បណ្តាញសង្គមទិកតុក (TikTok) និងក្រុមហ៊ុនមេរបស់ខ្លួន ដែលជាក្រុមហ៊ុនរបស់ចិន បានដាក់ពាក្យបណ្តឹង នៅថ្ងៃទី ៧ ខែឧសភាប្រឆាំងនឹងច្បាប់អាមេរិកថ្មីដែលនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ នៅក្នុងសហរដ្ឋអាមេរិក លើកលែងតែកម្មវិធីនេះត្រូវបានលក់ទៅឱ្យអ្នកទិញដែលមានការអនុញ្ញាត។ ក្រុមហ៊ុនទិកតុកនិយាយថា ច្បាប់របស់អាមេរិកនេះរើសអើងកម្មវិធីដោយអយុត្តិធម៌ ហើយថានេះជាការវាយប្រហារលើសេរីភាពនិយាយស្តីដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok និយាយថា ច្បាប់ថ្មីបានពណ៌នាដោយមិនច្បាស់លាស់អំពីកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance លើកម្មវិធី TikTok ដោយចោទថា TikTok គំរាមកំហែងសន្តិសុខជាតិរបស់អាមេរិក ដើម្បីគេចផុតពីវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញអាមេរិកស្តីពីសេរីភាព ទោះបីជាមិនមានភស្តុតាងដែលបង្ហាញថា ក្រុមហ៊ុននេះបង្កការគំរាមកំហែងក៏ដោយ។ ក្រុមហ៊ុន ByteDance ក៏និយាយផងដែរថា«ជាក់ស្តែងណាស់ ច្បាប់នេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញអាមេរិក» ដែលធានាសេរីភាព តែជាជំនួសវិញអ្នកជំរុញច្បាស់នេះបែរជាបង្វែររឿងនេះឱ្យទៅជាគ្រប់គ្រងកម្មសិទ្ធិរបស់កម្មវិធី TikTok ទៅវិញ។
ក្រុមហ៊ុន ByteDance អះអាងក្នុងពាក្យបណ្ដឹងដែលបានដាក់នៅក្នុងតុលាការឧទ្ធរណ៍រដ្ឋធានីវ៉ាស៊ីនតោនថា៖ «ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សភាអាមេរិកបានចេញច្បាប់មួយដែលចាប់យកកម្មវិធីតែមួយគត់មកហាមឃាត់ជាអចិន្ត្រៃយ៍ ទូទាំងប្រទេស និងរារាំងមិនឱ្យជនជាតិអាមេរិកគ្រប់រូបអាចប្រើកម្មវិធីតាមអនឡាញនេះជាមួយមនុស្សច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក»។
ច្បាប់នេះដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាជាផ្នែកនៃកញ្ចប់ជំនួយបរទេសទ្រង់ទ្រាយធំជាងនេះនោះ គឺជាច្បាប់ដំបូងដែលសហរដ្ឋអាមេរិកបានច្បិចយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយសម្រាប់ការហាមឃាត់ដែលអាចកើតមាន ដែលក្រុមអ្នកតស៊ូមតិខាងសេរីភាពនិយាយស្តីថា ជាការហាមឃាត់និងគាបសង្កត់បែបនេះ ជាអ្វីដែលដូចរបបនៅប្រទេសអ៊ីរ៉ង់ និងប្រទេសចិន។
បណ្តឹងនេះគឺជាចំណុចរបត់ចុងក្រោយបង្អស់ក្នុងដំណើរការតស៊ូផ្លូវច្បាប់ដ៏អូសបន្លាយទាក់ទងអនាគតរបស់កម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយបណ្តឹងនេះអាចនឹងទៅដល់តុលាការកំពូល។ ប្រសិនបើ TikTok ចាញ់ក្តីនេះ នោះក្រុមហ៊ុននេះនិយាយថា ខ្លួននឹងត្រូវបានបង្ខំឱ្យបិទនៅឆ្នាំក្រោយ។
ច្បាប់នេះនឹងតម្រូវឱ្យ ក្រុមហ៊ុន ByteDance លក់កម្មវិធីនេះទៅឱ្យអ្នកទិញដែលមានការអនុញ្ញាតដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំបួនខែ។ ប្រសិនបើការលក់កំពុងដំណើរការរួចហើយ ក្រុមហ៊ុននឹងអាចទទួលពេលបីខែទៀតដើម្បីបញ្ចប់កិច្ចព្រមព្រៀងលក់កម្មវិធីនេះ។
ក្រុមហ៊ុន ByteDance បាននិយាយថា ខ្លួនមិនមានគម្រោងលក់កម្មវិធី TikTok ទេ។ ប៉ុន្តែទោះបីជាខ្លួនចង់លក់ក៏ដោយ ក៏ក្រុមហ៊ុននេះត្រូវមានការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំងដែរ។ យោងតាមពាក្យបណ្តឹងនេះ រដ្ឋាភិបាលចិន«បានបញ្ជាក់យ៉ាងច្បាស់»ថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន ByteDanceបញ្ចូលនូវក្បួនដោះស្រាយកំព្យូទ័រ algorithm ដែលផ្ទុកព័ត៌មានរបស់អ្នកប្រើប្រាស់ និងជា«គន្លឹះនៃជោគជ័យរបស់ កម្មវិធី TikTok នៅសហរដ្ឋអាមេរិក»។
កម្មវិធី TikTok និងក្រុមហ៊ុន ByteDance និយាយថា ច្បាប់ថ្មីធ្វើឱ្យពួកគេគ្មានជម្រើសក្រៅពីបិទកម្មវិធីនេះត្រឹមថ្ងៃទី ១៩ ខែមករាខាងមុខនេះទេ ពីព្រោះការបន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនមានលទ្ធភាពខាងពាណិជ្ជកម្ម បច្ចេកវិទ្យា ឬស្របច្បាប់នោះទេ។
កម្មវិធី TikTok និង ក្រុមហ៊ុន ByteDance ក៏និយាយផងដែរថា ខ្លួននឹងមិនអាចញែកបណ្តាញ TikTok នៅសហរដ្ឋអាមេរិកចេញពីបណ្តាញ TikTok ផ្សេងទៀតដែលមានអ្នកប្រើប្រាស់ ១ពាន់លាននាក់នៅទូទាំងពិភពលោក ដែលភាគច្រើននៅក្រៅសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងបានលើកឡើងថា បណ្តាញ TikTok សម្រាបតែសហរដ្ឋអាមេរិកនឹងត្រូវដំណើរការដោយផ្តាច់ចេញពី បណ្តាញផ្សេងទៀតក្នុងពិភពលោក។
ពាក្យបណ្តឹងនេះក៏លើកពីភាពមិនអាចទៅរួចខាងបច្ចេកវិទ្យាផងដែរ ពីព្រោះច្បាប់តម្រូវឱ្យលេខកូដរាប់លាននៃកម្មវិធី TikTok ទាំងអស់ ត្រូវផ្តាច់ពីក្រុមហ៊ុន ByteDance ដើម្បីកុំឱ្យមាន«ទំនាក់ទំនងប្រតិបត្តិការ»រវាងក្រុមហ៊ុនចិន និងកម្មវិធីថ្មីនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនអះអាងថា ពួកគេគួរតែត្រូវបានការពារនិងធានាដោយវិសោធនកម្មទីមួយស្តីពីសេរីភាពនៃការបញ្ចេញមតិ ហើយកំពុងស្វែងរកការវិនិច្ឆ័យដោយប្រកាសថា បម្រាមនេះមិនស្របរដ្ឋធម្មនុញ្ញ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបដិសេធមិនធ្វើអត្ថាធិប្បាយលើបណ្តឹងនេះទេ កាលពីថ្ងៃទី៧ ខែឧសភា។ ហើយអ្នកនាំពាក្យរបស់សេតវិមានអ្នកស្រី Karine Jean-Pierre បានបដិសេធមិនឆ្លើយសំណួរអំពីមូលហេតុដែលលោកប្រធានាធិបតីបន្តប្រើប្រាស់ TikTok សម្រាប់សកម្មភាពនយោបាយរបស់លោក ដោយឱ្យសួរទៅខាងក្រុមយុទ្ធនាការលោកវិញ។
