តុលាការកំពូលប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចឲ្យជនជាតិអង់គ្លេសម្នាក់ដែលត្រូវបានកាត់ទោសកាលពីឆ្នាំ ២០០២ ពីបទរៀបចំគម្រោងចាប់ជំរិត និងកាត់ក្បាលអ្នកកាសែតអាមេរិកDaniel Pearl ឲ្យរួចខ្លួន។
តុលាការកំពូលប៉ាគីស្ថានបានសម្រេចឲ្យលោក Ahmed Omar Sheikh និងអ្នករួមគំនិតរបស់លោកបីនាក់ទៀតរួចខ្លួនពីបទចោទទាំងអស់ក្នុងសំណុំរឿងនេះដោយបញ្ជាឲ្យដោះលែងលោក Sheikh និងអ្នកទាំងបីពីពន្ធនាគារជាបន្ទាន់ប្រសិនបើពួកគេមិនពាក់ព័ន្ធនៅក្នុងករណីផ្សេងទៀតទេនោះ។
លោក Steven Butler អ្នកសម្របសម្រួលកម្មវិធីតំបន់អាស៊ីនៃគណ:កម្មាការការពារអ្នក កាសែត The Committee to Protect Journalists បានរិះគន់ការសម្រេចឲ្យជនជាប់ចោទរួចខ្លួន ដោយនិយាយថា៖
«យើងមានការខកចិត្តយ៉ាងខ្លាំងដែលតុលាការកំពូលប៉ាគីស្ថានបានដោះលែងហើយនិងបញ្ជាឲ្យដោះលែង Ahmad Saeed Omar Sheikh ទោះជាមានព័ស្តុតាងលើសលុបពីការពាក់ព័ន្ធរបស់Sheikhក្នុងអំពើចាប់ជំរិតDaniel Pearl ហើយនាំទៅដល់ការសម្លាប់ដោយផ្ទាល់ក្តី»។
លោកបន្ថែមថា៖ «Daniel Pearl សមនឹងទទួលបានយុត្តិធម៌ហើយ Sheikh សមនឹងទទួលទោសចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត។ អ្នកកាសែតនៅគ្រប់កន្លែងទទួលបានសុវត្ថិភាពកាន់តែតិចទៅដោយសារតែការសម្រេចក្តីនេះ»។
បុរសទាំងបួននាក់នោះបានជាប់ពន្ធនាគារអស់រយៈពេល១៨ ឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថានចំពោះអំពើឃាតកម្មដ៏រន្ធត់ទៅលើអ្នកកាសែត Wall Street Journal។
តុលាការប្រឆាំងនឹងអំពើភេរវកម្មក្នុងខេត្ត Sindh នៃប្រទេសប៉ាគីស្ថាន ដែលឃាតកម្មនេះបានកើតឡើងកាលពី ១៨ ឆ្នាំមុន បានកាត់ទោសលោក Sheikh ដែលកើតនៅអង់គ្លេសប្រហារជីវិតចំពោះតួនាទីជាមេខ្លោងនៅក្នុងការសម្លាប់លោក Pearl៕