តម្លាភាព​កម្ពុជា​បង្ហាញ​វិធីសាស្រ្ត​ថ្មី​សង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ឃុំ-សង្កាត់

លោក​​​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃអង្គការ​តម្លាភាព​កម្ពុជា​ ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ អំពីវិធីសាស្រ្ត​សង្កេតការណ៍បោះឆ្នោត​ឃុំសង្កាត់​ នៅរាជធានីភ្នំពេញ​ ថ្ងៃទី ២៩​ ខែឧសភា ឆ្នាំ២០១៧។​(ខាន់​ សុគុំមនោ/ VOA)

​ប្រធាន​គម្រោង​សង្កេតការណ៍​បោះឆ្នោត​ នៃ​អង្គការ​តម្លា​ភាព​ថា​ វិធីសាស្រ្ត​នេះ​មាន​លទ្ធភាព​ផ្តល់​ព័ត៌មាន​​រហ័ស​ សម្រាប់​ការ​វិភាគ​លើ​ទិន្នន័យ​នៃ​លទ្ធផល​បោះឆ្នោត​ ​ជូន​សាធារណ​ជន​បាន​លឿន។​

នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​វិធីសាស្រ្ត​ក្នុង​ការ​អង្កេត​ ​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ឡើង​ក្នុងកំឡុង​ពេលបោះឆ្នោត​ ដោយ​រំពឹង​ថា វិធីសាស្រ្ត​នឹង​នេះ​អាច​ពង្រឹងភាព​ត្រឹម​ត្រូវ​ ​សេរី​ ​និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។​

ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​វិធី​សាស្ត្រ​អង្កេត​ការណ៍​ថ្មី​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ TI-Cambodia ​ ​បង្ហាញ​ថា ​ការ​សង្កេត​ការណ៍​តាម​បែប​វិទ្យាសាស្ត្រ​ស្ថិតិដោយ​ការ​ប្រមូល​ទិន្នន័យ​ចោះៗ ​ឬភាជា​ភាសា​អង់គ្លេស​ថា​ Sample Based Observation (SBO)​ ​នឹង​អាច​ជួយ​កត់​សម្គាល់​លើ​ភាព​មិន​ប្រ​ក្រ​តី​ ដែល​អាចកើត​មានជា​យថាហេតុនៅ​ថ្ងៃបោះ​ឆ្នោត​។​ តាម​រយៈ​វិទ្យាសាស្រ្ត​ស្ថិតិ​ថ្មី​នេះ​ អង្គការ​ដដែល​ គ្រោង​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​អ្នក​អង្កេត ​ចំនួន​១.១០០​នាក់​តាម​ឃុំ-សង្កាត់​នា​នា​ នៅ​ទូទាំង​ប្រទេស។​ លើស​ពី​នេះ​ទៀត​ ​គេ​នឹង​ជ្រើស​រើសការិយាល័យ​បោះឆ្នោត​ចំនួន​៤១០​មក​ធ្វើ​ជា​សំណាក​ដោយ​មិន​ប្រាប់​ជាមុន​ ​ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​សរុប ​២២.១៤៨​ការិយាល័យ​ទូទាំង​ប្រទេស។​

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើ​វិធីសាស្ត្រ​សង្កេត​ការណ៍​ ដែល​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត និង​ឯករាជ្យ​នេះ នឹង​ចូល​រួម​ពង្រឹង​តម្លាភាព​ និង​សុច្ចរិតភាព​ក្នុង​ដំណើរ​ប្រព្រឹត្តិ​ទៅ​នៃការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ដែល​នឹង​មកដល់ ​នៅ​ត្រឹមតែ​ ​៦ថ្ងៃ​ទៀត​តែប៉ុណ្ណោះ។​

លោក​ ព្រាប​ កុល​ បន្ថែម​ថា៖​

«គោល​បំណង​ដែល​ អង្គកា​រ​តម្លា​ភាព​សង្កេត​ការណ៍​លើ​ការបោះ​ឆ្នោត គឺយើង​មើល​ឃើញ​ថា​ភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ការលួចបន្លំ​សន្លឹកឆ្នោត ជា​អំពើ​ពុក​រលួយ​នយោបាយ​ ​ហើយ​យើង​ត្រូវតែ​មាន​ភារកិច្ច​ចូលរួម​ លុប​បំបាត់ ធ្វើការ​លើក​កម្ពស់​សុច្ចរិតភាព​ និងតម្លាភាព​នៃការ​បោះឆ្នោត»។​

