លោក Tillerson បញ្ជូនបេសកជន​ថ្មី​សម្រាប់វិបត្តិ​អ៊ុយក្រែន​ទៅកាន់ទីក្រុង Kyiv

លោក Kurt Volker បេសកជន​ថ្មី​សម្រាប់​វិបត្តិនៅប្រទេស​អ៊ុយក្រែន

លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិកាំង Rex Tillerson បាន​តែងតាំង​លោក Kurt Volker អតីត​ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំអង្គការ​អូតង់ឱ្យ​បម្រើការ​ជា​អ្នកតំណាង​ពិសេស​សម្រាប់កិច្ចចរចា​ស្តី​ពី​បញ្ហា​ប្រទេស​អ៊ុយក្រែន។​

សេចក្តី​ប្រកាសនេះ​មានឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក Tillerson ទៅកាន់ក្រុង​ Kyiv នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះដែល​នៅ​ទីនោះលោកនឹង​ជួប​ជាមួយលោក​ប្រធានាធិបតី Petro Poroshenko នៃ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធី​ជួយបញ្ចប់​ជម្លោះនៅ​ក្នុង​ផ្នែក​ខាង​កើតនៃប្រទេសអ៊ុយក្រែន​និងគាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​កែ​ទម្រង់​ដែល​កំពុង​មាន​ធ្វើ។

លោក Tillerson បានមាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​ថា​ «​ស.រ.អា.នៅ​តែប្តេជ្ញាពេញលេញ​ដល់គោលដៅ​នៃកិច្ចព្រមព្រៀង​ក្រុង Minsk»ដោយ​លោកនិយាយ​យោងដល់​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និង​រដ្ឋាភិបាល​ក្រុង​ Kyiv បាន​យល់​ព្រមកាល​ពី​ឆ្នាំ២០១៥។

លោក Volker ដែល​នឹង​អម​ដំណើរ​លោក Tillerson ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ក៏​នឹងទាក់ទងជា​ទៀងទាត់​ជាមួយ​ភាគី​ទាំង​អស់​ដែល​ចាត់ចែង​កិច្ច​ចរចា​គ្នា​អំពីបញ្ហា​ប្រទេស​អ៊ុយក្រែន​តាម​រយៈអ្វី​ដែល​ហៅ​ថា​របៀប Normandy ភាសា​អង់គ្លេស​ហៅ​ថា​ Normandy Format ​ បារាំង រុស្សី​និង​ប្រទេស​អ៊ុយក្រែន។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ផ្នែកផ្សាយ​ជា​ភាសាអ៊ុយក្រែន​នៃវីអូអេ​កាលពី​ពេលថ្មីៗនេះ លោក Volker បានបង្ហាញ​ទស្សនៈវិស័យ​របស់លោកអំពី​ប្រទេស​អ៊ុយក្រែន។ ​លោក​បានមាន​ប្រសាសន៍​ថា «យើង​ត្រូវការ​ឱ្យមាន​ប្រទេស​អ៊ុយក្រែន​មួយ​ដែលជា​ប្រទេស​មួយកាន់លទ្ធិប្រជាធិបតេយ្យមាន​ចីរភាព មិនទ្រុឌទ្រោម​ សំបូររុង​រឿងនិងខ្លាំង​ផងដែរ ដើម្បី​ឱ្យ​ប្រទេស​នេះមានការ​ទាក់ចិត្តក្នុង​តំបន់​ខាងកើត​ហើយ​ជា​កន្លែង​ដែល​ការវាយ​ប្រហារដោយ​ផ្តល់​ព័ត៌មាន​មិន​ពិត​និង​ការឃោសនា​គ្មាន​ការអូសទាញខ្លាំង»។

ទោះណា​ជាលោក Tillerson កំពុង​ស្វះស្វែង​កសា​ងទំនុក​ចិត្ត​ជា​ថ្មីជាមួយ​ពួក​រុស្សីក៏​ដោយ​ ក៏រដ្ឋាភិបាល​ក្រុង Washington បាន​បដិសេធ​ការនិយាយ​ស្មានៗ​ថា​ខ្លួន​នឹងធ្វើឱ្យ​មាន​កិច្ចព្រមព្រៀង​មួយជា​មួយ​រដ្ឋាភិបាលក្រុងម៉ូស្គូដោយ​មិន​រវីរវល់​នឹង​រដ្ឋាភិបាលក្រុង Kyiv៕