ជំនួយការជាន់ខ្ពស់សេតវិមានខាងកិច្ចការអាស៊ីផ្លាស់ទៅក្រសួងការបរទេស ខណៈបញ្ហាប្រឈមរវាងអាមេរិកនិងចិនកាន់តែក្តៅ

​រូបឯកសារ៖ អ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សម្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន លោក Kurt Campbell ថ្លែងនៅក្នុងសវនាការមួយរបស់​ព្រឹទ្ធសភា​សម្រាប់​ការ​តែងតាំង​តំណែងរបស់​លោក​នៅ​ក្រសួងការបរទេស នៅវិមាន​សភាអាមេរិក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ រដ្ឋបាល​លោក Biden ​ឥឡូវនេះ ​កំពុង​ផ្តោត​លើការ​អនុវត្ត​គោលដៅ របស់​ខ្លួន​សម្រាប់​ឥណ្ឌូប៉ាស៊ីហ្វិក​ នៅពេល​អ្នក​រៀបចំ​យុទ្ធសាស្រ្ត​សេតវិមាន​ដែល​បាន​ផ្តួចផ្តើម​គោលនយោបាយ​សម្រាប់​តំបន់នេះ ផ្លាស់ទៅ​ក្រសួង​ការបរទេស។

លោក Kurt Campbell ​ដែល​បាន​បម្រើ​ការ​ជា​អ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សម្រាប់​ ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​បាន​ផ្តួចផ្តើម​យុទ្ធសាស្រ្ត​ដែល​ជំរុញ​សម្ពន្ធមិត្ត​និង​ដៃគូឱ្យ​សហការ​លើ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់ រួមមាន​ការ​ទប់ទល់​នឹងការ​កើនឡើង​អតុល្យភាព​របស់​ប្រទេស​ចិន និង​ផល​ប៉ះពាល់​ពីការ​គំរាម​កំហែង​របស់​កូរ៉េ​ខាងជើង។ លោក​ចូល​កាន់​តំណែង​ថ្មី​នៅ​ក្រសួង​ការបរទេស។

លោក​ចូលកាន់​តំណែង​ជា​អនុរដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ដែលនៅ​ទំនេរ​តាំងពី​ខែកក្កដា​ នៅពេល​ដែល អ្នកស្រី Wendy Sherman ចូល​និវត្តន៍។ ព្រឹទ្ធសភា​បាន​បោះឆ្នោត​ជ្រើសតាំង​លោក Campbell នៅ​ថ្ងៃទី ​៦ ខែកុម្ភៈ​ បន្ទាប់​ពីលោក​ប្រធានាធិបតី Joe Biden បាន​តែង​តាំង​លោកឱ្យ​កាន់​តំណែងនេះ​កាលពី​ខែវិច្ឆិកា។

តំណែង​របស់​លោក​ Campbell ជា​អ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ នឹង​ត្រូវ​ទុកចោល នេះបើតាមសេចក្តីរាយការណ៍​របស់កាសែត Financial Times ​នៅថ្ងៃ​ទី ៦​ ខែកុម្ភៈ។

អ្នកជំនាញ​បាននិយាយថា​ បើសិន​រដ្ឋបាល​លោក Biden ​មិន​បំពេញ​តំណែង​មន្ត្រី​កិច្ចការ​ឥណ្ឌូប៉ាស៊ីហ្វិក​ទេ នោះ​វា​បង្ហាញ​សញ្ញាថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឥឡូវ​នេះ​កំពុង​ផ្តោត​លើ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​លោក​បាន​កំណត់​រួច​ហើយ។

លោក Daniel Russel ដែល​បាន​បម្រើការ​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សម្រាប់​កិច្ចការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​ ក្នុង​អំឡុង​រដ្ឋបាល​លោក ​អូបាម៉ា ​បាន​និយាយ​ថា៖ «គំនិត​ផ្តួច​ផ្តើម​សំខាន់ៗ​ដូចជា​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក ​និង​កិច្ចប្រជុំ​កំពូល Camp David ជា​លទ្ធផល​នៃការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល Biden ដើម្បី​បង្កើត​តំណែង​ថ្មី​សម្រាប់អ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក‍»។

