មូរ សុខហួរ និង​សហការី​ចូល​មក​កម្ពុជា​ឡើយ។

លោក​បញ្ជាក់​ថា៖ «ការ​ហាម​ឃាត់​មិន​ឱ្យ​ Boarding អី អត់​មាន​ផង ព្រោះ​តែ​ឮ​ថា​គាត់​អត់​បាន​វីសា​ផង គាត់​ចូល​ស្រុក​ខ្មែរ​យ៉ាង​ម៉េច សំខាន់​អាហ្នុង​ទេ»។

លោក សៅ វឌ្ឍនា នាយក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ បាន​ប្រាប់​VOA​ថា​បើ​គ្មាន​ទិដ្ឋាការ​ប្រភេទ ​K​ ទេ លោកស្រី មូរ សុខហួរ នឹង​មិន​អាច​ទទួល​ការ​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ជើង​យន្តហោះ​ពី​សិង្ហបុរី​មក​កម្ពុជា ដ្បិត​នេះ​ជា​នីតិវិធី​នៃ​ការ​ផ្ទុក​អ្នក​ដំណើរ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​ជា​ទូទៅ ខាង​Airline (អាកាស​ចរណ៍) គេ​អត់​ឱ្យ គេ​អត់​ Boarding ឱ្យ​ទេ បាទ។ គេអត់​ឆែក​ឱ្យ​ទេ​បាទ។ ទា​ល់តែ​ Airline គេ​ត្រួត​ពិនិត្យ​ទៅ បើ​មាន​[ទិដ្ឋាការ]​ បាន​គេ​ឱ្យ​មក អ៊ីចឹង​ណា»។

ចំពោះ​ចំណាត់​ការ​ពី​អាជ្ញាធរ ក្នុង​ករណី​ដែល​លោកស្រី មូរ សុខហួរ អាច​មក​ដល់​កម្ពុជា លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

នាយ​ឧត្ដម​សេនីយ៍ កែវ វណ្ណថន អគ្គនាយក​រង​អន្តោ​ប្រវេសន៍ បាន​ឆ្លើយ​យ៉ាង​ខ្លី មុន​បិទ​ទូរស័ព្ទ​ថា៖

«ធម្មតា តែ​មក​ខុស​ច្បាប់ គឺ​ថា​អនុវត្ត​ច្បាប់​ហើយ មិន​ថា មូរ សុខហួរ ទេ នរណា​ក៏​ដោយ [ឲ្យ]​តែ​ខុស​ច្បាប់!»។

លោក កែវ វណ្ណថន បដិសេធ​មិន​និយាយ​បន្ថែម នៅ​ពេល​ត្រូវ​សួរ​ថា​ការ​អនុវត្ត​ច្បាប់​នោះ ត្រូវ​ចាប់​ខ្លួន​លោកស្រី មូរ សុខហួរ ទៅ​ទទួល​ទោស​ដែល​រង់ចាំ​នៅ​ក្នុង​តុលាការ ឬ​ក៏​បញ្ជូន​ទៅ​អាមេរិក​វិញ។

VOA​មិន​ទាន់អាច​ទាក់ទង​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​តំណាង​ក្រុមហ៊ុន Singapore Airline និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Silk Air បាន​នៅ​ឡើយ ដើម្បី​បំភ្លឺ​ផ្ទៀងផ្ទាត់។

តែ​លោក កុយ គួង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរ​ភាសា​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ២០១៩​ថា ការ​ធ្វើ​មោឃភាព​លិខិត​ឆ្លង​ដែន​កម្ពុជា​ដល់​ជន​ទាំង​៣៩​រូប​នោះ​ គឺ​ដោយ​សារ​ពួក​គេ«​រត់​គេចខ្លួនពី​សំណាញ់​ច្បាប់ប្រទេស​ខ្មែរ»។ គ្រា​នោះ លោក​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

តែ​ស្ថាន​ទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ស្ថាន​កុង​ស៊ុល​កិត្តិយស​កម្ពុជា​នៅ​ក្រុង​ឡូវែល បាន​បិទ​ទ្វារ​មិន​ទទួល​លោកស្រី មូរ សុខហួរ និង​សហការី​ឡើយ។

​បើ​មាន​លទ្ធភាព​ជាន់​ទឹក​ដី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោកស្រី មូរ សុខហួរ រំពឹង​ថា៖ «បើ​មិន​ចាប់​ខ្លួន ក៏​ធ្វើ​ចត្តាឡីស័ក​ដែរ​ដែល​ខ្ញុំ​ទទួល​យក ចាប់​ខ្លួន ក៏​ខ្ញុំ​ទទួល​យក ក៏​ប៉ុន្តែ​គោរព​នូវ​សិទ្ធិ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គោរព​អ្វី​ដែល​ជា​គោល​ការណ៍​ដែល​ជន​ជាប់​ចោទ​ត្រូវ​តែ​មាន​វត្តមាន មាន​ឱកាស មាន​សិទ្ធិ​ទៅ​ឆ្លើយ​ដោះ​បន្ទុក​ពី​ការ​ចោទ​ប្រកាន់»។

លោកស្រី​ មូរ សុខហួរ អះអាង​ថា លោក នុត រំដួល និង​លោក ម៉ែន សុថាវរិន្ទ្រ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឯកជន​ចំនួន​៧​រូប​ទៀត​គ្រោង​រួម​ដំណើរ​ជាមួយ​លោកស្រី​មក​កម្ពុជា។

អនុ​ប្រធាន​បក្ស​ជំទាស់​រូប​នេះ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​បក្ស​ត្រូវ​ចាប់​ខ្លួន​ពី​បទ«ក្បត់​ជាតិ»​ និង​មុន​ពេល​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាល​ដីកា​តុលាការ​កំពូល​របស់​កម្ពុជា​កាល​ពី​ជាង​៣​ឆ្នាំ​មុន៕