មន្ត្រី​ការទូត​ជាន់ខ្ពស់​ស.រ.អា. ​ជំរុញ​​ឲ្យ​អាជ្ញាធរ​កម្ពុជា​​ទម្លាក់​បទ​ចោទ​ប្រកាន់​​និង​ដោះលែង​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា

លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិការងារ​​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក​ ថម ​ម៉ាលីណូស្គី​ ថ្លែង​ថា​ គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ពី​លើ​ច្បាប់​ទេ ​ទាំង​មន្ត្រី​គណ​បក្ស​ជំទាស់ ​មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​សង្គម​ស៊ីវិល។

អ្នក​ការ​ទូត​ជាន់ខ្ពស់​របស់​ស.រ.អា.​ម្នាក់​គឺ​លោក​ ថម ម៉ាលីណូស្គី​ (Tom Malinowski)​បាន​ជំរុញឲ្យអាជ្ញាធរ​កម្ពុជាទម្លាក់​បទ​ចោទ​ប្រកាន់ ​និង​ដោះលែង​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ស្តារ​ស្ថានភាព​នយោបាយ​មុន​ពេល​បោះឆ្នោត​ខាង​មុខ។

លោក​ ថម ម៉ាលីណូស្គី ​(Tom Malinowski) ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និង​ការងារ​ បាន​បញ្ចប់​ទស្សន​កិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​លោក​បាន​ទទូច​ឲ្យ​មាន​ការ​ដោះលែង​ និង​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល ​ដើម្បី​បង្ក​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ ដែល​អាច​នាំ​ទៅ​ដល់​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​អំពី​ភាព​ស្រប​ច្បាប់។​

«អ្វី​ដែល​យើង​បាន​សង្កត់ធ្ងន់​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ ហើយ​នឹង​អ្វី​ដែល​ ស.រ.អា.​បាន​បញ្ជាក់​ក្នុង​ពេល​កន្លង​មកគឺ​ថា​ ការ​ទទួល​បាន​ភាព​ស្រប​ច្បាប់​គឺ​ទាមទារ​ឲ្យ​មាន​វិធាន​ការ​ជា​ជំហាន​សំខាន់ៗ​ទៀត ​ជាពិសេស​ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​ពី​បច្ចុប្បន្ន​ទៅ​ដល់​ពេល​បោះឆ្នោត​ គឺ​ក្នុង​រង្វង់​ពេល​បោះឆ្នោត​ដែល​ចាប់​ផ្តើម​ នៅ​ឆ្នាំ​ខាង​មុខ។​ ជាបឋម ​យើង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​ និង​ទម្លាក់​បទចោទ​ចំពោះ​អ្នក​ដែល​ការពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ពលរដ្ឋ​កម្ពុជា»។​

រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ ​ដោយ​យោង​ទៅ​លើ​ការ​ចាប់​ខ្លួនអ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤នាក់​មក​ពី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ គឺ​លោក​ នី សុខា​ លោក​ណៃ វង់ដា ​លោក​ យី សុខសាន្ត​ លោកស្រី​ លឹម មុន្នី ​និង​មន្ត្រី​រៀបចំ​ការ​បោះ​ ឆ្នោត ​គឺ​លោក​ នី ចរិយា‍​ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី ​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា ​ផង​ដែរ។​ ក្រៅពីនេះ​មាន​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ទៀត​ កំពុងតែ​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ដែល​មាន​អំពើ​ហិង្សា​ និង​បញ្ហា​ឯកសារ​ព្រំដែន។ក្នុងចំណោម​អ្នក​ជាប់​ពន្ធនាគារ​នោះ​ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​គឺ​លោក ​មាជ សុវណ្ណារ៉ា​ និង​លោក ​អ៊ុំ សំអាន​ ដែល​ជាតំណាង​រាស្ត្រ។​

លោក​ ថម ​ម៉ាលីណូស្គី​ ថ្លែង​ថា​ គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ពី​លើ​ច្បាប់​ទេ ​ទាំង​មន្ត្រី​គណ​បក្ស​ជំទាស់ ​មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ហើយ​ស.រ.អា.​ក៏មិនមែន​គាំទ្រ​សកម្ម​ភាព​ក្រុម​ប្រឆាំង​នឹង​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ដែរ​ តែ​លោក​ថ្លែងថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ហាក់​ដូច​ជា​កើត​ឡើង​លើ​ភាគី​ម្ខាង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ​ទាក់ទង​នឹង​ការ​រិះ​គន់។​

