បេសកជន​កំពូល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​រុស្សី​រឿង​ចាប់​ខ្លួន​លោក Navalny

លោក Josep Borrell ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាមួយ នៅទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុង Brussels ប្រទេសប៊ែលហ្សិក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ដើម​ខែ​ក្រោយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​រុស្ស៊ី​ ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​មន្ត្រី​ការទូត​ កាល​ពី​ថ្ងៃ​ច័ន្ទ។

មន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «លោក Borrell នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូស្គូ​ នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម្បី​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​ពី​សហភាព​អឺរ៉ុប [ទៅ​កាន់​រុស្ស៊ី]»។ ក៏​ប៉ុន្តែ​កាល​ពី​មុន​នេះ មាន​ការ​អំពាវនាវ​ពី​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប​ឲ្យ​លុបចោល​ទស្សនកិច្ច​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ពិតជា​ដូច្នេះ​មែន នៅ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រី​ការបរទេស​មក​ពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរុប​ទាំង ២៧ បាន​ជជែក​ដេញដោល​គ្នា​អំពី​វិធានការ​របស់​ពួកគេ​ចំពោះ​ការ​ចាប់​ខ្លួន​លោក Navalny ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី និង​ចំពោះ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​ក្រុម​បាតុករ។

មន្ត្រី​ការទូត​ម្នាក់​បាន​និយាយ​ថា ក្រុម​មន្ត្រី​ការទូត​ទាំង​នោះ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី បន្ទាប់ពី​មាន​សម្ពាធ​ពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ឲ្យ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រោយ​មក​បាន​សម្រេច​ថា វា «លឿន​ពេក» ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ។

មន្ត្រី​ការទូត​អឺរ៉ុប​បាន​និយាយ​កាលពី​មុន​ថា សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា​នឹង​មិន​ទាន់​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ទេ រហូត​ទាល់តែ​ដល់​ពេល​ដែល​លោក Navalny ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី ២ ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម្បី​រង់ចាំ​មើល​ថា​ តើ​រដ្ឋាភិបាល​រុស្ស៊ី​នឹង​កាត់ទោស​លោក​ដាក់​ពន្ធនាគារ​យូរ​ប៉ុណ្ណា។

លោក Navalny ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ​កន្លះ ចំពោះ​ការ​បំពាន​នឹង​លក្ខខណ្ឌ​ព្យួរទោស​ក្នុង​អំឡុងពេល​ដែល​លោក​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់ ទាក់ទិន​នឹង​រឿង​បំពុល​រូប​លោក។

ការ​ចាប់​ខ្លួន​លោក​ពេល​លោក​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​នោះ បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​បាតុករ​ជាង ៣.៥០០ នាក់។

សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក Navalny និង​ក្រុម​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់​នោះ​ជា​បន្ទាន់៕