មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា រុស្ស៊ី​ប្ដេជ្ញា​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ក្នុង​សហរដ្ឋ​អាមេរិក

លោក Dan Coats ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍ Heritage Foundation នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ដោយ​នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​បឋម​សម្រាប់​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ចូល​មក​ដល់ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ឲ្យ​ដឹង​ថា ប្រទេស​រុស្ស៊ី​ទំនង​ជា​មាន​គោល​បំណង​ព្យាយាម​បង្អាក់​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ ដូច​ដែល​រុស្ស៊ី​ធ្លាប់​បាន​ព្យាយាម​ធ្វើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ដូច្នេះ​ដែរ។

ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សំខាន់ៗ​ទាំង ៦ បាន​ប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក​ជា​ឱកាស​មួយ​សម្រាប់​ខ្លួន​ធ្វើ​ការ​ជ្រៀតជ្រែក​បាន។

លោក Dan Coats ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ បាន​និយាយ​ថា៖ «យ៉ាង​ហោច​ណាស់ យើង​រំពឹង​ថា ប្រទេស​រុស្ស៊ី​នឹង​បន្ត​ប្រើប្រាស់​ការ​ឃោសនា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បុគ្គល​បន្លំ​ភ្នែក អ្នក​នាំ​ពាក្យ​ដ៏​គួរ​ឲ្យ​អាណិត និង​មធ្យោបាយ​ជះ​ឥទ្ធិពល​ដទៃ​ទៀត ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​សង្គម និង​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​គ្រោង​នឹង​ធ្វើ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ការ​បោះ ឆ្នោត​បឋម​ដំបូង​បង្អស់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​មីនា​ខាង​មុខ​នេះ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ថា ប្រទេស​រុស្ស៊ី​អាច​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ដែល​ជា​ការ​ធ្វើ​យុទ្ធនាការ​ជ្រៀតជ្រែក​ម្ដង​ទៀត​ដូច​ដែល​រុស្ស៊ី​ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ និង​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត​នៅ​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ ២០១៧ ដូច្នេះ​ដែរ។

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ប្រធាន​ទីភ្នាក់ងារ CIA លោក Mike Pompeo បាន​បញ្ជាក់​ថា លោក​មាន​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ថា ប្រទេស​រុស្ស៊ី​នឹង​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក។ ហើយ​កាល​ពី​ថ្ងៃ​ទី ១៣ កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ក៏​លើក​ឡើង​ម្ដង​ទៀត​អំពី​បញ្ហា​នេះ​ដែរ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​ពី​សកម្មភាព និង​គោល​បំណង​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដទៃ​ទៀត​ក៏​យល់ស្រប​ដូច​គ្នា​នេះ​ដែរ។

លោក Mike Rogers ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ដែល​ជិត​អស់​អាណត្តិ បាន​និយាយ​ថា៖ «ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នេះ​នឹង​មិន​ផ្លាស់ប្ដូរ ឬ​ក៏​បញ្ឈប់​នោះ​ទេ»។

លោក Robert Cardillo ប្រធាន​ទីភ្នាក់ងារ​ជាតិ​ស៊ើបការណ៍​ភូមិសាស្ត្រ​អវកាស បាន​បញ្ជាក់​ថា លោក​ឯកភាព​ជាមួយ​នឹង​ការ​វាយ​តម្លៃ​អំពី​ស្ថានការណ៍​ដែល​អាច​កើត​ឡើង​នៅ​ឆ្នាំ ២០១៨ នេះ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នានា​បាន​និយាយ​ថា ពួកគេ​យល់ស្រប​ជាមួយ​នឹង​ការ​វាយ​តម្លៃ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ដែល​ថា ប្រទេស​រុស្ស៊ី​បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ ការ​វាយ​តម្លៃ​នោះ​បាន​បញ្ជាក់​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជា​អ្នក «បញ្ជា​ឲ្យ​ធ្វើ​យុទ្ធនាការ​ជះ​ឥទ្ធិពល» ដោយ​ផ្ទាល់ ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឲ្យ​សម្រេច​បាន​តាម​ក្ដី​រំពឹង​ទុក​របស់​លោក​ប្រធានាធិបតី Donad Trump ចំពោះ​ការ​បោះ​ឆ្នោត។

ស្រប​ពេល​ដែល​លោក Trump បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​ណា​មួយ​ដែល​ថា រុស្ស៊ី​មាន​បំណង​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នានា​បាន​បញ្ជាក់​ថា ពួកគេ​យល់ស្រប​តាម​ការ​វាយ​តម្លៃ​នេះ។

លោក Mike Rogers បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​តម្លៃ​នេះ។ ខ្ញុំ​បាន​យល់ស្រប​តាម​ការ​វាយ​តម្លៃ​នេះ ហើយ​ក៏​នៅតែ​យល់ស្រប​តាម​ការ​វាយ​តម្លៃ​នេះ​ដដែល​នា​ពេល​ឥឡូវ​នេះ»។

លោក Dan Coats នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​បន្ថែម​ថា សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក មិន​បាន​ឃើញ​ការ​ផ្លាស់ប្ដូរ​ណាមួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ទាក់ទិន​នឹង​ជំហរ​គំរាមកំហែង​របស់​រុស្ស៊ី​តាំង​ពី​ឆ្នាំ​មុន​នោះ​ទេ។

