អ៊ីស្រាអែលកំណត់នឹងចូលរួមស្តាប់សវនាការមួយនៅថ្ងៃសុក្រនេះ ថាតើតុលាការជាន់ខ្ពស់អង្គការសហប្រជាជាតិ នឹងចេញដីការសម្រេចឱ្យខ្លួនបញ្ឈប់សកម្មភាពវាយប្រហារយោធាក្នុងតំបន់ហ្កាហ្សា នៅក្នុងសាលក្រមបណ្តោះអាសន្នមួយឬយ៉ាងណា ខណៈពេលដែលអង្គចៅក្រមវិនិច្ឆ័យមួយស្តាប់បណ្តឹង ដែលត្រូវបានដាក់ប្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ប្រធានអង្គចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកអ្នកស្រី Joan E. Donoghue នឹងអានសេចក្តីសម្រេចដែលគេទន្ទឹងរង់ចាំជាខ្លាំងពីគណៈកម្មាធិការវិនិច្ឆ័យដែលមានចៅក្រមចំនួន ១៧ នាក់។
នេះជាសាលក្រមបឋមនៅក្នុងសំណុំរឿងក្តីមួយរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានដាក់ប្តឹង ដោយចោទប្រកាន់សកម្មភាពយោធារបស់ប្រទេសអ៊ីស្រាអែលនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ថាជាអំពើប្រល័យពូជសាសន៍។ ប្រទេសអ៊ីស្រាអែលបានទាត់ចោលការចោទប្រកាន់នោះទាំងស្រុង និងបានស្នើសុំដល់តុលាការអន្តរជាតិមួយនេះ ឱ្យទម្លាក់ចោលបណ្តឹងចោទប្រកាន់នេះ។
ប្រទេសអាហ្វ្រិកខាងត្បូងបានស្នើសុំដល់អង្គចៅក្រមឱ្យចាត់ការលើរឿងនេះ ក្នុងស្ថានភាពបន្ទាន់មួយ ដើម្បីដាក់ចេញអ្វីដែលគេហៅថា ជាវិធានការបណ្តោះអាសន្នដើម្បីការពារពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ខណៈដែលបណ្តឹងនេះមានដំណើរការទៅមុខដោយយឺតៗនៅក្នុងតុលាការ ដែលអាចប្រើពេលជាច្រើនឆ្នាំ។
នៅក្នុងបញ្ជីស្នើសុំសំខាន់ជាងគេបង្អស់របស់ប្រទេសអាហ្វ្រិកខាងត្បូងនោះ គឺការស្នើសុំដល់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ឱ្យចេញបទបញ្ជាដល់ប្រទេសអ៊ីស្រាអែល ត្រូវផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ហ្កាហ្សា។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលរំពឹងថាតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងទម្លាក់ចោលបណ្តឹងចោទប្រកាន់នេះ៕