​រូបឯកសារ៖ លោក​ ព្រាប​ កុល​ ​នាយក​ប្រត្តិ​បតិ្តអង្គការ​តម្លាភាព​កម្ពុជា​។ (ហ៊ុល រស្មី​/VOA)

គម្រោង​អង្កេត​ការណ៍​បោះឆ្នោត​ឃុំ-សង្កាត់​របស់​អង្គការ​តម្លា​ភាព​ ប្រើប្រាស់​ថវិកា​ប្រមាណ​២០​ ម៉ឺន​ដុល្លារ​ ហើយ​មួយ​ផ្នែក​ធំ​ជា​ថវិកា​ឧបត្ថម្ភ​ពី​អង្គការ​ USAID​ របស់​សហរដ្ឋ​អាមេរិក។​ ​លទ្ធផលវិភាគ​ដែល​បាន​ពី​ការ​សង្កេត​ការណ៍​តាម​បែប​ធ្វើ​វិទ្យាសាស្រ្ត​ស្ថិតិ(SBO)​នេះ នឹង​បង្ហាញ​ជូន​ជា​សាធារណៈយ៉ាងយូរ​ត្រឹម​ថ្ងៃ​ទី៥​ ខែ​មិថុនា​ គឺ​មួយ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។​

លោក​ សួន​ យុធ្យា​ ប្រធានប្រធានគម្រោងសង្កេតការណ៍​បោះឆ្នោត​ នៃ​អង្គការ​តម្លា​ភាព​ ​ ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ អំពីវិធីសាស្រ្ត​សង្កេតការណ៍បោះឆ្នោត​ឃុំសង្កាត់​ នៅរាជធានីភ្នំពេញ​ ថ្ងៃទី ២៩​ ខែឧសភា ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ/ VOA)

លោក សួន យុធ្យា​ប្រធាន​គម្រោង​សង្កេតការណ៍​បោះឆ្នោត​ នៃ​អង្គការ​តម្លា​ភាព​ បញ្ជាក់​បន្ថែម​ថា​ វិធីសាស្រ្ត​នេះ​មាន​លទ្ធភាព​ផ្តល់​ព័ត៌មានរហ័ស​ សម្រាប់​ការ​វិភាគ​លើ​ទិន្នន័យ​នៃ​លទ្ធផល​បោះឆ្នោត​ ​ជូន​សាធារណ​ជន​បាន​លឿន។​

«វិធីសាស្រ្ត​នៃ​ការបញ្ជូន​ទិន្នន័យ​ បាន​ន័យ​ថា​បញ្ជូន​ចម្លើយ​ពី​អ្នក​សង្កេត​ការណ៍​របស់​យើង​ ​តាម​កន្លែង​ដែល​យើង​បាន​ចាប់​ជា​សំណាក​ហ្នឹង​ ​គឺ​បញ្ជូនមកក្នុងថ្ងៃបោះឆ្នោត​តែម្តង​ ក្នុង​ពេល​វេលា​មួយ​ជាក់លាក់​ ហើយ​យើង​ជាអ្នក​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ យើង​អាច​ធ្វើការ​វិភាគ​ដឹង​ពី​ស្ថានភាព​ក្នុងការ​បោះឆ្នោត​តែ​ម្តង»។​

អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​១៤​ស្ថាប័ន​នឹង​ចូលរួម​សង្កេត​ការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត​ខាងមុខ។ ជាក់​ស្តែង​ គណៈ​កម្មាធិការអព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច) នឹង​ពង្រាយ​ក្រុមអ្នក​សង្កេតការណ៍​ចំនួន​ប្រមាណ​១៣.០០០នាក់​ ដែល​អ្នក​សង្កេត​ការណ៍​ម្នាក់ៗ​អាច​នឹង​ពិនិត្យ​២​ការិយាល័យ។​

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច​បាន​ឲ្យ​ដឹង​ថា​ ការ​សង្កេត​ការណ៍​បែប​នេះ​អាច​មាន​លទ្ធភាព​ប្រមូល​ទិន្នន័យ​បាន​ច្រើន​ និង​គ្រប់​ជ្រុងជ្រោយ។​

