ពេលវេលាកាន់តែខ្លីសម្រាប់កងទ័ពស្ថាបនាមន្ទីរពេទ្យបណ្តោះអាសន្ន មុនពេលជំងឺកូវីដ១៩ឡើងដល់កំពូល

រូបឯកសារ៖ ទាហានធ្វើការកន្លែងព្យាបាលអ្នកជំងឺមួយនៅ CenturyLink Field Event Center នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

ប្រធានវិស្វករកងទ័ពបានព្រមានថា ក្រុមរបស់លោកកំពុងចាប់ផ្តើមអស់ពេលវេលា ដើម្បីស្ថាបនាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីពង្រីកសមត្ថភាពប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៅទូទាំងប្រទេស។

លោកឧត្តមសេនីយត្រី Todd Semonite ប្រធានវិស្វករកងទ័ពបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា កងទ័ពចាំបាច់ចាប់ផ្តើមស្ថាបនាមន្ទីរពេទ្យបណ្តោះអាសន្នប្រហែលនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់មន្ទីរពេទ្យបណ្តោះអាសន្នទាំងនោះមុនពេលចំនួនករណីមេរោគកូរ៉ូណាឡើងដល់កំពូល។

ក្រុមវិស្វករកងទ័ពកំពុងធ្វើឲ្យទីកន្លែងចំនួន១៧នៅទូទាំងប្រទេសជាតិក្លាយជាមន្ទីរពេទ្យ ដោយមានគ្រែអ្នកជំងឺសរុបទាំងអស់១ម៉ឺន៥ពាន់។ មន្ទីរពេទ្យបណ្តោះអាសន្នជាង២០ មិនទាន់សម្រេច ដែលអាចផ្តល់គ្រែប្រហែល៨ពាន់៥រយ ប្រសិនបើបញ្ចប់សាងសង់នោះ។

លោកឧត្តមសេនីយ Semonite បានមានប្រសាសន៍ទៀតថា ទីភ្នាក់ងារចាត់ចែងគ្រាអាសន្នសហព័ន្ធនិងរដ្ឋាភិបាលមូលដ្ឋាននិងរដ្ឋត្រូវតែសម្រេចអ្វីដែលត្រូវធ្វើដោយការស្ថាបនាមន្ទីរពេទ្យបណ្តោះអាសន្នដោយក្រុមវិស្វករកងទ័ពបន្ទាប់ពីការឡើងដល់កំពូលនូវជំងឺកូវីត១៩ បានបញ្ចប់។

ឧត្តមសេនីយ Joseph Lengyel ប្រធានការិយាល័យឆ្មាំការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា ឥឡូវនេះ មានចំនួនកងទ័ពឆ្មាំការពារនៅទូទាំងសហរដ្ឋអាមេរិកដែលកំពុងប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩​ស្មើនឹងកងទ័ពដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក។

ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា រហូតមកទល់ព្រឹកថ្ងៃពុធ មាន​២ពាន់​៩រយ​២៨ករណី​នៃមេរោគកូរ៉ូណានៅទូទាំងពិភពលោក ដែលបានជាប់ទាក់ទិននឹងយោធាសហរដ្ឋអាមេរិកដែលក្នុងនោះមានយោធាចំនួន១ពាន់៩រយ៧៥នាក់ ជនស៊ីវិល៤២២នាក់ និងអ្នកក្រោមបន្ទុក​៣៤៧នាក់ និងអ្នកធ្វើការជាប់កិច្ចសន្យា១៨៤នាក់។ មានអ្នកស្លាប់ដោយជំងឺកូវីត១៩នាក់ រួមមានកងទ័ពម្នាក់៕