លោកនាយឧត្តមសេនីយ៍ Mark Milley ដែលជានាយសេនាធិការកងទ័ពចម្រុះ និងជាមន្រ្តីយោធាកំពូលបំផុតរបស់សហរដ្ឋអាមេរិក បានប្រាប់សភាកាលពីថ្ងៃអង្គារថា ការហៅទូរស័ព្ទពីរដងរបស់លោកទៅសមភាគីចិននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump ត្រូវបានធ្វើឡើងដោយបើកចំហនិងជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រទេសចិន។
លោកបាននិយាយថា មន្រ្តីសំខាន់ៗនៅក្នុងរដ្ឋបាលរបស់លោក Trump បានដឹងអំពីការហៅទូរស័ព្ទនេះ។ នៅក្នុងការហៅទូរស័ព្ទនោះ លោកបានធានាជូនប្រទេសចិនថា លោក Trump គ្មានចេតនាបើកការវាយប្រហារប្រឆាំងនឹងប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden ដកលោក Milley ចេញពីតំណែង សម្រាប់អ្វីដែលពួកគេចាត់ទុកថាជាការបំពានលើទម្លាប់ជាយូរមកហើយរបស់មន្ត្រីស៊ីវិលដែលដឹកនាំយោធាអាមេរិក។
ប៉ុន្តែលោក Milley បានការពារការហៅទូរស័ព្ទទាំងពីរលើកនោះ ដែលមួយនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំមុន និងមួយទៀតនៅថ្ងៃទី ៨ ខែមករា ដោយបាននិយាយថា ការហៅទូរស័ព្ទនោះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ចិនដែលគិតថាសហរដ្ឋអាមេរិកអាចវាយប្រហារខ្លួន។
ដោយនិយាយអំពីការហៅទូរស័ព្ទទៅលោកនាយឧត្តមសេនីយ៍ Li Zuocheng នៃកងទ័ពរំដោះប្រជាជនចិន (យោធារបស់ប្រទេសចិន) លោក Milley បានប្រាប់គណៈកម្មាធិការកិច្ចការការពារជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថា៖ «ខ្ញុំដឹងច្បាស់ថា នៅពេលនោះ លោកប្រធានាធិបតី Trump មិនមានបំណងវាយប្រហារប្រទេសចិនទេ ហើយវាគឺជាការទទួលខុសត្រូវដោយផ្ទាល់របស់ខ្ញុំក្នុងការជូនដំណឹងអំពីបទបញ្ជានិងចេតនារបស់ប្រធានាធិបតី»។
លោកបានបន្ថែមថា៖ «ភារកិច្ចរបស់ខ្ញុំនៅពេលនោះគឺបន្ថយភាពតានតឹង។ សាររបស់ខ្ញុំគឺនៅដដែល ដែលនោះគឺសូមរក្សាភាពស្ងប់ស្ងាត់ ស្ថិរភាព និងបន្ថយភាពតានតឹង។ យើងនឹងមិនវាយប្រហារអ្នកទេ»។
ការហៅទូរស័ព្ទនេះត្រូវបានលាតត្រដាងដំបូងនៅក្នុងសៀវភៅដែលមានចំណងជើងថា «គ្រោះកាច (Peril)» ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ របស់លោក Bob Woodward និងលោក Robert Costa ដែលជាអ្នកកាសែត Washington Post។ សៀវភៅនេះរៀបរាប់អំពីស្ថានការណ៍ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់លោក Trump៕