លោករដ្ឋមន្ត្រី​ការ​បរទេសស.រ.អា.​ Rex Tillerson ពិភាក្សា​រឿង​កូរ៉េ​ខាងជើង​​នៅ​ប៉េកាំង

រដ្ឋមន្រ្តី​ការបរទេស​ Rex Tillerson ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​វិមាន​នៃ​ប្រជាជន​ចិន​កាលពី​ថ្ងៃសៅរ៍ទី៣០ កញ្ញា ២០១៧នៅ​ទី​ក្រុង​ប៉េកាំង។

លោករដ្ឋមន្ត្រី​ការ​បរទេសស.រ.អា.​ Rex Tillerson បាន​អញ្ជើញ​ទៅ​ដល់ក្រុងប៉េកាំង​នៅ​ថ្ងៃ​សៅរ៍នេះ​ដើម្បី​ស្វះស្វែង​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ចិន​អំពីយុទ្ធនាការ​ដាក់ «គំនាប​សង្កត់អតិបរិមា» ប្រឆាំង​នឹង​ភាព​គឃ្លើន​ខាង​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅពេល​មាន​ភាព​តាន​តឹង​ខ្លាំង​នៅ​លើឧបទ្វីបកូរ៉េ។​

លោក Tillerson មាន​កំណត់​នឹង​ធ្វើការ​ចរចា​ជាមួយ​ពួកមន្ត្រី​ចិន​ជាន់ខ្ពស់គឺ​លោក​ប្រធានាធិបតី​ Xi Jinping លោក Yang Jiechi ទីប្រឹក្សា​រដ្ឋ​និង​លោក​រដ្ឋមន្ត្រី​ការបរទេស Wang Yi ដោយ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ធ្វើ​បែប​ណា​ដើម្បី​បង្ខិតបង្ខំប្រទេសកូរ៉េខាង​ជើង​ឱ្យ​បោះបង់ចោលកម្មវិធី​បរមាណូរបស់​ខ្លួន។កិច្ចចរចា​គ្នានេះ​ក៏​មានរួមបញ្ចូលដែរនូវការ​ប្រុងប្រៀប​សម្រាប់​ដំណើរទស្សកិច្ច​លើកទីមួយ​របស់ប្រធានាធិបតី​ស.រ.អា. Donald Trump ទៅ​កាន់​ប្រទេស​ចិន​ខែ​វិច្ឆិកា​ខាងមុខនេះ។​

ស.រ.អា.បាន​ប្តូរយោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកមន្ត្រីចិន​អំពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ចូល​ក្នុង​ប្រទេស​ចិន​នូវធ្យូងថ្ម ដែក រ៉ែដែក សំណ រ៉ែសំណ​និង​ម្ហូបសមុទ្រពី​ប្រទេសកូរ៉េខាង​ជើង។

ប្រសិន​បើ​បានត្រូវ​អនុវត្ត​ពេញ​លេញ ការ​ហាម​ប្រាម​លើ​ទំនិញ​ទាំង​នេះ​អាច​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​កូរ៉េខាង​ជើង​បានច្រើន​ក្រាស់ក្រែល​នៅ​ឆ្នាំនេះ។បើ​តាម​ក្រសួង​ការបរទេស​ស.រ.អា.ថា​កូរ៉េខាង​ជើង​បាន​ទទួល​ប្រាក់​១ពាន់​៥រយ​លាន​ដុល្លារ​ពី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំង​នេះ​ទៅ​លក់​ឱ្យ​ប្រទេស​ចិន​កាល​ពីឆ្នាំ​២០១៦៕