លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ដោយមិនបានប្រកាសជាសាធារណៈនោះទេ។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចស្រដៀងគ្នានេះដែរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងទីក្រុង បាកដាដ លោក Tillerson គ្រោងនឹងជួបជាមួយនឹងលោក Haida al-Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។
កាលពីមុននេះ មន្ត្រីការទូតកំពូលរបស់អាមេរិករូបនេះបានពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីរបស់អាមេរិកទៅលើអាស៊ីខាងត្បូង ជាមួយនឹងលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៅឯមូលដ្ឋានទ័ពអាកាស Bagram ក្រៅទីក្រុង កាប៊ុល។
លោក Tillerson បានមានប្រសាសន៍ថា «ខ្ញុំគិតថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ហើយអំពីការគាំទ្ររបស់យើងចំពោះអាហ្វហ្គានីស្ថាន ការគាំទ្រចំពោះអធិបតេយ្យភាព និងការគាំទ្រចំពោះអាហ្វហ្គានីស្ថានដែលរួបរួមគ្នានិងមានប្រជាធិបតេយ្យ តាមរយៈការបង្កើតជាមាគ៌ាទៅកាន់សន្តិភាព ភាពរុងរឿង និងការពឹងផ្អែកលើខ្លួនឯង។ វាសំខាន់ណាស់ដែលយើងមិនគាំទ្រដល់ទីកន្លែងសុវត្ថិភាពសម្រាប់ក្រុមភេរវកម្មឬក្រុមជ្រុលនិយមណាមួយនៅក្នុងពិភពលោកនេះនោះទេ»។
លោក Ghani បានមានប្រសាសន៍ថា យុទ្ធសាស្ត្រថ្មីរបស់អាមេរិកធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងតំបន់នេះ ហើយលោកបានបន្ថែមថា «ភាគីពាក់ព័ន្ធទាំងអស់គួរតែមានការទទួលខុសត្រូវរបស់ខ្លួន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានប្រធានាធិបតី៕