លោក Tillerson ត្រូវ​បាន​អនុម័ត​ឲ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក

លោក​ប្រធានាធិបតី Donald Trump ញញឹម​ដាក់​លោក​រដ្ឋ​មន្រ្តី​ការបរទេស Rex Tillerson បន្ទាប់​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ការិយាល័យ Oval ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។

ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​ទៅ​លើ​បេក្ខភាព​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​តែងតាំង គឺ​លោក Rex Tillerson នាយកប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ExxonMobil។

ព្រឹទ្ធសភា​ក៏​បាន​ជំរុញ​ដល់​ដំណើរការ​អនុម័ត​ទៅ​លើ​រដ្ឋមន្ត្រី​៣​នាក់​ទៀត​ដែល​លោក ត្រាំ បាន​តែងតាំង​សម្រាប់​បំពេញ​គណៈរដ្ឋមន្ត្រី​របស់​លោក​ផង​ដែរ។ ដំណើរការ​នេះ​ទៅ​មុខ​បាន​ដោយសារ​តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ព្យាយាម​ប្រើប្រាស់​វិធីសាស្រ្ត​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដើម្បី​យក​ឈ្នះ​លើ​វិធីសាស្រ្ត​ពន្យារពេល​ដែល​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ដូច​គ្នា។

​មាន​តែ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៣​នាក់​និង​អ្នក​ឯករាជ្យ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ស្រុះស្រួល​គ្នា នៅ​ក្នុង​ការគាំទ្រ​បេក្ខភាព​របស់​លោក Tillerson ដែល​ទទួល​បាន​សម្លេង​បោះឆ្នោត​គាំទ្រ ៥៦​ទល់​នឹង​៤៣។ ការ​អនុម័ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំង​២​ចំណាយ​ពេល​រាប់​សប្តាហ៍​ពិចារណា​ទៅ​លើ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ExxonMobil រូប​នេះ ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​សមត្ថភាព​របស់​លោក​ក្នុង​ការ​ទុក​រឿង​ជំនួញ​ឲ្យ​នៅ​មួយ​ឡែក ហើយ​ងាក​មក​បំពេញ​តួនាទី​ជា​មន្ត្រី​ការ​ទូត​កំពូល​របស់​អាមេរិក៕ ​