រដ្ឋមន្ត្រីប៊ែលហ្ស៊ិកម្នាក់បានថ្លែងថា ជនសង្ស័យខ្លាំងជាងគេដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ខែវិច្ឆិកានៅក្នុងប្រទេសបារាំងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៊ែលហ្ស៊ិកហើយ។
ឈ្មោះ Salah Abdeslam ត្រូវបានចាប់ខ្លួនដោយប៉ូលិសប៊ែលហ្ស៊ិកក្នុងអំឡុងពេលនៃការវាយឆ្មក់មួយកាលពីថ្ងៃសុក្រនៅក្នុងតំបន់ Molenbeek ក្នុងរដ្ឋធានីព្រុចសែល។ ក្រុមអាជ្ញាធរបាននិយាយថា ឈ្មោះ Abdeslam បានរបួសជើងម្ខាង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Theo Francken រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ប៊ែលហ្ស៊ិកបានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យរូបនេះបាន នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម twitter ថា «យើងចាប់ខ្លួនជនសង្ស័យរូបនេះបានហើយ»។
វីដេអូមួយដែលត្រូវបានបញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៊ែលហ្ស៊ិកបានបង្ហាញថា ប៉ូលិសបានចាប់អូសបុរសម្នាក់ដែលស្លៀកសំលៀកបំពាក់ពណ៌ស ចូលទៅក្នុងរថយន្តប៉ូលិស។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលម្នាក់បាននិយាយថា បុរសម្នាក់ទៀត ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Monir Ahmed Alaaj ដែលមានឈ្មោះក្លែងបន្លំថាជា Amine Choukri ក៏បានរងរបួសក្នុងអំឡុងពេលបាញ់តទល់គ្នាជាមួយនឹងប៉ូលិសដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រុមអាជ្ញាធរប៊ែលហ្ស៊ិកបានរកឃើញស្នាមក្រយ៉ៅដៃរបស់ជនដែលបានរត់គេចខ្លួននៅក្នុងអាគារផ្ទះល្វែងមួយ ដែលត្រូវបានប៉ូលិសចូលវាយឆ្មក់កាលពីដើមសប្តាហ៍នេះនៅក្នុងតំបន់មួយទៀតក្នុងរដ្ឋធានីព្រុចសែល។
អ្នកនាំពាក្យម្នាក់របស់ការិយាល័យព្រះរាជអាជ្ញាប៊ែលហ្ស៊ិកបាននិយាយថា ប៉ូលិសក្នុងប្រទេសអាល្លឺម៉ង់បានសាកសួរទាំងឈ្មោះ Abdeslam និង Choukri កាលពីខែតុលា។ ប៉ូលិសបានផ្តិតស្នាមក្រយ៉ៅដៃរបស់ Choukri ដែលក្រោយមកស្នាមក្រយ៉ៅដៃនោះត្រូវបានគេរកឃើញនៅក្នុងគេហដ្ឋានដ៏មានសុវត្ថិភាពមួយក្នុងប្រទេសប៊ែលហ្សិក ដែលគេហដ្ឋាននោះត្រូវបានប្រើប្រាស់ដោយក្រុមភេរវករ។ ក្រោយមកប៉ូលិសបានរកឃើញលិខិតឆ្លងដែនស៊ីរីក្លែងក្លាយមួយ និងអត្តសញ្ញាណប័ណ្ណប៊ែលហ្សិកក្លែងក្លាយមួយទៀត ដែលក្នុងនោះមានឈ្មោះរបស់ជននេះចំនួន២ខុសពីគ្នា៕