លោក Raja Krishnamoorthi តំណាងរាស្រ្តបក្សប្រជាធិបតេយ្យនៃរដ្ឋ Illinois ដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការពិសេសរបស់រដ្ឋសភាសម្រាប់កិច្ចការបក្សកុម្មុយនីស្តចិនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ៧ ឧសភា ដើម្បីការពារច្បាប់ថ្មី។
លោកនិយាយថា៖ «នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិដែលបង្កឡើងដោយកម្មវិធីរបស់ ក្រុមហ៊ុន ByteDance ដូចជា TikTok។ ជំនួសឱ្យការបន្តយុទ្ធសាស្ត្របោកប្រាស់របស់ខ្លួន ល្មមដល់ពេលដែល ByteDance ដើម្បីចាប់ផ្តើមដំណើរការដកខ្លួនចេញ»។
ក្រុមហ៊ុន ByteDance ជាដំបូងទំនងនឹងស្នើឱ្យតុលាការរារាំងជាបណ្ដោះអាសន្ន កុំច្បាប់សហព័ន្ធនេះចូលជាធរមានភ្លាមៗ។ នេះបើតាម លោក Gus Hurwitz អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាច្បាប់ Carey នៃសាកលវិទ្យាល័យ Pennsylvania ដែលមិនពាក់ព័ន្ធនឹងសំណុំរឿងនេះទេ។
លោកបាននិយាយថា ហើយការសម្រេចចិត្តថា តើគួរឬមិនគួរផ្តល់បញ្ជាហាមឃាត់បឋមបែបនេះអាចនាំដល់ការសម្រេចក្តីនេះព្រោះថាបើគ្មាន ការហាមឃាត់បឋម ក្រុមហ៊ុន ByteDance អាចនឹងលក់កម្មវិធី TikTok មុនមានការសម្រេចជាផ្លូវការ។
លោក Hurwitz មិនទាន់សន្និដ្ឋានប្រាកដថា តើតុលាការនឹងចេញសេចក្តីហាមឃាត់បែបនេះឬយ៉ាងណាទេ សំខាន់គឺដោយសារតុលាការត្រូវតែថ្លឹងថ្លែងរវាងសារៈសំខាន់នៃសេរីភាពនិយាយស្តីនិងការអះអាងរបស់រដ្ឋបាលលោក Biden អំពីការគ្រោះថ្នាក់ដល់សន្តិសុខជាតិតាមរយៈកម្មវិធី TikTok ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា តុលាការនឹងស្របយ៉ាងខ្លាំងជាមួយសភាលើបញ្ហាទាំងនេះ»។
ជម្លោះទាក់ទងនឹងTikTok កើតឡើងចំពេលដែលការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនកាន់តែរីកធំ ជាពិសេសនៅក្នុងផ្នែកដូចជាបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពទិន្នន័យ ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ចំពោះឧត្តមភាពសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ប្រទេសនីមួយៗ។
សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរ ក៏ដូចជាមន្ត្រីរដ្ឋបាល និងមន្ត្រីអនុវត្តច្បាប់បានសម្តែងការព្រួយបារម្ភថា អាជ្ញាធរចិនអាចបង្ខំឱ្យក្រុមហ៊ុន ByteDance ប្រគល់ទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកឱ្យខ្លួន ឬបំភាន់មតិសាធារណៈដោយប្រើប្រាស់ក្បួនដោះស្រាយដែលផ្ទុកមតិព័ត៌មានរបស់អ្នកប្រើប្រាស់។ អ្នកខ្លះក៏បានលើកពីការសិក្សារបស់សាកលវិទ្យាល័យ Rutgers ដែលថា ខ្លឹមសារក្នុង TikTok កំពុងត្រូវបានពង្រីក ឬបង្រួមដោយផ្អែកលើផលប្រយោជន៍របស់រដ្ឋាភិបាលចិន។ ការអះអាងនេះត្រូវបានក្រុមហ៊ុនបដិសេធ។