«សម្រាប់​ប្រព័ន្ធ​យើង​ យើង​មាន​ evidence​ (ឯកសារ) យើង​មាន​ភាពមិនប្រក្រតី​ (ដាក់ចូល)​ នៅ​ក្នុងបញ្ជី​សំណួរ​វា​ច្រើន​ ដោយសារ​អ្នក​សង្កេតការណ៍​យើង​ត្រូវបំពេញ​លើ​បញ្ជី​សំណួរ​នីមួយៗ​តាម​ការិយាល័យ ​ម្នាក់​ៗ​បាន​២ការិយាល័យ ​នៅ​ក្បែរៗ​គ្នាគាត់​អាច​មើល​ការិយាល័យ​នេះ​ទៅ​ ហើយមើលការិយាល័យជាប់​គ្នា​ផង។​ គាត់​យក​លទ្ធផលទាំង២ការិយាល័យ​ផ្ញើមក​»។​

លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ថ្លែង​ប្រាប់​ VOA​ អំពី​ការ​សហការ​ជា​មួយ​ស្ថាប័នចូលរួមសង្កេតការណ៍​ និង​ស្នើឲ្យ​ស្ថាប័ន​សង្កេតការណ៍​ទាំងឡាយ​មាន​ការទទួល​ខុស​ត្រូវខ្ពស់​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​អំពី​លទ្ធផល​ឆ្នោត​ទៅកាន់​សាធារណជន។​

«ក្នុងនាម​ គ.ជ.ប​ ស្វាគមន៍​រាល់​ការ​ចូល​រួម​ទាំងឡាយ​ឲ្យតែ​ការធ្វើហ្នឹង​ មាន​ភាព​អព្យាក្រឹត្យ។ ការ​ធ្វើ​ត្រូវ ឬ​មិនត្រូវ​យ៉ាង​ណា​ គ.ជ.ប​ មិនដឹង​ដែរ​ទេ។​ ដូចជា​នៅ​អាមេរិក​ អីចឹង​គេធ្វើ​ ស្ទង់មតិ​ឃើញ​ Hillary ​ ឈ្នះ​ តែមែនទែនទៅលោក​ ​Trump។ ការធ្វើ ​ស្ទង់មតិ​ដោយ​សំណាក​ហ្នឹង យើង​គិត​ថា​ត្រូវតែ​ពេល​ខ្លះ​វា​អត់​ត្រូវ​ដែរ។​ គ.ជ.ប​ស្នើ​ឲ្យ​ស្ថាប័ន​នីមួយៗ​មាន​ការ​ទទួល​ខុស​ត្រូវ»។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) (ហ៊ុល រស្មី/VOA)

​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការបោះឆ្នោត​ បាន​ទទួល​យក​អ្នក​ស្ម័គ្រចិត្ត​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ជាង​ ៥ម៉ឺន​ នាក់​ នេះ​បើយោង​តាម​បញ្ជី​ផ្លូវ​ការចុង​ក្រោយ​គិត​ត្រឹមថ្ងៃទី ២២​ ឧសភា​ កន្លង​ទៅ។​ ក្នុងនោះ ក្រុម​អ្នក​សង្កេត​ការណ៍​ចំនួន​ច្រើន​ជាងគេ​ ​ដែល​មាន​ប្រមាណ​ជាង​ ២ម៉ឺន​៤ពាន់​ នាក់​ ចូល​រួម​តាមរយៈ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ជា​អង្គការ​យុវជន​ ​បង្កើត​ឡើង​ ដោយ​ ​លោក​ ហ៊ុន​ ម៉ានី​ កូន​ប្រុស​ពៅរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន យ៉ាងណា​ក៏​ដោយ​វិធី​សាស្រ្ត​សង្កេត​ការណ៍​បោះឆ្នោត​បែបថ្មី​របស់អង្គការ​តម្លាភាព​កម្ពុជា​ ​ជា​វិធី​សាស្ត្រ​ដាច់​ដោយ​ឡែក​មួយ​ពី​អង្គការ និង​ក្រុមអ្នក​ស្ម័គ្រ​ចិត្ត​សង្កេតការណ៍​ដទៃ​ទៀត៕