លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថាតាមបច្ចេកទេស អ៊ីរ៉ង់ ពិតជាបានបំពេញទៅតាមកិច្ចព្រមព្រៀងអន្តរជាតិក្នុងការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកបាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឲ្យសភាអនុម័តលើយុទ្ធសាស្ត្រពេញលេញជាងនេះមួយ ដើម្បីប៉ះប៉ូវចំពោះអ្វីដែលមេដឹកនាំអាមេរិករូបនេះមើលឃើញថា ជាចំណុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀងមួយនេះ។
លោក ត្រាំ កាលពីថ្ងៃសុក្រ លើកឡើងភ្លាមៗថា អ៊ីរ៉ង់មិនបានបំពេញទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ ហើយទុកឱកាសឲ្យសភាជាអ្នកសម្រេចថាតើ គួរបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់អ៊ីរ៉ង់ មុនពេលដែលអាមេរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងចិន ឈានទៅដល់សន្ធិសញ្ញាមួយជាមួយនឹងអ៊ីរ៉ង់ឬយ៉ាងណា។
លោក Tillerson បានមានប្រសាសន៍ថា លោក ត្រាំ ចង់ឲ្យសភា កែសម្រួលទៅលើភាពទន់ខ្សោយមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ប្រហែលជាអាចបង្កើតជាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត និងដោះស្រាយនូវការគំរាមកំហែងដែលទូលំទូលាយជាងនេះមួយចំនួន ដែលអ៊ីរ៉ង់អាចធ្វើឡើងតាមរយៈភាពគឃ្លើនខាងយោធារបស់ខ្លួននិងធ្វើឲ្យគ្មានស្ថិរភាពនៅមជ្ឈិមបូព៌ា។ លោក Tillerson បាននិយាយថា ការធ្វើតេស្តបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ មិនត្រូវបានហាមឃាត់នោះទេនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ ហើយការណ៍នេះត្រូវតែទប់ស្កាត់និងត្រូវមានការហាមឃាត់ដែលច្បាស់លាស់ជាងនេះមួយទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបាននិយាយទៀតថា កិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្ននេះគ្រាន់តែផ្អាកមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។
ស្របពេលដែលសភាអាមេរិកពិចារណាទៅលើថាតើគួរតែអនុម័តលើទណ្ឌកម្មសេដ្ឋកិច្ចថ្មីឬយ៉ាងណា លោក Tillerson បានមានប្រសាសន៍ថា អាមេរិកនិងប្រទេសហត្ថលេខីដទៃទៀតត្រូវតែពង្រឹងការអនុវត្តកិច្ចព្រមព្រៀងនេះ៕