កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ បានចេញផ្សាយអត្ថបទរបស់ខ្លួនចុងក្រោយដោយដាក់ចំណងជើងថា «ធ្លាក់ចូលទៅក្នុងរបបផ្តាច់ការទាំងស្រុង» ឬ Descent Into Outright Dictatorship នៅមុនកាសែតដែលគ្រប់គ្រងដោយជនជាតិអាមេរិកាំងនេះបិទទ្វារកាលពី៣ឆ្នាំមុន។
ទម្ងន់ពន្ធដារជាង៦លានដុល្លារអាមេរិក ត្រូវបានគេដឹងទូលំទូលាយថា ជាហេតុផលសំខាន់ ដែលបានធ្វើឲ្យកាសែតដែលចេញផ្សាយជាភាសាអង់គ្លេសមួយនេះ មិនអាចបន្តដង្ហើមរបស់ខ្លួននៅកម្ពុជា ក្រោយពីបានដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។
ក៏ប៉ុន្តែ ៣ ឆ្នាំ មកនេះបញ្ញវន្តខ្មែរ និងអ្នកសង្កេតការណ៍អន្តរជាតិនៅចងចាំពីគុណតម្លៃនៃកាសែតមួយនេះ ដែលចូលរួមក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល និងការលាតត្រដាងអំពីពុករលួយ និងរឿងរ៉ាវអវិជ្ជមាននានានៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកសិក្សាស្រាវជ្រាវសង្គមមួយរូបនិយាយថា៖«ឌឹ ខេមបូឌា ដេលី កាលណោះ ខ្ញុំមែនទែនទៅ ខ្ញុំហាក់ដូចជាបាន តាមដាននូវការបោះពុម្ពរបស់គាត់ជារៀងរាល់ថ្ងៃ ព្រោះក្នុងហ្នឹងយើងឃើញមាន ស្ថិតិ ទិន្នន័យជាច្រើន ដែលយើងទទួលបានពីឌឹ ខេមបូឌា ដេលី ហើយក៏ដូចជាភ្នំពេញប៉ុស្តិ៍កាលពីសម័យនោះដែរ។ វាជាកាសែតពីរ ដែលសម្រាប់អ្នកស្រាវជ្រាវ គឺយើងមានទំនុកចិត្តទៅលើប្រភពព័ត៌មានដែលចេញពីកាសែតហ្នឹងបាទ»។
អ្នកវិភាគរូបនេះមានប្រសាសន៍ថា ការបិទផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី ដោយសារហេតុផលពន្ធដារនោះ គឺនៅតែជាមន្ទិលនៅឡើយ ខណៈរដ្ឋាភិបាល បានព្យាយាមកាត់បន្ថយការចេញផ្សាយព័ត៌មានដែលមិនលម្អៀង និងដែលផ្តិតពីភាពជាក់ស្តែងនៅសង្គមកម្ពុជា។
«សម្រាប់ជាការមើលឃើញរបស់ខ្ញុំ គឺការបិទនូវឌឹ ខេមបូឌា ដេលី នេះ វាជាផ្នែកមួយដែលរដ្ឋាភិបាល ព្យាយាមកាត់បន្ថយនូវការផ្សព្វផ្សាយដែលជាព័ត៌មានឯករាជ្យហើយ ក្នុងគោលបំណង ដើម្បីឲ្យពលរដ្ឋហ្នឹងបានស្តាប់តែពីប្រព័ន្ធផ្សព្វផ្សាយ...ជ្រុងម្ខាងរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ»។
ក្រោយការឈប់ដំណើរការរបស់កាសែតដែលមានបុគ្គលិកខ្មែរ និងបរទេសធ្វើការរួមគ្នានោះលោក មាស នី កត់សម្គាល់ថា ការធ្វើសេចក្តីរាយកាណ៍ព័ត៌មាននាពេលបច្ចុប្បន្ននេះ មិនសូវមានការប្រើពាក្យធ្ងន់ៗ ដូចទម្ងន់ពាក្យពេចន៍ដែលកាសែតមួយនេះ បានប្រើនោះទេ។
«ខ្ញុំមិនហ៊ានអះអាងថា វាមិនមានសារព័ត៌មានណាផ្សាយការណ៍ពិតអីនោះទេ គឺថា នៅមាន គ្រាន់តែថា ការផ្សាយព័ត៌មានពិតហ្នឹងវា ហាក់ដូចជាមានការថយចុះ និងទាំងពាក្យពេចន៍ ក្នុងការសរសេរអី យើងឃើញថា មានការប្រយ័ត្នប្រយែងជាងមុន...បានន័យថា លម្ហសារព័ត៌មានសម្រាប់សព្វថ្ងៃ មិនសូវជាទូលាយប៉ុន្មានទេ សម្រាប់ខ្ញុំមើល»។