«ក្រោយពីគំនិត​ផ្តួចផ្តើម​ទាំងនោះ​ និង​គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត​ត្រូវបាន​ចាប់​ផ្តើម​ ហើយ​ការ​សម្រប​សម្រួល​អន្តរ​ទីភ្នាក់ងារ​ស្តីពី​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​បាន​ពេញលក្ខណៈ​រួចរាល់អស់ហើយ កិច្ចប្រឹងប្រែង​របស់​រដ្ឋបាលក្នុងការ​អនុវត្ត​ ហើយនឹង​សេចក្តីត្រូវការ​តំណែង «អ្នក​សម្រប​សម្រួល‍» នៅ​ក្នុង​សេតវិមាន បានថមថយវិញ‍»។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក Russel តាម​សារ​អ៊ីមែល​នៅថ្ងៃទី​ ១៣ ​ខែកុម្ភៈ។ លោកជា​អនុប្រធាន​ផ្នែក​សន្តិសុខ​អន្តរជាតិ​ និងការទូត​នៅ​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី។

លោក​ Biden បាន​តែងតាំង​លោក Campbell ជា​អ្នក​សម្រប​សម្រួល​សេតវិមាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពីខែមករា ​ឆ្នាំ​ ២០២១។ ការ​បង្កើត​មុខតំណែង​ថ្មី​បាន​កើតឡើង​ចំ​ពេល​ដែល​ភាព​គគ្លើន​របស់​ចិនកាន់តែ​កើន​ឡើង​នៅក្នុង​តំបន់។

រូបឯកសារ៖ មេដឹកនាំរបស់​ប្រទេស​សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌាដែលជាសមាជិក​នៃ​កិច្ចព្រមព្រៀងអន្តរតំបន់ក្រៅផ្លូវការដែលហៅថា QUAD ពីភាក្សាគ្នា​ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោក Campbell បានដើរតួនាទីយ៉ាងសំខាន់​ក្នុងជំនួប​រវាង​មេដឹកនាំកូរ៉េ​ខាងត្បូង​ និង​ជប៉ុន នៅក្នុងកិច្ច​ប្រជុំ​កំពូល​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ Camp David ក្នុង​ខែសីហា។ ប្រទេស​ទាំងពីរ​បានយក​គំនុំ​ជាប្រវត្តិសាស្ត្រ​របស់​ពួកគេ ទុកមួយឡែក ហើយ​បាន​យល់ព្រម​ធ្វើការ​រួមគ្នា​ប្រឆាំង​នឹង​ភាព​គគ្លើន​ក្នុង​តំបន់​របស់​ប្រទេស​ចិន​ និងការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង។

លោក Campbell បាន​ដឹកនាំ​ការបើក​កិច្ចប្រជុំក្រុមប្រឹក្សា​នុយក្លេអ៊ែរ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែ​កក្កដា​ក្នុង​ទីក្រុង​សេអ៊ូល ​ដើម្បី​ពង្រឹង​សម្ពន្ធភាព​ទ្វេភាគី​ និង​ធានា​ឡើងវិញ​ចំពោះ​កូរ៉េ​ខាងត្បូង​អំពីការ​ទប់ទល់របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​គំរាម​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់។

លោក​ក៏បាន​កែប្រែ​កិច្ច​ព្រមព្រៀង​អន្តរ​តំបន់​ក្រៅ​ផ្លូវការ​ដែលហៅថា ​QUAD​ ក្នុង​ចំណោម​ប្រទេស​អូស្ត្រាលី​ ឥណ្ឌា ​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក​ក្នុង​ខែមីនា ​ឆ្នាំ​២០២១​ ហើយបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​បង្កើត​ភាព​ជាដៃ​គូ​សន្តិសុខ​ត្រីភាគី​ក្នុង​ចំណោម​ប្រទេស​អូស្ត្រាលី​ សហរដ្ឋ​អាមេរិក​ និង​សហរដ្ឋ​អាមេរិក​ ឬ AUKUS កាលពី​ខែកញ្ញា ​ឆ្នាំ ២០២១។ ចិនចាត់​ទុក​សម្ពន្ធមិត្ត​ទាំងពីរ​ថា​ជា​សម្ពន្ធភាព​សន្តិសុខ​ដែល​គំរាម​កំហែង​ដល់​កំណើន​ឥទ្ធិពល​របស់​ខ្លួនក្នុង​តំបន់។