«ការ​រិះគន់​មិនមែន​ជា​រឿង​ស្រួល​ទេ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល។​ ខ្ញុំ​មិន​ចូលចិត្ត​ទេ​ពេល​គេ​រិះគន់​ខ្ញុំ​ ​ពេលគេ​រិះគន់​ប្រធានាធិបតី​ខ្ញុំ​ គឺ​លោកបារ៉ាក់ អូបាម៉ា។ ​ពេល​ខ្លះ ​ខ្ញុំ​គិត​ថា​ ការ​រិះគន់​ខ្លះ​ជា​រឿង​មិន​សុច្ចរិត ​និង​គ្មាន​ការ​ទទួល​ខុសត្រូវ។​ តែ​បើ​តាម​មតិ​យើង​គឺ​ថា​ គ្មាន​រដ្ឋាភិបាល​ណា​គួរត្រូវ​ផ្តល់​អំណាច​ដើម្បី​កំណត់​ថា​ អ្វី​ជា​ការ​រិះ​គន់​សមរម្យ ​និងអ្វី​ជា​ការ​រិះ​គន់​មិន​សមរម្យ​ ឬ​រដ្ឋាភិបាល​ត្រូវ​ប្រើ​កម្លាំង​ប៉ូលិស​ខ្លួន​ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ ​ដែល​គេជឿ​ថា​ ជា​អ្នក​រិះគន់​មិន​សមរម្យ​នោះ​ទេ»។​

ក្រៅពី​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ លោកឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ​លោក​បាន​ជួប​ជា​មួយ​ក្រុម​គ្រួសារ​មន្ត្រី​អាដហុក​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​លោក​ថ្លែង​ថា​ វា​មិន​មែន​គ្រាន់​តែ​ជា​សោដនាដ​កម្ម​សម្រាប់​ក្រុម​គ្រួសារ​ទេ​ តែវា​ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​ពួក​គេ​ ហើយ​ដែល​លោក​ថា​ រឿង​នេះត្រូវ​មាន​ការ​ដោះស្រាយ។​

រូបឯកសារ៖ លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក អុំ សំអាន ត្រូវបានតុលាការ​ឧទ្ទរណ៏​ធ្វើការ​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)

លោក​បាន​ទទូច​ផង​ដែរ​ឲ្យ​ស្ថាប័ន​រដ្ឋមួយ​ចំនួន​ រួម​ទាំង​តុលាការ​ និង​យោធា ​ត្រូវ​តែ​មាន​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​ ដែល​ជា​រឿង​សំខាន់​សម្រាប់​ភាព​ស្រប​ច្បាប់​ និង​សម្រាប់​ទំនាក់​ទំនង​ជាមួយ​ស.រ.អា.។ លោក​ក៏បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​លើក​ឡើង​របស់​អគ្គ​មេ​បញ្ជាការ​យោធា​កម្ពុជា​គឺ​លោក​នាយ​ឧត្តម​សេនីយ៍​ ប៉ុល សារឿន ​ថ្មីៗ​ ក្នុង​ការ​កំចាត់​អ្នក​ដែល​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​កាប់​អំណាច​ជាង​៣០​ឆ្នាំ​មក​នោះ។​

«យើង​មាន​ទំនាក់​ទំនង​ដ៏​មាន​សារៈ​សំខាន់​ និង​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​ជាមួយ​នឹង​កងទ័ព​កម្ពុជា។ ​វាជា​រឿង​ល្អ​សម្រាប់​សន្តិសុខ​ស.រ.អា. ​និង​ប្រទេស​កម្ពុជា ​តែ​ខ្ញុំ​គិត​ថា​ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ចាំ​ទុក​ថា ​វា​មិន​មែន​គ្រាន់តែ​ជា​គោលនយោបាយ​ទេ​ តែ​ក៏​ជា​ច្បាប់​ផង​ដែរគឺ​ថា​ ប្រសិន​បើ​យោធា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ ឬ​ក៏​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​ទម្រង់ផ្សេងៗ​ វា​ជា​រឿង​ដ៏​លំបាក​សម្រាប់​ស.រ.អា.​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ទម្រង់ទាំង​អស់»។​

