ចំនួនភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបមានការកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំមុនប៉ុន្តែចំណូលមានការកើនឡើងបន្តិចបន្តួច។ នេះបើតាមការប្រកាសឱ្យដឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃសុក្រនេះ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ចំណូលក្នុងរយៈពេល៨ខែដើមឆ្នាំនេះមានចំនួន៣៩,៨២លានដុល្លារគឺមានការកើនឡើង០,០៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។ ក្នុងខណៈពេលដែលភ្ញៀវទេសចរមានចំនួន១.៤០៤.១០៧នាក់ដែលជាការកើនឡើងចំនួន១,៩២ភាគរយ បើប្រៀបធៀបនឹងរយៈពេល៨ខែ ដើមឆ្នាំដូចគ្នានេះ។
ការប្រកាសពីចំណូលកើនឡើងនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងទេសចរណ៍កម្ពុជាប្រកាសថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកក្នុងប្រទេសតាមច្រកប្រទេសថៃមានការថយចុះ១០ភាគរយ ដោយសារតែការវាយប្រហារដោយដាក់គ្រាប់បែកក្នុងប្រទេសថៃ៕