លោក Patrick Cronin ប្រធាន​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​នៅ​វិទ្យាស្ថាន​ Hudson បាន​និយាយ​តាមរយៈ​អ៊ីមែល​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «តួនាទីស្នូល​របស់លោក Campbell ក្នុង​រយៈពេល​បីឆ្នាំ​ចុងក្រោយ​នេះ​ក្នុងការ​កំណត់​យុទ្ធសាស្រ្ត​ដើម្បី​ប្រកួត​ប្រជែង ​ដើម្បី​សហប្រតិបត្តិការ​ និង​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន នាំឱ្យមានមាគ៌ាច្បាស់លាស់មួយ​សម្រាប់​ ចូលរួម​ជាមួយ​សម្ពន្ធមិត្ត​ និង​ដៃគូ​ ក្នុងការ​ដោះស្រាយ​ជាមួយ​ចិន​ និង​ជួយ​សហរដ្ឋ​អាមេរិក​ចរចា​ដោយ​មាន​ទម្ងន់»។

លោក Cronin បាន​បន្ត​ទៀតថា​៖ «អវត្តមាន​របស់​លោក​ជាអ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូប៉ាស៊ីហ្វិក​នឹង​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ដោយសារ​វត្តមាន​របស់​លោក​នៅ​ក្រសួង​ការបរទេស​ និង​ក្រុម​ឆ្នើម​ដែល​លោក​បាន​បន្សល់ទុក​នៅសេតវិមាន​ដើម្បី​ជួយ​អនុវត្ត​ចក្ខុវិស័យ​ដែល​លោក​បាន​ជួយ​បង្កើតឡើងនោះ‍»។

ប៉ុន្តែ​ក្តី​បារម្ភ​នៅតែ​មាន​ចំពោះ​មុខតំណែង​ទំនេរ​សម្រាប់​តំបន់​ដែល​ពោរពេញ​ទៅ​ដោយការ​គំរាម​កំហែង​ដែលកាន់តែកើនឡើងពីកូរ៉េ​ខាងជើង​ និង​ទង្វើ​គាបសង្កត់​ដោយ​ប្រទេស​ចិន។​ នេះ​បើយោង​តាម​អ្នកវិភាគ​មួយ​ចំនួន។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រៀមជួបពិភាក្សាគ្នា​ នៅទីក្រុង Woodside រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Dennis Wilder នាយក​ជាន់ខ្ពស់​សម្រាប់​អាស៊ីបូព៌ា​នៅក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​ក្នុង​អំឡុង​រដ្ឋបាល​លោក George W. Bush បាន​និយាយ​តាម​រយៈអ៊ីមែល​ថា៖ «រដ្ឋបាលលោក Biden គួរតែ​ពិចារណា​ឡើងវិញ​នូវការ​សម្រេច​ចិត្ត​របស់ខ្លួន​ដើម្បី​មិនទុក​តំណែង​នេះ នៅពេល​មានភាព​មិន​ច្បាស់​លាស់​ច្រើន​អំពី​ចេតនា​របស់​កូរ៉េ​ខាងជើង​និង​ចិន‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង ​KCNA ​បាន​និយាយ​កាលពី​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ​ថា ប្រទេស​នេះ​បាន​សាកល្បង​កាំជ្រួច​ថ្មី​បាញ់​ពីដី​ទៅ​សមុទ្រ​ ក្រោមការ​គ្រប់គ្រង​របស់​មេដឹកនាំ ​Kim Jong Un កាលពី​មួយ​ថ្ងៃ​មុន។ នេះជាការ​បាញ់​សាកល្បង​កាំជ្រួច​ចេញ​ពីនាវា​លើក​ទីប្រាំ​របស់​របប​នេះ​នៅឆ្នាំ​នេះ ខណៈ​ដែល​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​គំរាម​ចាត់​វិធានការ​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​កូរ៉េ​ខាងត្បូង។

