មនុស្ស​បីនាក់​របួស ​ស្រប​ពេលមនុស្ស​រាប់​សែន​នាក់​​តវ៉ាប្រឆាំង​របប​យោធា​នៅ​មីយ៉ាន់ម៉ា

  • ​Reuters

ប៉ូលិសមីយ៉ាន់ម៉ាកំពុងចាប់ខ្លួនបុរសម្នាក់ដែលចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា នៅក្រុង Mawlamyine ក្នុងរដ្ឋ Mon ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ពួក​អ្នកគាំទ្រ​លោក​ស្រី ​Aung San Su Kyi មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​យោធា​បណ្តេញ​ចេញ​ពី​អំណាច​ បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិសនៅ​ថ្ងៃ​សុក្រ​នេះ ខណ:​ពេលពេល​ដែល​ក្រុម​បាតុករ​រាប់​សែន​នាក់ បាន​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទូទំាង​ប្រទេស ​ដើម្បី​ប្រឆាំង​នឹង​ការ​អំពាវឲ្យ​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​ទ្រង់​ទ្រាយ​ធំរបស់​របប​យោធា។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការតវ៉ាដោយសន្តិវិធីភាគច្រើនកើតឡើងទូទាំងប្រទសមីយ៉ាន់ម៉ា ដែលជាការតវ៉ាដ៏ធំបំផុតក្នុងពេលកន្លងមក ដើម្បីប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធាកាល​ពី​សប្ដាហ៍​មុន មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ឧត្តមសេនីយ៍​ដែល​ដឹក​នាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ។

មន្ត្រី​អង្គការ​កាកបាទ​ក្រហម​មីយ៉ាន់ម្នាក់​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មនុស្ស​បី​នាក់​ បាន​រង​របួស​ នៅ​ពេល​ប៉ូលិស​បាញ់​គ្រាប់ជ័រ​ ដើម្បី​បំបែក​ហ្វូង​បាតុករ​រាប់​ម៉ឺន​នាក់​ នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mawlamyine។

វីដេអូដែលផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរីបង្ហាញពីក្រុមប៉ូលិសសម្រុកទៅកាន់ក្រុមបាតុករ រួចចាប់បាតុករម្នាក់ វាយសំពងក្បាលបាតុករនោះ។ បន្ទាប់មកក្រុមបាតុករបានគប់ដុំថ្មដាក់ប៉ូលិស មុនប៉ូលិសបាញ់គ្រាប់ជ័រ។

លោក Kyaw Myint មន្ត្រីកាកបាទក្រហម ដែលបានឃើញហេតុការណ៍ប៉ះទង្គិចនេះ បាននិយាយថា៖ «មនុស្សបីនាក់ត្រូវគេបាញ់ [គ្រាប់ជ័រចំ] ជាស្ត្រីម្នាក់ត្រូវចំពោះ បុរសម្នាក់ត្រូវចំថ្ពាល់ និងបុរសម្នាក់ទៀតត្រូវចំដៃ»។

លោក Myint បន្ថែមថា៖ «ក្រុមបាតុករនៅបន្តកើនឡើង»។

នៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងធំបំផុត វេជ្ជបណ្ឌិតរាប់រយនាក់ក្នុងឯកសណ្ឋានពណ៌ស ដើរក្បួន តវ៉ាឆ្លងកាត់វត្ត Shwedagon ទីគោរពបូជាផ្នែកសាសនាដ៏ធំបំផុតប្រចាំប្រទេសមីយ៉ាន់ម៉ា ស្របពេល ដែលនៅផ្នែកមួយផ្សេងទៀតនៃទីក្រុង ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ ស្លៀកឈុតកីឡា ដើរក្បួនកាន់បដាបរិហារយោធា៕