ទីផ្សារ​ការងារច្រើន​ ប៉ុន្តែ​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​មាន​តិច ដែល​នេះ​ជា​ឧបសគ្គ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម

រូបភាព​ឯកសារ៖ កម្មករ​កំពុង​កាត់​ស្មៅ​នៅ​ក្នុង​ក្រុង​ហាណូយ។

នៅ​ពេល​អ្នក​វិនិយោគ​ជាច្រើន​កំពុង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ធនធាន​មនុស្ស​ កំពុង​តែ​មាន​ការ​ផ្លាស់ប្តូរ។​ តម្រូវការ​ពលកម្ម​មាន​កាន់​តែ​ច្រើន។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​តម្រូវការ​នេះ​ជា​បញ្ហា​ប្រឈម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

រយៈពេល​ជា​យូរ​មក​ហើយ​ក្រុមហ៊ុន​អាជីវកម្មនានា​នៅ​ប្រទេស​វៀតណាម​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ និង​ធ្វើ​យ៉ាងណា​អាច​រក្សា​បុគ្គលិក​ទាំងនោះ​ឲ្យ​នៅ​ធ្វើការ​បាន​យូរអង្វែង។

ក៏ប៉ុន្តែបើយោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា​ នា​ពេលបច្ចុប្បន្ន​នេះ​ការជ្រើសរើស​បុគ្គលិក​កាន់​តែលំបាក​ជាង​មុន​ ដោយសារ​តែ​ចំនួន​អាជីវកម្ម​នៅក្នុង​ប្រទេសវៀតណាម​មាន​ការកើនឡើង​ បង្ខំ​ឲ្យ​ក្រុមហ៊ុននានា​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ដើម្បី​អាច​ជ្រើសរើស​បុគ្គលិក​ធ្វើការ​ឲ្យ​បាន​គ្រប់គ្រាន់។

ក្រុមហ៊ុន​ម៉ាកល្បីៗ​របស់​បរទេស​កំពុង​វាយលុក​ចូល​ទីផ្សារ​វៀតណាម។ រោងចក្រ និង​ជំនួញ​ផ្សេងៗ​ទៀត​កំពុង​ប្តូរ​ទីតាំងពី​ប្រទេស​ចិន​ មក​ប្រទេស​វៀតណាម ដោយ​ធ្វើ​ឲ្យ​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់​កាន់​តែកើនឡើង​ជាង​មុន។

ក្រុមហ៊ុន Navigos Group ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក និង​គ្រប់គ្រង​គេហទំព័រ​ស្វែងរក​ការងារ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ឈ្មោះ​ថា VietnamWorks បាន​និយាយ​ថា​ ការ​ផ្តាស់ប្តូរ​ទាំង​នេះ​ធ្វើ​ឲ្យ​មាន «កំណើន​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ជំនាញ​ភ្លាមៗ» ដែលមាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស។

ក្រុមហ៊ុន​ថ្មីៗ​កំពុង​ហូរ​ចូល​ក្នុង​ប្រទេស​វៀតណាម ហើយ​ពួកគេ​ត្រូវការ​បុគ្គលិក

របាយការណ៍​វាយតម្លៃ​លើ​ត្រីមាស​ទី១​ សម្រាប់​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន Navigos Group ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែមេសា​ បាន​ឲ្យ​ដឹងថា៖ ​«ក្រុមហ៊ុន​ដែល​ប្តូរ​ផលិតកម្ម​ពី​ប្រទេស​ចិន​ មក​វៀតណាម​ នឹង​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ ជាពិសេស​គឺ​បណ្តា​ក្រុមហ៊ុន​នៅ​ក្នុង​ឧស្សាហកម្ម​ផ្តល់​សេវាកម្ម និង​ឧស្សាកម្ម​គ្រឿង​សង្ហារឹម​ឈើ។ មាន​គម្រោងបង្កើត​រោងចក្រ​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម។ ការណ៍​នេះ​ធ្វើ​ឲ្យ​តម្រូវការ​បុគ្គលិក​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​អាច​នឹង​ត្រូវ​ការ​ច្រើន​ជាង​មុន​ដល់​ទៅ២ ឬ​៣ដង​ ក្នុង​១ឆ្នាំៗ ​ជាពិសេស​នៅ​ក្នុង​ផលិតកម្ម​គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​ម៉ាក​ថ្លៃៗ»។

រូបភាព​ឯកសារ៖ កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​កន្លែង​ផ្គុំ​ទូរស័ព្ទ Vsmart របស់​វៀតណាម នៅ​ក្នុង​ក្រុង Hai Phong​ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០១៨។

ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​ក្នុង​ការ​វិភាគ​ក្នុងចំណោម ៦ប្រទេស​នៅ​ទ្វីបអាស៊ី ​ដែល​រោងចក្រ​ផលិតកម្ម​អាច​នឹង​ហូរ​ចូល នៅ​ពេល​រោងចក្រ​ទាំង​នោះ​ចាក​ចេញ​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​ធ្នូឆ្នាំមុន​របស់​ធនាគារ​វិនិយោគ​មួយ​ឈ្មោះ​ថា Natixis។

ការ​វិភាគ​នេះ​គឺ​ផ្អែក​លើ​លក្ខខណ្ឌ​ចំនួន​៤ រួម​មាន​ ទំនោរ​ភូមិសាស្ត្រ ការ​ចំណាយ​លើ​ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ​និង​ភាគហ៊ុន​នៃ​ផលិតកម្ម​បរទេស។

កង្វះ​ធនធាន​មនុស្ស​មិន​មែន​ជា​រឿង​ថ្មី​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទ

នៅ​ពេល​អ្នក​វិនិយោគ​ជាច្រើន​កំពុង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ធនធាន​មនុស្ស​ កំពុង​តែ​មាន​ការ​ផ្លាស់ប្តូរ។​ តម្រូវការ​ពលកម្ម​មាន​កាន់​តែ​ច្រើន។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​តម្រូវការ​នេះ​ជា​បញ្ហា​ប្រឈម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​មូលហេតុ​ជាច្រើន។

ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ពលរដ្ឋ​ជិត​ ១០០ លាន​នាក់​មួយ​នេះ ​មាន​អត្រា​អត់​ការងារ​ធ្វើ​ទាប​ ដែល​ជា​ធម្មតា​ គឺ​មាន​ប្រមាណ​ជា​ ២% តែប៉ុណ្ណោះ។ ដូច្នេះ​ អ្នក​ដែល​ចង់​បាន​ការងារ​ធ្វើ​នឹង​អាច​រក​ការងារ​ធ្វើ​បាន។

រដ្ឋាភិបាល​កុម្មុយនិស្ត​របស់​វៀតណាម​បាន​ធានា​ជាច្រើន​ដល់​កម្មករ​ រាប់​ចាប់​ពីការឲ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ដោយ​ទទួល​បាន​ប្រាក់​ឈ្មួល​ និង​ដាក់​លក្ខខណ្ឌ​តឹងរឹង​ចំពោះ​ការបណ្តេញ​បុគ្គលិក​ចេញ​ពី​ការងារ។។​

រូបភាព​ឯកសារ៖ កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ Maxport នាំ​ចេញ​សម្លៀកបំពាក់​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

បុគ្គលិក​វៀតណាម​ជាច្រើន​ចូលចិត្ត​ប្តូរ​កន្លែង​ធ្វើ​ការ

មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​បុគ្គលិកនានា​ ជាពិសេស​បុគ្គលិកវ័យ​ក្មេងប្តូរ​កន្លែង​ធ្វើការ​បន្ទាប់​ពី​ធ្វើការ​នៅ​កន្លែង​ណា​មួយ​បាន​ប្រហែល​ជា​៣ឆ្នាំ។ ការណ៍​នេះ​អាច​មាន​ន័យ​ ២ យ៉ាង។

ទី១ វា​អាច​ជា​សញ្ញា​ល្អ​មួយ​ ដែល​បុគ្គលិក​ទាំង​នោះ​មិន​ជាប់ឃុំ​ខ្លួន​ឯង​ជាមួយ​នឹង​ការងារ​នៅតែ​មួយ​កន្លែង​ដើម្បី​ទទួល​បាន​ធានារ៉ាប់រង ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ ហើយ​ពួកគេ​អាច​មាន​សេរីភាព​ក្នុង​ការ​ប្តូរ​ការងារ។

ទី២ ក្រុមហ៊ុន​មិន​ចង់​ចំណាយ​ប្រាក់​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ថ្មី​រៀងរាល់​២​ ឬ​៣ឆ្នាំ​ម្តង​នោះ​ទេ។ ម្យ៉ាង​ទៀត មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​កំពុង​តែ​ហូរ​ចូល​មក​ក្នុង​ប្រទេស​វៀតណាម។

លោក Gaku Echizenya ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Navigos Group យល់​ថា៖ «ទីផ្សារផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ប្រទេស​វៀតណាម​ កំពុង​តែ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន ដោយសារ​តែ​ការកើនឡើងនៃការ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​នានា»។​

ទីផ្សារ​ទាំង​នេះ​រួម​មាន​វិស័យ​ព័ត៌មាន​វិទ្យា ដែលបុគ្គលិក​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​តាម​ទាន់​បច្ចេកវិទ្យា​ថ្មីៗ​ ដូចជា​បញ្ញានិម្មិត​ ប្រតិបត្តិការ​គ្រប់គ្រង​ការ​ទូតទាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឬ blockchain និង​បណ្តាញ​អ៊ីនធឺណិត​បំពាក់​លើ​ឧបករណ៍បច្ចេកវិទ្យា​ ឬ​ហៅថា The Internet of Thing។