កាសែតផ្សាយជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី ដែលជាសារព័ត៌មានឯករាជ្យក្នុងចំណោមសារព័ត៌មានឯករាជ្យ ដែលមានតិចតួចនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ បានសម្រេចចិត្តបញ្ឈប់ការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា នៅពេលរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងឲ្យបង់ពន្ធដែលមានតម្លៃជាង៦លានដុល្លារ។
មុនការបិទប្រតិបត្តិការរបស់ខ្លួនយ៉ាងតក់ត្រហល់នោះ ម្ចាស់កាសែតនេះ គឺលោកស្រី Deborah Krisher-Steele ហៅការចាប់បង្ខំឱ្យបង់ពន្ធដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជាថា ជាការសង្កត់សង្កិនមានលក្ខណៈនយោបាយ និងមានចេតនាបិទកាសែតមួយនេះ។ ក៏ប៉ុន្តែ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អះអាងថា កាសែតនេះជំពាក់ពន្ធរដ្ឋ។
បញ្ហាពន្ធដារនេះ ក៏បានស្ងប់ស្ងាត់ទៅអស់រយៈពេល៣ឆ្នាំមកនេះ បន្ទាប់ពីកាសែតមួយនេះ ដែលដើមឡើយជារបស់លោក Bernard Krisher បានរើការិយាល័យរបស់ខ្លួនចេញពីកម្ពុជា។
បច្ចុប្បន្ន សារព័ត៌មាននេះបន្តជីវិតរបស់ខ្លួន ដោយការផ្សាយព័ត៌មានខ្មែរ និងអន្តរជាតិតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក និង YouTube។ នេះបើតាមការបញ្ជាក់របស់លោកស្រី Deborah Krisher-Steele តាមសារអ៊ីម៉ែល។
លោកស្រី Deborah ដែលជាកូនស្រីបង្កើតរបស់លោក Bernard Krisher ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ឌឹ ខេមបូឌា ដេលី បាននិងកំពុងផ្សព្វផ្សាយតាមប្រព័ន្ធដែលគេអាចមើលឃើញអ្នកផ្សព្វផ្សាយ និងស្តាប់បានតាមប្រព័ន្ធ YouTube និងហ្វេសប៊ុក។ លោកស្រីមិនបានឆ្លើយសំណួរផ្សេងទៀតរបស់វីអូអេទេ ពាក់ព័ន្ធនឹងការយល់ឃើញរបស់លោកស្រីចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា និងការអនុវត្តសារព័ត៌មានបែបឯករាជ្យនៅកម្ពុជា។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ថា ការបន្តផ្សព្វផ្សាយរបស់ឌឹ ខេមបូឌា ដេលី តាមប្រព័ន្ធអនឡាញជាផ្នែកមួយនៃការបន្តផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ដឹងពីស្ថានភាពពិតនៅកម្ពុជា និងពិភពលោក ខណៈកាសែតនេះ លែងមានបុគ្គលិក និងការិយាល័យប្រចាំនៅកម្ពុជា។
លោករំឭកឡើងវិញថា កាសែត ឌឹ ខេមបូឌា ដេលីជាភាសាអង់គ្លេសបានផ្តល់ព័ត៌មានចម្រុះ និងដែលអាចជឿទុកចិត្តបាន ហើយបើគិតដល់សព្វថ្ងៃនេះ មិនទាន់ឃើញមានសារព័ត៌មានក្នុងស្រុកណាមួយ អាចធ្វើបានប្រហាក់ប្រហែលនឹងកាសែតឌឹ ខេមបូឌាដេលី ដែលផ្សាយជាភាសាអង់គ្លេសនោះទេ។
«ពីមុនមកធ្លាប់មានសរសេរអត្ថបទ ជារបៀប ជាព័ត៌មានស៊ើបអង្កេត...ព័ត៌មានជាស៊ើបអង្កេតទាក់ទងនឹងបញ្ហារសើបមួយចំនួនហ្នឹង ឃើញឌឹ ខេមបូឌាដេលី សរសេរពីមុនមក ដូចជាអំពើពុករលួយ ហ្នឹងហើយដូចការកាប់បំផ្លាញព្រៃឈើ ដូចជាទាក់ទងរឿងបញ្ហាការបោះឆ្នោតឌឹខេមបូឌាដេលីធ្វើ...ជាអត្ថបទរាយការណ៍ស៊ើបអង្កេតហ្នឹង ប៉ុន្តែក្រោយមក យើងកម្រឃើញមានសារព័ត៌មានជាភាសាអង់គ្លេសក្នុងស្រុកហ្នឹងធ្វើការសរសេរអត្ថបទរបៀបហ្នឹងទេ»។
លោកបន្តថា ការផ្សព្វផ្សាយរបស់កាសែតឌឹ ខេមបូឌាដេលី ជាភាសាបរទេស មានឥទ្ធិពលជាវិជ្ជមានលើការសម្រេចចិត្តរបស់រដ្ឋាភិបាលផងដែរ។
លោកនិយាយថា៖ «អ៊ីចឹងសរសេរជាភាសាបរទេសធ្វើឲ្យអន្តរជាតិគេមានការចាប់អារម្មណ៍ដែរ ហើយក្នុងហ្នឹងក៏ ធ្វើឲ្យមន្ត្រី ឬក៏អ្នកដែលនៅក្នុងស្រុកហ្នឹងក៏ចាប់អារម្មណ៍ដែរ។ ការចាប់អារម្មណ៍នេះ ក៏អាចជាការជួយជំរុញមួយដែរ បើសិនជាមានបញ្ហាក៏យើងឃើញថា មានការជួយក្នុងការដោះស្រាយ បញ្ហាហ្នឹងផងដែរបាទ»។
៣ឆ្នាំបន្ទាប់ពីការឈប់ដំណើរការរបស់កាសែតនេះនៅប្រទេសកម្ពុជា អ្នកការពារសិទ្ធិមនុស្សរូបនេះ កត់សម្គាល់ថា ស្ថានភាពរបស់អ្នកសារព័ត៌មាន ដែលមិនរណបនឹងរដ្ឋាភិបាល នៅប្រឈមបញ្ហាមួយចំនួន ដូចជាការរងនូវពាក្យបណ្តឹងពាក់ព័ន្ធនឹងការញុះញង់ជាដើម។
របាយការណ៍ប្រចាំឆ្នាំទី៤ស្តីពី«ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា»ចងក្រងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា អ្នកសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយព័ត៌មានត្រូវបានកំណត់ជាមុខសញ្ញាសម្រាប់រឹតត្បិតសេរីភាពមូលដ្ឋាន។ របាយការណ៍កត់ត្រាថា អ្នកសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានប្រឈមនឹងចំណាត់ការរបស់តុលាការ ដោយសារចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងសារព័ត៌មាន។ ចំណាត់ការរបស់តុលាការ ដែលត្រូវបានកត់ត្រារួមមានដីកាកោះហៅ ការសាកសួរ ការចាប់ខ្លួន និងការចោទប្រកាន់»។
របាយការណ៍ឲ្យដឹងទៀតថា ក្នុងបរិបទនៃវិបតិ្តជំងឺកូវីដ១៩ អ្នកសារព័ត៌មានមួយរូបដែលតែងប្រើប្រាស់ហ្វេសប៊ុកដើម្បីផ្សព្វផ្សាយ គឺលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មានអនឡាញ TVFB ត្រូវបានចាប់ខ្លួន ដោយសារលោកដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះតាមហ្វេសប៊ុក។ កាលពីខែឧសភា ឆ្នាំ២០២០អាជ្ញាធរបានចាប់ខ្លួនលោក សុខ ឧត្តម អ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំងពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានរាយការណ៍អំពីជម្លោះដីធ្លីរវាងសហគមន៍កសិករមូលដ្ឋាន និងមន្ត្រីមានអំណាច។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាក៏បានឲ្យដឹងពីការចាប់ខ្លួនមនុស្ស ដែលមានទំនាក់ទំនងជាមួយគណបក្សជំទាស់ ក្រោយពីពួកគេផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជំងឺកូវីដ១៩ នៅលើហ្វេសប៊ុករបស់ពួកគេដែលអាជ្ញាធរកម្ពុជាចោទថា«ព័ត៌មានក្លែងក្លាយ»។
