លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា នឹងចាប់ផ្តើមបំពេញទស្សនកិច្ចការងារចំនួនពីរថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែកញ្ញាដើម្បីអ្វីមួយដែល កម្ពុជាចាត់ទុកថាជាការពង្រឹងបញ្ហាព្រំដែនបញ្ហាទ្វេភាគីជាដើម។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈអំពីដំណើរទស្សនកិច្ចនេះ។ សេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី រួមទាំងបញ្ហាព្រំដែននៃប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រត្តិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិនានាដែលមានផលប្រយោជន៍រួមគ្នាផងដែរ»។
សេចក្តីប្រកាសព័ត៌មាននោះមិនបានបញ្ជាក់លម្អិតរឿងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ទេ។ កងទ័ពប្រទេសកម្ពុជានិងឡាវ បានឈានដល់ភាពតានតឹងខ្លះកាលពីសប្តាហ៍មុននៅតំបន់មុំបី ខេត្តព្រះវិហារ ជាប់នឹងព្រំប្រទល់ដែននៃប្រទេសទាំងពីរ ដោយសារកងទ័ពឡាវបានចូលមកឃាត់ ឃាំងកសិករកម្ពុជាម្នាក់ដែលបានចូលទៅធ្វើស្រែនៅក្នុងតំបន់ដែលឡាវចាត់ទុកថាជាតំបន់ហាមឃាត់។ តែបើតាមក្រុមមន្ត្រីបានបញ្ជាក់ថាកងទ័ពឡាវ ប្រមាណ៦០នាក់និងកម្ពុជាបានសម្រេច យល់ព្រមដកកងទ័ពរៀងខ្លួនវិញកាលពីថ្ងៃទី២៩ ខែសីហាដោយគ្មានការផ្ទុះអាវុធទេ ក្រោយពីមាន កិច្ចសន្ទនាតាមទូរសព្ទរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃប្រទេសកម្ពុជានិងលោកនាយករដ្ឋ មន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត។
ប្រទេសទាំងពីរនឹងបន្តកិច្ចចរចាគ្នារឿងព្រំដែននេះតទៅទៀត ក្រៅពីយល់ព្រមថានឹងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីប្រទេសបារាំងដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែន ជាប្រវត្តិសាស្ត្រ ហើយយូរៗម្តងមានការប្រឈមមុខផ្នែកយោធានេះ។ក្រុមមន្ត្រីកម្ពុជាបានអះអាង ថាលោកនាយករដ្ឋមន្ត្រីឡាវគ្រោងនឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពាក់កណ្តាលខែកញ្ញានេះ៕