លោក Dan Coats បាន​និយាយ​ថា ការ​ព្រួយបារម្ភ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​គឺ​កើត​មាន​ឡើង​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំង ២៩ ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ​របស់​អង្គការ​អូតង់ មន្ត្រី​នានា​ត្រូវ​បាន​ស្នើ​ឲ្យ​លើក​ដៃ ឬ​ក៏​ឆ្លើយតប​ដោយ​ផ្ទាល់​មាត់ ប្រសិនបើ​ពួកគេ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ពួកគេ។ លោក​បាន​បន្ថែម​ទៀត​ថា «មនុស្ស​រាល់​គ្នា​នៅ​ស្ងៀមស្ងាត់។ រឿង​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នេះ​គឺ​រីក​រាលដាល​គ្រប់​កន្លែង។ រុស្ស៊ី​មាន​យុទ្ធសាស្ត្រ​ដែល​ដំណើរ​ការ​យ៉ាង​ល្អ​ផុត​ពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ទៅ​ទៀត»។

លោក Dan Coats បាន​និយាយ​ថា ប្រទេស​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង «អាច​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត» ចំពោះ​សហរដ្ឋ​អាមេរិក។

លោក Dan Coats បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​ដោយ​ស្មោះត្រង់​ទៅ សហរដ្ឋ​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង​របស់​ស្ថាប័ន​ដែល​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជ្រៀត​ចូល​យ៉ាង​ជាក់ស្ដែង​នៅ​ក្នុង​រាល់​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង​ពី​អ្នក​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ជា​រៀងរាល់​ថ្ងៃ។ ការ​វាយ​ប្រហារ​នេះ​គឺ​ប៉ះពាល់​តាំង​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម រដ្ឋាភិបាល​សហព័ន្ធ រហូត​ដល់​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ និង​ថ្នាក់​ស្រុក​ទៀត​ផង»។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ទទួល​ស្គាល់​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​បង្កើត​យុទ្ធសាស្ត្រ​ជាតិ​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ​នៅ​ឡើយ​ទេ។

លោក Mike Pompeo នៃ​ទីភ្នាក់ងារ CIA បាន​និយាយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​មាន​សមត្ថភាព​បង្កើន​នូវ​លទ្ធផល​អាក្រក់​សម្រាប់​អ្នក​ដែល​ហ៊ាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក» ប៉ុន្តែ​លោក​បាន​បន្ថែម​ថា «យើង​ពិតជា​ត្រូវការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​អាមេរិក និង​ការ​ដឹកនាំ​ច្បាស់លាស់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​នេះ»។

ដោយសារតែ​រដូវ​បោះឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​ក្រោយ​នេះ សមាជិក​សភា​នានា​បាន​បង្ហាញ​នូវ​ការ​មិន​សប្បាយ​ចិត្ត ដោយសារតែ​សភា​មិន​ទាន់​អនុម័ត​ច្បាប់​ដើម្បី​ការពារ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។

លោក Roy Blunt សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Missouri និង​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា៖ «ការ​បោះ​ឆ្នោត​បឋម​នៃ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ។ សម្រាប់​ខ្ញុំ យើង​ត្រូវតែ​ធ្វើ​ការ​បោះ​ឆ្នោត​នោះ​ឲ្យ​បាន​ឆាប់»។

ក្រុម​មេដឹកនាំ​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ស្នើ​ឲ្យ​មាន​ច្បាប់​មួយ​សម្រាប់​សន្តិសុខ​ការ​បោះ​ឆ្នោត​នៅ​ពេល​ដែល​ពួកគេ​ផ្សព្វផ្សាយ​អំពី​ការ​រក​ឃើញ​ដំណាក់​កាល​ដំបូង​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

លោក Richard Burr ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «វា​ជា​ក្ដី​សង្ឃឹម និង​ការ​ជឿជាក់​របស់​យើង​ដែល​ថា មុន​ការ​បោះ​ឆ្នោត​បឋម​នេះ​ចាប់ផ្ដើម​ឡើង យើង​មាន​បំណង​ពិនិត្យ​លើ​ការ​រក​ឃើញ​របស់​យើង​ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ វា​គឺ​ជា​គោល​បំណង​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​ក្នុង​ការ​ផ្ដល់​អនុសាសន៍​ណា​ដែល​នឹង​ជំរុញ​ឲ្យ​មាន​នូវ​សន្តិសុខ​នៃ​ដំណើរការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក»។

លោក​សមាជិក​ព្រឹទ្ធសភា Mark Warner ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​និយាយ​ថា ស្រប​ពេល​ដែល​នៅ​តែ​មាន​ចម្ងល់​ជា​ច្រើន​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ឆ្នាំ ២០១៦ គេ​ឃើញ​មាន «ការ​ឯកភាព​គ្នា​ក៏​ទូលំទូលាយ​មួយ​រវាង​គណបក្ស​ទាំង​ពីរ» នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ដែល​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ប្រឡូក​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​មាន​ការ​សម្របសម្រួល​មួយ​ដើម្បី​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។

លោក Mark Warner បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កុំ​យល់​ច្រឡំ​ឲ្យ​សោះ ការ​គំរាមកំហែង​នេះ​មិន​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៦ នោះ​ទេ ហើយ​វា​ក៏​មិន​បាន​បញ្ចប់​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​នោះ​ដែរ។ អ្វី​ដែល​យើង​កំពុងតែ​ឃើញ​នេះ​គឺ​ការ​វាយ​ប្រហារ​ជា​បន្ត​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ហើយ​រុស្ស៊ី​នឹង​នៅ​តែ​បន្ត​វាយ​ប្រហារ​ដូច​នេះ​មក​លើ​សហរដ្ឋ​អាមេរិក​ដដែល»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា