ការ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​សម្រាប់​ក្រុម​តាលីបង់​៥នាក់​នឹង​ត្រូវ​បញ្ចប់

ផ្នែក​ខាង​ក្រៅ​នៃ​ Camp Delta នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​អាមេរិក​នៅ​ Guantanamo Bay។

ការ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរដែល​បាន​ដាក់កំហិត​លើ​ក្រុម​មន្ត្រី​តាលីបង់​អាហ្វហ្គានីស្ថាន​ជាន់ខ្ពស់​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​ស.រ.អា.​នៅ​ក្នុង​ការ​ប្តូរ​អ្នកទោស​កាល​ពី​ឆ្នាំ​មុននឹង​ផុត​កំណត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

ក្រុម​មន្ត្រី​តាលីបង់​ទាំង​ប្រាំ​នាក់​នេះ​បាន​ឋិត​នៅ​ក្នុង​ប្រទេស​កាតា​ចាប់​តាំងពី​ឆ្នាំ​ទៅ​មិញ​នៅ​ពេល​ពួកគេ​បាន​ត្រូវ​ដោះលែង​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​ក្រុម​បះបោរ​បាន​ឃុំឃាំង​ជិត​៥ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​ជិត​ដល់​ទី​បញ្ចប់​នៃ​ការ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​នេះ​បាន​ធ្វើ​ឱ្យ​សមាជិក​សភា​អាមេរិកាំង​និង​ក្រុម​អ្នក​ធ្វើ​ការ​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​មាន​ការ​ព្រួយបារម្ភ​ថា​ក្រុម​អតីត​យុទ្ធជន​តាលីបង់​ទាំង​នេះ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សមរភូមិ​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ស.រ.អា.​និយាយ​ថា ពួកគេ​មាន​ការ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​នៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន និង​ប្រទេស​កាតា​ ក៏​ប៉ុន្តែ​គ្មាន​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​លទ្ធភាព​នៃ​ការ​បន្ត​ការ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើដំណើរ​នោះ​ទេ។

ក្រុម​អតីត​អ្នកទោស​ទាំង​នេះ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ក្រុម​តាលីបង់​ដែល​បាន​ត្រួតត្រា​ប្រទេស​អាហ្វហ្គានីស្ថាន និង​ជា​ម្ចាស់​ផ្ទះ​ដែល​បាន​ទទួល​បណ្តាញ​ភេរវជន​ al-Qaida ឱ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ពី​ឆ្នាំ​១៩៩៦​រហូត​ដល់​សប្តាហ៍​ចុង​ក្រោយនៃ​ឆ្នាំ​២០០១។ ​កងកម្លាំង​ស.រ.អា.​និង​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​បណ្តេញ​និង​បំបែក​ពួក​តាលីបង់​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ពួក al-Qaida ទៅ​លើ​ស.រ.អា.​កាល​ពី​ថ្ងៃ​ទី១១​ ខែ​កញ្ញា ​ឆ្នាំ២០០១៕