ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានធ្វើដំណើរទៅដល់ប្រទេសចិននៅថ្ងៃពុធនេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃ មានគោលដៅពិភាក្សាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្សនិងជាពិសេសបញ្ហាប្រទេសអ៊ុយក្រែនជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅពេលមានចំណងទាក់ទងជិតស្និទ្ធជាងមុនរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងមូស្គូ។
លោក Macron បាននិយាយប្រាប់ការប្រជុំមួយនៃសហគមន៍បារាំងនៅក្នុងក្រុងប៉េកាំងថាទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីមានន័យថាចិន«អាចបំពេញមុខនាទីធំមួយ»ក្នុងការរកសន្តិភាពឱ្យអ៊ុយក្រែន។
ទស្សនកិច្ចនេះជាទស្សនកិច្ចលើកទីមួយរបស់លោក Macron ទៅកាន់ប្រទេសចិនតាំងពីឆ្នាំ២០១៩ ហើយជាទស្សនកិច្ចលើកដំបូងរបស់លោកស្រី von der Leyen ទៅកាន់ប្រទេសនេះក្នុងឋានៈលោកស្រីជាប្រធានអង្គការនីតិប្រតិបត្តិនៃសហភាពអឺរ៉ុប។ ពួកអ្នកវិភាគនិងពួកមន្ត្រីមិនបានរំពឹងច្រើនថានឹងមានការទម្លាយភាពទាល់ច្រកធំដុំណាមួយទេ ទោះជាមេដឹកនាំទាំងពីរនាក់នេះទំនងជានឹងនិយាយជាមួយចិនឱ្យកម្រិតការគាំទ្ររបស់ខ្លួនដល់ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
គេរំពឹងថាលោក Macron និងលោកស្រី von der Leyen នឹងធ្វើការចរចាជាមួយលោក Xi នៅថ្ងៃព្រហស្បតិ៍។ លោក Macron ក៏មានកំណត់នឹងទៅទស្សនាក្រុង Guangzhou នាប៉ែកខាងត្បូងប្រទេសចិនដែរ។
ពួកអ្នកវិភាគនិយាយថាទស្សនកិច្ចនេះមានគោលដៅបង្ហាញគោលជំហររបស់អឺរ៉ុបដល់ចិន នៅពេលមានការខ្វែងគំនិតគ្នាច្រើនជាងមុន។ ការកែលម្អចំណងទាក់ទងគ្នាមានសារៈសំខាន់ខ្លាំងសម្រាប់ភាគីទាំងពីរ មានរួមឋានៈរបស់ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប។
នៅក្នុងសុន្ទរកថាមួយដែលត្រូវបានពួកមន្ត្រីចិនរិះគន់ លោកស្រី von der Leyen បានព្រមានរដ្ឋាភិបាលប៉េកាំងប្រឆាំងនឹងការគាំទ្រដោយផ្ទាល់ដល់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងបានពណ៌នាទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិនថា«នៅឆ្ងាយពីគ្នានិងមានការពិបាកជាងមុន»។
លោកស្រី Von der Leyen បានយល់ថាចិន«សង្កត់សង្កិនជាងមុននៅខាងក្នុងប្រទេសនិងគឃ្លើនជាងមុននៅក្រៅប្រទេស»។ លោកស្រីក៏បានបដិសេធសេចក្តីសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងវិនិយោគជាថ្មីជាមួយប្រទេសចិន ដោយលោកស្រីបានមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះត្រូវតែ«វាយតម្លៃជាថ្មី»នៅខាងក្នុងយុទ្ធសាស្ត្រធំជាងមុនរបស់សហភាពអឹរ៉ុបអំពីប្រទេសចិន៕