កិច្ចចរចា​ភាព​ជា​ដៃ​គូ​ឆ្លង​កាត់​មហាសមុទ្រ​​ប៉ាស៊ី​ហ្វិកបាន​បញ្ចប់​ដោយ​មិន​មាន​ការ​ព្រមព្រៀង​

រដ្ឋមន្រ្តី​បណ្តា​ប្រទេស​​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ពិភាក្សា​ពី​ដំណើរ​ការ​វិវត្ត​ទៅ​មុខ​នៃ​កិច្ចចរចា​នៅ​កោះ​ហាវ៉ៃ នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ២០១៥។

នៅឯ​សន្និសីទកាសែត​កាល​ពី​យប់​ថ្ងៃ​សុក្រ ​លោក Michael Froman តំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋអាមេរិក​និយាយ​ថា ​ប្រទេស​ចំនួន១២ ​ដែល​ពាក់ព័ន្ធ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដ៏​សំខាន់​ ហើយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ជាង​ពេល​ណា​ទាំងអស់​លើ​លទ្ធភាព​ដែល​កិច្ចព្រម​ព្រៀង​អាច​នឹងកើត​មាន។

​កិច្ចចរចា​ភាព​ជា​ដៃ​គូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក(TPP) ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ ​ហើយ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​គេ​គិត​ថា ខិត​ទៅ​ជិត​ដំណាក់កាល​រួច​ចប់​សព្វ​គ្រប់។​ នៅ​សប្តាហ៍​នេះ ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​បាន​ជួបជុំ​គ្នា​នៅ​កោះ​ហាវ៉ៃ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្មុគ​ស្មាញ​មាន​ការ​បោះជំហាន​ទៅ​មុខ។​ កិច្ច​ព្រម​ព្រៀង​ឆ្លង​កាត់មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​នឹង​គ្រប​ដណ្តប់​សេដ្ឋ​កិច្ច​សាកល​លោក​ចំនួន​៤០​ភាគរយ។

​គ្មាន​កាលបរិច្ឆេទ​បាន​ត្រូវ​កំណត់​សម្រាប់​ជំនួប​លើក​ក្រោយស្តីពី​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ​ក៏​ប៉ុន្តែ ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្មបាន​និយាយ​ថា ​ការ​ធ្វើការ​ងារ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នឹង​ជឿន​លឿន​ទៅ​មុខ។

បញ្ហា​នេះ​ជាហេតុផល​នយោបាយ ​ដែល​រួមមាន​កិច្ច​ខំ​ប្រឹងប្រែង​ធ្វើ​ការ​នាំអង្ករ​កាន់​តែ​ច្រើនទៅ​កាន់​ប្រទេស​ជប៉ុន​ ​ការ​នាំ​ស្ករស​កាន់​តែ​ច្រើន​ចូល​មកក្នុង​សហរដ្ឋ​អាមេរិក​ ​ការ​ចេញ​ចូល​ទីផ្សា​រ​ទឹក​ដោះគោ​របស់​ប្រទេស​កាណាដា ​និង​ការពង្រីក​ការ​ការពារ​ប៉ាតង់​ដល់​កម្រិត​ឱសថ​ថ្មី​មួយ​ប្រកប​ដោយ​ការ​សន្យា​សម្រាប់​រយៈ​ពេល​១២​ឆ្នាំ។

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មុន​ៗ ​បានផ្តោត​លើការ​កាត់​បន្ថយ​ពន្ធ​នាំ​ចេញ​នាំ​ចូល​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​ចំណាយ​ទាប​ជាង​មុន៕