ចំនួននាវាដឹកទំនិញ និងនាវាដឹកអ្នកដើរកម្សាន្ត ដែលឆ្លងកាត់តាមកំពង់ផែខេត្តព្រះសីហនុនៅតែបន្តកើនឡើង នេះបើតាមមន្រ្តីកំពង់ផែព្រះសីហនុ។
មានទំនិញជាង២,២លានតោនបានឆ្លងកាត់តាមកំពង់ផែនេះក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងប្រហែល២០០.០០០តោនលើសឆ្នាំមុន។ នេះជាសញ្ញាមួយនៃកំណើនសេដ្ឋកិច្ច ដែលមានន័យថា ទាំងទំនិញនាំចូល និងទំនិញនាំចេញមានការកើនឡើង។ លោកលូ គឹមឈុន អគ្គនាយកកំពង់ផែព្រះសីហនុបានប្រាប់វីអូអេខ្មែរថា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងវត្ថុធាតុដើមសម្រាប់វាយនភណ្ឌត្រូវបាននាំចូល ខណៈពេលដែលវាយនភណ្ឌដែលផលិតហើយ និងផលិតផលកសិកម្ម ដូចជាអង្ករជាដើម ត្រូវបាននាំចេញទៅក្រៅប្រទេស ដូចជាទៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។
នៅក្នុងឆ្នាំនេះ មានទំនិញចំនួនជាង១,៦លានតោនត្រូវបាននាំចូល ហើយទំនិញចំនួន៦០៧.០០០តោនត្រូវបាននាំចេញ។
លោកគឹមឈុនបាននិយាយថា៖ «ភាគច្រើននៃទំនិញនាំចេញគឺអង្ករ និងផលិតផលវាយនភណ្ឌ ដែលនាំចេញទៅអឺរ៉ុបនិងអាមេរិក»។
លោកបាននិយាយថា ទំនិញ ដែលឆ្លងកាត់កំពង់ផែ អាចមានការកើនឡើងចំនួន២០ភាគរយនៅចុងឆ្នាំនេះ។ នៅក្នុងឆ្នាំ២០១៤ មានទំនិញចំនួន៣,៤ លានតោនត្រូវបានដឹកឆ្លងកាត់កំពង់ផែនេះ គឺកើនពី៣លានតោនដែលឆ្លងកាត់កំពង់ផែនេះកាលពីឆ្នាំ២០១៣។
លោកគឹមឈុនបានបន្ថែមថា ចំនួននាវាដឹកអ្នកដំណើរកម្សាន្តចូលនិងចេញពីកំពង់ផែនេះក៏មានការកើនឡើងដែរ។ មាននាវាចំនួន៧៧១គ្រឿងបានឆ្លងកាត់កំពង់ផែនេះអំឡុងពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះ បើប្រៀបធៀបទៅឆ្នាំទៅគឺមាននាវាចំនួន៦៣៦គ្រឿងប៉ុណ្ណោះបានឆ្លងកាត់កំពង់ផែនេះក្នុងរយៈពេលដូចគ្នា។ នាវាដែលមានទំហ៊ំធំអាចផ្ទុកមនុស្សបានចំនួន ១៩០០នាក់ ហើយនាវាដែលមានទំហំតូចអាចផ្ទុកមនុស្សបានពី៥០០ទៅ៦០០នាក់។
លោកបាននិយាយថា ដោយសារតែកំពង់ផែនេះមានភាពរវល់ខ្លាំងហើយទំនិញឆ្លងកាត់មានការកើនឡើង ដូច្នេះកំពង់ផែនេះនឹងត្រូវបំពាក់នូវគ្រឿងចក្រធុនធ្ងន់បន្ថែមទៀតដើម្បីជួយជំរុញដល់ការដឹកទំនិញកាន់តែច្រើន៕