លោក​បាន​និយាយ​ទៀត​ថា៖ «តម្រូវការ​ជ្រើសរើស​បុគ្គលិក​ក្នុង​វិស័យ​បច្ចេកវិទ្យា​កំពុង​តែ​កើន​ឡើង​ខ្លាំង​ទៅៗ នៅ​ក្នុង​សម័យ​ឌីជីថលនេះ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការ​ទាក់ទាញ​ និង​រក្សា​ធនធាន​មនុស្ស»។

រូបភាព​ឯកសារ៖ មនុស្សម្នា​ពិនិត្យ​មើល​ទូរទស្សន៍​ទំនើបៗ​នៅ​ក្នុង​ក្រុង​ហាណូយ។

តម្រូវការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​បាន​កើនឡើង​ ៤៧% ​ក្នុង​១ឆ្នាំ នៅ​ក្នុង​ប្រទេស​វៀតណាម​ នេះ​បើ​យោង​តាម​អង្គការ CUTS International ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ ដោយ​ធ្វើ​ការលើ​ការ​តស៊ូមតិ​សម្រាប់​អ្នក​ប្រើប្រាស់។

ដំណោះស្រាយ

ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន​ដើម្បី​បំពេញ​កង្វះខាត​ជំនាញ​ទាំងនេះ​គឺ​ត្រូវ​បណ្តុះបណ្តាល​បុគ្គលិក​នាពេល​បច្ចុប្បន្ន​ឡើង​វិញ។

ក្រុមហ៊ុន Microsoft នៅ​អាស៊ី​បាន​ចេញ​ផ្សាយ​ទិន្នន័យ​របស់​ខ្លួន​នៅ​ក្នុង​ខែ​មេសា​ ដោយ​បង្ហាញ​ថា​បុគ្គលិក​សុខចិត្ត​ទទួល​ការ​បណ្តុះបណ្តាល​ឡើង​វិញ​ ជាង​ការ​គិត​របស់​ក្រុមហ៊ុន​របស់ពួកគេ​ទៅ​ទៀត។

ការ​សិក្សា​នៅ​ប្រទេស​ចំនួន​ ១៥​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​វៀតណាម​ផងដែរ​នោះ​ បាន​រកឃើញ​ថា​ ពួក​ថ្នាក់​ដឹកនាំ​ជំនួញ​ចំនួន​ ២២%​ គិត​ថា​ បុគ្គលិក​របស់​ពួកគេ​មិន​ចង់​ទទួល​ការបណ្តុះបណ្តាល​ឡើង​វិញទេ ប៉ុន្តែ​មាន​បុគ្គលិក​តែ​ ៨% ​តែ​ប៉ុណ្ណោះ​ដែល​បាន​និយាយ​យ៉ាង​ដូច្នេះ។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់ច្រលំ​រវាង​ភាគី​ទាំង​ ២។

លោក Alice Pham ដែល​ជា​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ CUTS International បាន​និយាយ​ថា​ ក្រុមហ៊ុន​ក៏​អាច​មាន​ជ្រើសរើស​បុគ្គលិក​ជំនាញ​ ដែល​រៀន​តាម​ថ្នាក់​អនឡាញ​ផង​ដែរ។

លោក Pham បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​មួយរបស់​អង្គការ CUTS ក្នុង​ខែ​សីហា​ថា៖

«ប្រសិន​បើ​ក្រុមហ៊ុន និង​អ្នក​ផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក ​មិន​ទទួល​ស្គាល់​សញ្ញាបត្រ​អនឡាញ​ ឬ​យល់​ថា ​ចំណេះដឹង និង​ជំនាញ​ដែល​ទទួល​បាន​តាម​ប្រព័ន្ធ​ឌីជីថល​បែប​នេះ​ អន់​ជាង​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ស្ថាប័ន​អប់រំ​ នោះ​វា​នឹង​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ពួកគេ​ ហើយ​ការ​ជំរុញ​ឲ្យសិក្សា​តាម​អនឡាញ​នឹង​បាត់បង់​ ដោយ​ផ្នែក​ ឬ​អាច​ទាំង​ស្រុង‍»។

ជាធម្មតា​ការជ្រើសរើស​បុគ្គលិក​នៅ​ប្រទេសវៀតណាម​ផ្តោត​លើ​សញ្ញាប័ត្រ បូករួម​ជាមួយ​នឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផងដែរ។ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ខ្វះខាត​ធនធាន​មនុស្ស​នា​ពេល​បច្ចុប្បន្ន​ ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ ហើយ​ការ​ជ្រើសរើស​បុគ្គលិក​ដែល​អាស្រ័យ​លើ​កត្តា​នានា​ដូច​កាល​ពី​មុន​នោះ​ ក៏​ប្រហែល​ជា​ត្រូវ​ផ្លាស់ប្តូរ​ផងដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