ប្រទេសចិនបន្ត​រករឿងប្រទេស​ជិតខាង​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ​ដើម្បីអះអាង​អធិបតេយ្យភាព​របស់​ខ្លួន​លើដែនសមុទ្រដែល​មាន​ជម្លោះ។

ក្រៅពី​បញ្ហា​សន្តិសុខ​ លោក Wilder ដែល​បច្ចុប្បន្ន​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​សម្រាប់​គំនិត​ផ្តួច​ផ្តើម​សម្រាប់​កិច្ច​សន្ទនា​អាមេរិក-ចិន​លើ​បញ្ហា​សកល​នៅ​សាកល​វិទ្យាល័យ ​Georgetown ​បាន​និយាយ​ថា៖ «អាទិភាព​ចម្បង​ដែល​មិន​ត្រូវបានបំពេញ​នៅក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់លោកBiden គឺគោល​នយោបាយ​ពាណិជ្ជកម្ម‍»។

លោក Wilder បាន​និយាយ​តាមអ៊ីមែល​កាល​ពីថ្ងៃទី ១៤​ ខែកុម្ភៈ​ថា៖ «ការ​ប៉ុនប៉ង​របស់​ក្របខណ្ឌ ឥណ្ឌូប៉ាស៊ីហ្វិក (​IPEF) ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ត្រូវ​បាន​ជាប់​គាំង​ដោយ​ការ​ប្រឆាំង​ពី​សភា ដែលបារម្ភ​អំពី​គោល​នយោបាយ​ការងារ​ សិទ្ធិមនុស្ស​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​ប្រទេស​ជា​ដៃគូ។ រដ្ឋបាល​នេះ​ត្រូវតែ​រកវិធី​ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​នៃ​សម្ពន្ធភាព​សន្តិសុខ​ដ៏រឹងមាំ​ និង​ភាព​ជាដៃគូ​ជាមួយ​នឹង​សំណុំ​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រកប​ដោយ​ប្រសិទ្ធភាពផងដែរ»។

ក្របខណ្ឌ​ឥណ្ឌូប៉ាស៊ីហ្វិក ​(IPEF) មាន​សសរស្តម្ភ​បួន៖ ពាណិជ្ជកម្ម ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ថាមពលស្អាត​ ការកាត់បន្ថយ​ឧស្ម័នកាបូនិក​និងហេដ្ឋា​រចនាសម្ពន្ធ និង​ពន្ធដារ និង​ការប្រឆាំង​អំពើ​ពុករលួយ។ លោក Biden បាន​បើក​ដំណើរការ​ IPEF ​នៅទីក្រុង​តូក្យូ​ក្នុង​ខែឧសភា ​ឆ្នាំ ២០២២ ​ដើម្បី​កំណត់​ស្តង់ដារ​រួម​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់។ ដៃគូ ​IPEF ដែលរួមមាន​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន មាន​ទំហំ​សេដ្ឋកិច្ច​ពិភពលោក​ដល់​ទៅ ៤០ ​ភាគរយ។

ប្រទេស​ចិន​ដែលមិន​មែន​ជាសមាជិក​ IPEF​ ចាត់ទុក IPEF ថា​ជា​កិច្ច​ប្រឹង​ប្រែង​គ្មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ចិន។ លោក ​He Weiwen​ អ្នក​ជំនាញ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​កិច្ចការ​ប្រទេស​ចិន​ និង​សកល​ភាវូបនីយកម្ម ​បាន​ប្រាប់ ​Global Times ក្នុងឆ្នាំ២០២៣ ​ថា៖ «IPEF ​មិនមែន​ជាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ឬ​សហគមន៍​សេដ្ឋកិច្ច​ទេ។ វា​គ្រាន់តែ​ជា​ក្របខណ្ឌ​មួយ មាន​ន័យ​ថា​វានឹង​គ្មាន​ប្រសិទ្ធភាព​ពិតប្រាកដទេ‍»៕