អ្នកប្រឆាំងច្បាប់នេះអះអាងថា អាជ្ញាធរចិន – ឬភាគីមិនល្អណាមួយ - អាចទទួលបានព័ត៌មានអំពីជនជាតិអាមេរិកយ៉ាងងាយស្រួលតាមមធ្យោបាយផ្សេងៗ រួមទាំងតាមរយៈឈ្មួញកណ្តាលទិន្នន័យពាណិជ្ជកម្មដែលជួល ឬលក់ព័ត៌មានផ្ទាល់ខ្លួន។ ពួកគេនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបានផ្តល់ភស្តុតាងជាសាធារណៈដែលបង្ហាញថា កម្មវិធី TikTok បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកឱ្យអាជ្ញាធរចិន ឬត្រូវបានប្រើប្រាស់តាមរយៈក្បួនដោះស្រាយកុំព្យូទ័រដើម្បីផលប្រយោជន៍របស់ប្រទេសចិន។
លោក Patrick Toomey នាយករងនៃគម្រោងសន្តិសុខជាតិរបស់សហភាពសេរីភាពជនស៊ីវិលអាមេរិកាំង American Civil Liberties Union បាននិយាយថា៖ «ការប្រមូលទិន្នន័យដោយកម្មវិធី TikTok មានផលវិបាកពិតប្រាកដសម្រាប់ឯកជនភាពរបស់យើងទាំងអស់គ្នា។ ប៉ុន្តែការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក មិនមែនជាដំណោះស្រាយនោះទេ។ ជំនួសមកវិញ យើងត្រូវឱ្យសភាអនុម័តច្បាប់ដែលការពារឯកជនភាពរបស់យើងជាមុនសិន»។
លោក Jameel Jaffer នាយកប្រតិបត្តិនៃវិទ្យាស្ថាន Knight First Amendment Institute នៅសាកលវិទ្យាល័យ Columbia រំពឹងថា បណ្តឹងរបស់កម្មវិធី TikTok នឹងទទួលបានជោគជ័យ។
លោក Jaffer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិសោធនកម្មទីមួយចែងថា រដ្ឋាភិបាលមិនអាចដាក់កំហិតមិនឱ្យជនជាតិអាមេរិកទទួលបានគំនិត ព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយពីបរទេសដោយគ្មានហេតុផលច្បាស់លាស់នោះទេ ហើយគ្មានហេតុផលទេក្នុងពេលនេះ»។
ទោះបីជា TikTok បានយកឈ្នះក្នុងការតតាំងតាមវិសោធនកម្មទីមួយពីពេលមុននេះក៏ដោយ ក៏គេនៅមិនច្បាស់ទេថា តើបណ្តឹងបច្ចុប្បន្ននឹងមានលក្ខណៈសាមញ្ញដូចគ្នាឬយ៉ាងណាទេ។
លោក Gautam Hans សាស្ត្រាចារ្យច្បាប់ និងជានាយករងនៃ First Amendment Clinic នៅសាកលវិទ្យាល័យ Cornell បាននិយាយថា៖ «លក្ខណៈទ្វេបក្សនៃច្បាប់សហព័ន្ធនេះ ទំនងជានាំឱ្យចៅក្រមយោងលើការសម្រេចរបស់សភាដែលថា ក្រុមហ៊ុនបង្កហានិភ័យដល់សន្តិសុខជាតិ។ ទោះជាយ៉ាងនេះក្តី បើគ្មានការពិភាក្សាជាសាធារណៈអំពីអ្វីដែលជាហានិភ័យពិតប្រាកដទេនោះ នោះគេពិបាកក្នុងការកំណត់ថា ហេតុអ្វីតុលាការត្រូវផ្តល់សុពលភាពដល់ច្បាប់ដែលមិនធ្លាប់មានពីមុនមកនេះ»៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