ចំណែកការចោទប្រកាន់លើលោក យាង សុធារិន្ទ អតីតការីនិពន្ធ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូរបស់វិទ្យុអាស៊ីសេរី ពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ក៏មិនទាន់ត្រូវបានទម្លាក់ចោលដែរ។
វីអូអេ មិនអាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ប្រាប់វីអូអេថា ការបិទកាសែតឌឹខេមបូឌាដេលី គឺគ្មានហេតុផលណាក្រៅពីមិនគោរពកាតព្វកិច្ចបង់ពន្ធនោះទេ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលនឹងមិនរុញរាឲ្យកាសែតនេះ ឈរជើងនៅកម្ពុជាទេ ប្រសិនបើម្ចាស់កាសែតនេះយល់ព្រមទូទាត់កម្រៃពន្ធដារនោះ។
ស្របពេលដែលអ្នកឃ្លាំមើលសង្គមកម្ពុជាលើកឡើងថា កាសែតឌឹខេមបូឌាដេលី ជាសារព័ត៌មានដែលផ្សាយព័ត៌មានពិតឥតលម្អៀងនោះ អ្នកនាំពាក្យគណបក្សកាន់អំណាចថា កាសែតនេះ មានភាពលម្អៀងទៅរកគណបក្សជំទាស់ តែការលម្អៀងនោះ អាចទទួលយកបាន។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជន ខ្ញុំមើលឃើញគាត់ផ្សាយហ្នឹង វាមានលក្ខណៈលម្អៀងមួយចំនួន មិនមែនទាំងអស់ទេ។ វាមានលម្អៀងមួយចំនួនហើយ ក៏ប៉ុន្តែអាចទទួលយកបាន។ បើសិនណាគាត់មិនមានកំហុសខាងរឿងមិនបង់ពន្ធហ្នឹងអាហ្នឹងខ្ញុំយល់ថា គាត់បន្តធ្វើអាជីវកម្មបាន។ ហើយអ៊ីចឹង បើគាត់មិនបង់ពន្ធ ហាក់ដូចជាគាត់ផ្សាយហ្នឹងយករដ្ឋទៅធ្វើទ្រនាប់ អត់គោរពច្បាប់រដ្ឋមួយទាំងមូល ហើយគាត់ទៅធ្វើ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋហើយគាត់មិនគោរពច្បាប់អាហ្នឹងធ្វើម៉េចកើត?»
យ៉ាងក៏ដោយលោក Daniel Bastard នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកកាសែត គ្មានព្រំដែនបានប្រាប់ VOA ថា ការបិទកាសែតឌឹ ខេមបូឌា ដេលីគឺជាការរំលោភបំពានលើសេរីភាពសារព័ត៌មាន។ លោកបន្តថា ការអះអាងរបស់រដ្ឋាភិបាលកម្ពុជាថា កាសែតនេះ ចាំបាច់ត្រូវបង់ពន្ធជាង៦លានដុល្លារនោះ គឺពិតណាស់ថា ជា«ការបោកប្រាស់» ដោយសារគ្មានការធ្វើសវនកម្មពន្ធដារ។ លោកបន្តថា រឿងនេះមានហេតុផលនយោបាយ។
លោកបញ្ជាក់តាមសារអ៊ីម៉ែលថា៖ «កាសែតឌឹ ខេមបូឌាដេលី គឺជានិមិត្តរូបនៃសារព័ត៌មានសេរី និងឯករាជ្យ ហើយវាក៏ដូចជាសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្មែរដែរ។ ចាប់តាំងពីសសរស្តម្ភនេះត្រូវបានគេវាយបំបាក់នោះ លទ្ធិប្រជាធិបតេយ្យកម្ពុជាមិនបានចម្រើនទៅមុខទៀតនោះឡើយ។ គ្មានកាសែតឌឹ ខេមបូឌា ដេលី គឺស្ទើរតែដូចជាគ្មាននរណាម្នាក់ អាចធ្វើឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះគោលនយោបាយរបស់ខ្លួនទៀតនោះឡើយ»៕