ក្នុង​ពេល​ជួប​ជាមួយ​មន្ត្រី​កម្ពុជា​ ​លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបាន​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​សហជីព ​បញ្ហា​បរិស្ថាន​ បញ្ហា​សង្គម​ផ្សេងៗ​ បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ ​ជាពិសេស​ការ​បោះឆ្នោត ​និង​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ​ដើម្បី​ធានា​ឲ្យ​ស្ថានការណ៍​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ​ ហើយនឹង​ធ្វើឲ្យ​មាន​ការ​បោះឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​ជំទាស់​ និង​មាន​លក្ខណៈ​សេរី ​និងយុត្តធម៌​ត្រឹមត្រូវ។​

«ហើយ​ខ្ញុំអាច​សង្កត់ធ្ងន់​ថា​ ភាគី​ទាំងពីរ​មាន​ការ​ទទួល​ខុស​ត្រូវ។ ភាគី​ទាំង​ពីរ​គួរ​ ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​សម្រប​សម្រួល​ ហើយនឹង​ធ្វើការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ។ ប្រទេស​នេះ​ទំនង​ជា​នឹង​មិនវិល​ទៅ​រក​វប្បធម៌​សន្ទនា​ទេ​ ប្រសិន​បើ​គ្រប់​ការ​ស្តី​ បន្ទោស​ត្រូវ​គេ​វាយ​ប្រហារ​ទៅ​លើ​ភាគី​តែ​ម្ខាង​នោះ។​ ការ​បង្កើត​លំហរ​នយោបាយ​សម្រាប់​គ្រប់គ្នា​ រួមទាំង​គណបក្ស​ជំទាស់ ​លំហរ​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ដើម្បី​បំពេញ​កិច្ចការ​សំខាន់ៗ​របស់​គេ​ គឺ​ជា​រឿង​សំខាន់​បំផុត ​នោះ​ប្រសិន​បើ​វប្បធម៌​សន្ទនា​នឹង​ត្រូវ​ចាប់​ផ្តើម​ឡើង​វិញ»។​

ចំណែក​លោក​ អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយរូប​ បាន​អះអាង​ថា ​លោក​បាន​ជួប​ជាមួយ​លោក ​Tom Malinowski (ថម ម៉ាលីណូស្គី)​ ​ឧបការី​ក្រសួង​ការបរទេស​ស.រ.អា. ហើយ​ថា​ អ្វី​ដែល​លោក​ ថម ម៉ាលីណូស្គី ​បាន​លើក​ឡើង​គឺ​ជា​ការ​បញ្ជាក់​ពី​ស្ថាន​ការណ៍​កម្ពុជា។ ​លោក​សង្កត់​ធ្ងន់​ថា​ ដោយ​មិន​គិត​ពី​ការ​ខុស​នឹង​ត្រូវ​ថា​ អ្នក​នេះ​និយាយ​ត្រូវ​ ឬ​និយាយ​ខុស​នោះ ​លោក​ វីរៈ ​អះអាង​ថា​ ពលរដ្ឋ​កម្ពុជា​អាច​យល់​ និង​ទទួល​យក​បាន​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា. ​ដូច​ជា​បញ្ហា​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស​ បញ្ហា​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ បញ្ហា​ចរចា​ និង​ការ​វិល​ទៅ​រក​វប្បធម៌​សន្ទនា​ជា​ដើម។​ ​

គណបក្ស​ធំៗ​ទាំងពីរ​ ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​នោះ​ មិន​បាន​ជួប​ចរចា​គ្នា​ជា​ច្រើន​ខែ​ហើយ​ តែ​បាន​បន្ត​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គោល​ដៅ​ដែល​គេ​គិត​ថា​ ដើម្បី​ដណ្តើម​ប្រជា​ប្រិយ​ភាព​សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៧ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ការណ៍​នេះវា​ធ្វើឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​មិន​អាច​ដោះស្រាយ​បាន​នៅ​ឡើយ ​ហើយ​បង្ក​ឲ្យ​មាន​ក្តី​បារម្ភពីសហគមន៍​អន្តរជាតិ​ ជាពិសេស​ស.រ.អា.៕